អ្នកភូមិដែលជាប់ពាក់ព័ន្ធក្នុងវិវាទិដីធ្លីនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានកោះហៅឲ្យមកបង្ហាញខ្លួននៅសាលាដំបូងខេត្តដើម្បីសាកសួរកាលពីម្សិលមិញថ្ងៃនេះ និងថ្ងៃពុធពាក់ព័ន្ធពាក្យបណ្តឹងដែលក្រុមហ៊ុនកសិពាណិជ្ជកម្មម៉ាឡេស៊ី ប្តឹងពីការបំផ្លាញទ្រព្យសម្បត្តិ ប៉ុន្តែពួកគាត់បានធ្វើពហិការមិនចូលរួមសវនាការនោះទេដោយសារតែកំហុសនីតិវិធី។
លោក ស សាវុធ ចៅក្រមស៊ើបសួរបានកោះហៅអ្នកភូមិ១២នាក់មកពីឃុំស្រយង់ បន្ទាប់ពីពួកគាត់បានដុតបំផ្លាញខ្លោងទ្វារចូលដែលសាងសង់ដោយក្រុមហ៊ុន FP Co, Ltd កាលពីខែតុលា។ ដំបូងឡើយ វិវាទដីធ្លីនេះបានកើតឡើងកាលពីឆ្នាំ២០១១ បន្ទាប់ពីក្រុមហ៊ុន FP បានចាប់ផ្តើមរានដីទំហំ១.០០០ហិកតាដែលអ្នកភូមិលើកឡើងថា ពួកគាត់បានកាន់កាប់រយៈពេលមួយទសវត្សរ៍មកហើយ។
កាលពីខែតុលា អ្នកភូមិមានកំហឹងពីការដែលក្រុមហ៊ុននេះបានសាងសង់ខ្លោងទ្វារចូលកាត់ផ្លូវដែលអ្នកភូមិធ្លាប់ដើរទៅកាន់ដីរបស់ពួកគាត់ ដូច្នេះ អ្នកភូមិបានដុតបំផ្លាញខ្លោងទ្វារចូលនោះតែម្តង។
លោក ហួន ចាន់ធឿន តំណាងអ្នកភូមិដែលត្រូវបានកោះហៅឲ្យទៅបង្ហាញខ្លួននៅតុលាការនៅថ្ងៃនេះបានលើកឡើងថា លោកចៅក្រម សាវុធ មិនបានចេញដីកាកោះអញ្ជើញមេធាវីការពារអ្នកភូមិទៅតុលាការឡើយ។ លោកបាននិយាយថា “យើងធ្វើពហិការមិនព្រមបង្ហាញខ្លួននៅតុលាការ ពីព្រោះដីកាកោះនេះមិនយុត្តិធម៌ឡើយ ជាពិសេសដោយសារចៅក្រមរូបនេះមិនបានអញ្ជើញមេធាវីការពាររបស់យើងទៅជាមួយពួកយើង”។
លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា “អ្នកភូមិត្រូវបានតំណាងដោយមេធាវីមកពីអង្គការសិទ្ធិមនុស្សអាដហុកដោយមិនយកកម្រៃ៕សារុន