និយោជកបានឲ្យដឹងកាលពីម្សិលមិញថា លោក សួន ច័ន្ទ អាយុ៤៤ឆ្នាំ ដែលបម្រើការឲ្យសារព័ត៌មាន មាគ៌ា ដែលចេញផ្សាយយូរៗម្តង និងមិនសូវជាល្បីល្បាញ បានស្លាប់ដោយសារមុខរបួសរបស់ខ្លួន បន្ទាប់ពីលោកត្រូវបានបុរសពីរនាក់វាយប្រហារដោយគល់ឫស្សីកាលពីយប់ថ្ងៃសុក្រ នៅក្នុងស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។
លោក សៀង សេង ដែលបោះពុម្ពផ្សាយកាសែតមាគ៌ាយូរៗម្តង បានមានប្រសាសន៍ថា លោ ក សួន ច័ន្ទ ទំនងជាគោលដៅវាយប្រហារ បន្ទាប់ពីចេញផ្សាយអត្ថបទស្តីពីការនេសាទខុសច្បាប់នៅក្នុងតំបន់នោះ។
លោក ប្រាក់ វុទ្ធី ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលកំពុងស៊ើបអង្កេតករណីនេះនៅឡើយ និងដើមហេតុនាំឲ្យមានការវាយប្រហារនេះ ។ លោកបានឲ្យដឹងថា “នគរបាលព្រហ្មទណ្ឌកំពុងតែស្វែងរកជនសង្ស័យ”។
យោងតាមលោក សៀង សេង បានឲ្យដឹងថា លោក សួន ច័ន្ទ ត្រូវបានវាយប្រហារនៅក្បែរផ្ទះរបស់គាត់។ នៅពេលឮសំឡេងស្រែករបស់គាត់ឲ្យជួយ ប្អូនប្រុសរបស់គាត់ឈ្មោះ សួន ឈឹ ម អាយុ២២ឆ្នាំ និងអ្នកភូមិម្នាក់ទៀត ឈ្មោះ អែន កូ អាយុ២៧ឆ្នាំ បានរត់ទៅជួយគាត់ ប៉ុន្តែក៍ត្រូវបុរសទាំងពីរនាក់នោះវាយនឹងគល់ឫស្សីដែរ។ លោក សួន ច័ន្ទ បានស្លាប់ដោយសារមុខរបួសរបស់គាត់តាមផ្លូវទៅកាន់មន្ទីរពេទ្យ រីឯលោក ឈឹម និង លោក កូ បានធូរស្រាលឡើងវិញកាលពីល្ងាចម្សិលមិញ នៅឯមន្ទីរពេទ្យបង្អែកខេត្ត។
លោក សៀង សេង បានមានប្រសាសន៍ថា “លោក ច័ន្ទ ធ្វើការឲ្យសារព័ត៌មាន មាគ៌ារយៈពេ លបីឆ្នាំហើយ”។ គាត់ជាសកម្មជនដែលថតយករូបភាព និងខ្សែវីដេអូអំពីការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្ស និងការកាប់ព្រៃឈើខុសច្បាប់នៅក្នុងដែនទឹកជម្រកត្រីពង”។ លោកបានចាត់ទុកថា ការសម្លាប់នេះគឺជា “ការសងសឹក”។
លោក សេង បានឲ្យដឹងថា លោក សួន ច័ន្ទ មានអត្ថបទចំនួនបីចេញផ្សាយកាលពីខែមុនអំពីបុរសដែលលោកបានឃើញប្រើឧបករណ៍ឆក់ត្រីបានចំនួនច្រើន។ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាកាលពីម្សិលមិញបានជម្រុញឲ្យនគរបាលស្វែងរកឃាតករ។ លោកបានមានប្រសាសន៍ថា “ខ្ញុំអំពាវនាវឲ្យនគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនជនដៃដល់ទាំងនោះ និងផ្តន្ទាទោសពួកគេ។ នគរបាលស្គាល់ជនសង្ស័យ ប៉ុន្តែពួកគេនៅមិនទាន់ចាប់ខ្លួនបាននៅឡើយ”៕ ប៊ុននី