29 C
Phnom Penh

ឯកអគ្គរដ្ឋទូត​អាមេរិក​រិះ​គន់​រដ្ឋា​ភិបាល​កម្ពុជា​ជុំ​វិញ​បញ្ហា​អំពើ​ពុក​រលួយ​ និង​កង្វះ​ឱកាស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោកឯកអគ្គរដ្ឋ​ទូត​ សហ​រដ្ឋ​អាមេរិក វីលៀម ថុត (William Todd) បាន​ប្រើ​ប្រាស់​ទំព័របញ្ចេញមតិប្រចាំ​សប្តាហ៍​របស់​លោក​ ​ដើម្បីជំរុញ​ឲ្យ​រដ្ឋាភិ​បាល​នៃ​ប្រទេស​កម្ពុជា​ អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ឲ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​សេដ្ឋ​កិច្ច​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ស្មើ​គ្នា​ កាត់​បន្ថយ​អំពើ​ពុក​រលួយ​ ស្តារ​ឡើង​វិញ​នូវ​សេរី​ភាព​លទ្ធិប្រជាធិបតេយ្យ​ និង​ឆ្លើយ ​តប​ទៅ​នឹង​ក្តី​កង្វល់​ទូទៅ​របស់​ប្រជាជន​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​។

លោក​​ វីលៀម ថុត បាន​លើក​ឡើង​នៅ​លើ​ទំព័របញ្ចេញមតិ​ របស់​​កាសែត​ជា​ភាសា​ខ្មែរ​ឈ្មោះ រស្មីកម្ពុជា និង​គេហទំព័រ​ព័ត៌​មា​ន​​ Cambodia Express News​  ថា “អំពើ​ពុក​រលួយ​ និង​បក្ស​ពួក​និយម​ ចូល​រួម​ចំណែក​ក្នុង​សកម្ម ភាព​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​ ដែល​ប្រជាជន​ខ្មែរ​​មាន​ជីវភាព​ក្រីក្រ​ និង​មិន​មាន​បណ្តាញ​គ្រួសារ​ ជួប​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​”។ លោកឯកអគ្គរដ្ឋ​ទូត​រូប​នេះ​បាន​សរសេរ​បន្តទៀត​ថា “នៅ​ពេល​​ប្រជាជន​ខ្មែរ​សាមញ្ញ​ឃើញ​ឱកាស​តិច​តួច​សម្រាប់​ភាព​រីក​ចម្រើន​ ឬ​ក៏​មាន​អារម្មណ៍​ថា អ្នក​មាន​អំណាច​មិន​ស្តាប់​ក្តី​កង្វល់​របស់​ពួកគាត់​ ពួកគាត់​ពិ​ត​ជា​ចង់​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​”។

លោក វីលៀម ថុត បាន​មាន​ប្រសាសន៍​បែប​នេះ មួយ​សប្តាហ៍​បន្ទាប់​ពី​រដ្ឋាភិបាល បាន​ចោទ​ប្រកាន់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​ទទួល​មូលនិធិ​ពី​សហរដ្ឋអាមេរិក​ និង​អង្គការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ថា បាន​​ឃុប​ឃិតគ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ធ្វើ​បដិវត្ត​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

លោកបាន​លើក​ឡើង​បន្ត​ទៀត​ថា រដ្ឋាភិ​បាលត្រូវ​តែ​ផ្តាស់​ប្តូរ​ឥរិយាបថ​កាលពី​ខែ​មុន​ ដូចជា​ ការ​បង្ក្រាប​បាតុកម្ម​ ចាប់ខ្លួន​សកម្មជន​ និង​ដាក់​សម្ពាធ​លើ​មជ្ឈ​ដ្ឋាន​ប្រឆាំង ​ជាដើម​​ ដោយ​បើក​ផ្លូវ​សម្រាប់​ការ​កែ​ទម្រង់​។ បើ​មិន​ដូច្នេះ​ទេ​ ឥរិយាបថ​ទាំង​នេះអាចនឹងធ្វើ​ឲ្យ​ខូច​ខាត​ដល់​សេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា​។

លោក​បាន​លើក​ឡើង​ថា “ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​បាន​ជំរុញ​ឲ្យ​កម្មវិធី​កំណែ​ទម្រង់​ [សេដ្ឋកិច្ច​ និង​សង្គម​នយោបាយ​] ដើរ​ថយ​ក្រោយ​យ៉ាង​ច្រើន​។ បើ​មិន​មាន​កម្មវិធី​កំណែ​ទម្រង់​ទេ​ ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​”។ លោកឯកអគ្គរដ្ឋ​ទូត​អាមេរិករូប​នេះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ប្រសិន​បើ​ដំណើរ​ថយ​ក្រោយ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ កាលពីពេល​ថ្មី​ៗនេះ​ ក្លាយ​ជា​រឿង​ធម្មតា​ថ្មី​​​នោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ នឹង​បោះ​ជំហាន​ថយ​ក្រោយ​យ៉ាង​ឆ្ងាយ​”។

ដើម្បី​គាំទ្រ​ដល់ប្រសាសន៍​របស់​ខ្លួន លោក វីលៀម ថុត បាន​លើក​ឡើង​អំពី​លទ្ធផល​ចុះ​អង្កេត​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ (International Rep​ublican Instutute) ដែល​ទទួល​មូលនិធិ​ពី​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​​ថា យោបល់​សាធារណជន​ទាក់​ទង​ទៅ​នឹង​រដ្ឋា​ភិបាល​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ បើ​គិត​ពី​ខែ​មករាមក​ ហើយ​៤៣ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លើយ​តប​សម្ភាស​បាន​​លើក​ឡើង​ថា ប្រទេស​​កម្ពុជា​​​ កំពុងតែ​​ត្រូវ​បាន​ដឹក​នាំ​ក្នុង​ទិស​ដៅ​ខុស​។ គួរ​បញ្ជាក់​ថា វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរ​ជាតិ​បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​​​អនុវត្ត​​ គម្រោង​ចុះ​អង្កេត​នេះ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

លោក​ វីលៀម ថុត បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ហើយ​រឿង​នេះ​បាន​កើត​ឡើង ​មុន​ពេល​មាន​អំពើ​ហិង្សា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​ការ​រឹត​បន្តឹង​លើ​សកម្ម​ភាព​ជួប​ជុំ​របស់​សាធារណ​ជន​”។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យនៅ​ទីស្តីការ​គណៈ​​រដ្ឋមន្ត្រី​​ បាន​លើក​ឡើង​ថា រដ្ឋបាល​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​ធ្វើ​ការ​​​ងារ​លើ​កម្មវិធី​កំណែ​ទម្រង់​តាម​អនុសាសន៍​របស់​លោក វីលៀម ថុត ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ត្រូវ​ការ​ប្រទេស​ផ្សេង​ជួយ​យើង​ទេ​”។ លោក​បាន​មាន​ប្រ​សាស​ន៍​បន្ថែមទៀត​ថា “[លោក វីលៀម ថុត] ត្អូញ​ត្អែរ​​ពី​បញ្ហា​បក្ស​ពួក​និយម​ និង​អំពើ​ពុករលួយ​។ រដ្ឋាភិបាល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ចំពោះ​រឿង​នេះ​។ បញ្ហាទាំង​នេះ​មិន​អាចត្រូវ​បាន​​​​​ដោះ​ស្រាយ​ឆាប់​ៗ​​បាន​ទេ​”។

លោក ផៃ ស៊ីផាន បាន​លើក​ឡើង​បន្ថែម​ទៀត​​ថា​ ការ​បន្តឹង​សិទ្ធិ​ជួប​ជុំ​ ដែលធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​នៃ​លទ្ធិប្រជាធិបតេយ្យ។​ លោ​​​ក​​មាន​ប្រសាសន៍​ ថា “យើង​មិន​មែន​ជា​ទិស​ដៅ​ខុស​ទេ​ វា​ជា​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​ពង្រឹង​ច្បាប់​ បទ​បញ្ជា​ និង​លទ្ធិ​ប្រជាធិបតេយ្យ​។ លទ្ធិប្រជា​ធិប តេយ្យ​នេះ មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​បង្ក​ភាព​ចលាចល​នៅ​តាម​វិថី​ឡើយ”​៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស