38 C
Phnom Penh

រថយន្ត​ដឹក​កម្មករ​រោង​ចក្រ​កាត់​ដេរ​ក្រឡាប់​នៅ​ខេត្ត​ស្វាយ​រៀង​បណ្តា​ល​ឲ្យ​រង​របួស​ជាច្រើននាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​ និង​មន្ត្រី​សុខាភិ​បាល​​​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា កម្មករ​រោង​ចក្រ​​កាត់​ដេរ​យ៉ាង​តិច​ចំនួន​៨៦​នាក់​បាន​រង​របួស​ នៅ​ពេល​រថយន្ត​បីតោន​ ដែល​កម្មករ​រោង​ចក្រ​​កាត់​ដេរទាំង​នេះ​កំពុង​​​ជិះ​ បាន​ក្រឡាប់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​ខេត្ត​ស្វាយ​រៀង​ កាល​ពី​ព្រឹក​ម្សិល​មិញ​។

មន្ត្រី​នគរបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​បាន​ដឹកមនុស្ស​ប្រហែល​១០០​នាក់​នៅ​ពេល​រថយន្ត​នេះ​បែក​កង់​មុខ​ម្ខាង​​ ដោយ​ធ្វើ​ឲ្យ​​អ្ន​ក​បើក​បរ​ដែល​បាន​រត់​គេច​ចេញ​ពី​កន្លែង​កើត​​ហេតុ​ភ្លាមៗ​ បាត់​បង់​ការ​គ្រប់​គ្រង​​លើ​រថ​យន្ត​របស់​ខ្លួន​ ហើយ​រថយន្ត​នេះ​​បាន​ក្រឡាប់​តែ​ម្តង​។

លោក​ អ៊ូច សារ៉ាន​ នាយ​ការិយាល័យ​នគរ​​បាល​ចរាចរ​​ខេត្ត​ស្វាយរៀង ​បាន​មាន​ប្រសា​សន៍​​ថា​ “ពួក​គាត់​កំពុង​តែ​ជិះ​រថយន្ត​ទៅ​ធ្វើ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត​ នៅ​​​​វេលា​ម៉ោង​ប្រហែល​៦​និង​១៥​នាទី​ព្រឹក​”​។

លោក​ កែ​ រដ្ឋា​ ប្រធាន​មន្ទីរ​សុខាភិ​បាល​​ខេត្ត​ស្វាយ​រៀង​វិញ​បាន​ឲ្យ​ដឹង​ថា កម្មករ​​​រោង​​ចក្រ​កាត់​ដេរ​ចំនួន​៨៦​នាក់​ ​ត្រូវ​បាន​ដឹក​យក​មក​ព្យាបាលនៅ​មន្ទីរ​ពេ​ទ្យ​​ ហើយ​​​ក្នុង​នោះ​មាន​កម្មការីនី​ចំនួន​​១១នាក់​បាន​រង​របួស​ធ្ងន់​។ លោក​បាន​បន្ត​ទៀត​ថា កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​​ ក៏មាន​គ្រោះ​ថ្នាក់ស្រដៀង​គ្នានេះ​ចំនួន​បី​ករណី​ផង​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “កម្មករ​រោង​​ចក្រ​កាត់​ដេរ​ចំនួន​១១នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​៨៦​នាក់​ដែល​ត្រូវ​បាន​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ បាន​រង​របួស​​​ធ្ងន់​ត្រង់​ដង​ខ្លួន​”។ លោក​បាន​បន្ថែម​ថា កម្មករ​​​ចំនួន​ប្រាំនាក់​បាន​បាក់​ដៃ​ ហើយ​កម្មករ​ម្នាក់​ទៀត​​ដែលរង​របួស​ធ្ងន់​ត្រង់​ក្បាល​ ត្រូវ​បាន​បញ្ជូន​មក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ក្នុង​រាជ​ធានី​ភ្នំពេញ​។

រូប​ភាព​នៃ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ជិះ​ប្រជ្រៀត​គ្នា​លើ​រថយន្ត​ដែល​គ្មាន​ដំបូល​ត្រូវ​បាន​ឃើញ​ជា​ញឹក​ញាប់​នៅតាម​ផ្លូវ​ក្នុង​​ប្រទេស​កម្ពុជា​ ហើយ​រូប​ភាព​នេះ​មើ​ល​ទៅ​វា​គួរ​ឲ្យ​គ្រោះ​ថ្នាក់​ណាស់​ ដោយ​ភាព​ជាក់​ស្តែង​​​​​​នោះ​ មាន​គ្រោះ​ថ្នាក់​មួយ​ចំនួន​ត្រូវ​បាន​​រាយ​ការណ៍​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។ កាល​ពី​ខែ​វិច្ឆិកា​ មនុស្ស​ចំនួនប្រាំ​ពីរ​នាក់​បាន​ស្លាប់​ និង​១៧នាក់​ផ្សេង​ទៀង​រង​របួស​ធ្ងន់​ នៅពេល​រថយន្ត​​ដឹក​ដំឡូង​មី​យ៉ាង​ហៀរ​ហូរ​ ដែល​មាន​កម្មករ​ចំនួន​២៧​នាក់​កំពុង​តែ​ជិះ​ពី​លើ​ផង​នោះ​ បាន​ក្រឡាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ​បន្ទាប់​ពី​វេចុះ​វេឡើង​រួច​បាត់​បង់​ការ​គ្រប់​គ្រង​។

ដោយ​ឡែក​កាល​ពី​ខែ​មិថុនា​វិញ​ រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​កម្មករ​រោង​ចក្រ​កាត់​ដេរ​ចំនួន​១៦​នាក់​បាន​បុក​ជាមួយ​នឹង​រថភ្លើង​​ដឹក​ទំនិញ​របស់​ក្រុម​ហ៊ុន​ Toll Royal Railway នៅ​ក្នុង​​​ខេត្ត​កណ្តាល​ ដោយប​ណ្តាល​ឲ្យ​កម្មករ​ជា​ស្ត្រី​​ចំនួន​១២​នាក់​បាន​រង​របួស។

លោក​ ឌែវ​ វេល​ (Dave Welsh)​ ប្រធាន​មជ្ឈ​​មណ្ឌល​អាមេរិកាំង​ដើម្បី​សាមគ្គី​ភាព​ការ​ងារ​អន្តរជាតិ (American Center for International Labor Solidarity )ប្រចាំ​ប្រទេស​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា និយោជក​ និង​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​បែប​នេះ​។ លោក​ ឌែវ វេល បាន​មាន​ប្រសាសន៍​បន្ថែ​ម​​​​​ទៀត​ថា “ការទទួល​ខុស​ត្រូវ​គឺ​វា​ចាប់​ផ្តើម​​នៅ​ពេល​​កម្មករ​ចាក​ចេញ​​ពី​ផ្ទះ​​របស់​ខ្លួន​​រួចធ្វើ​ដំណើរ​​ទៅ​កាន់​រោង​ចក្រ​។​ ហើយ​បើ​យោង​​​តាម​ច្បាប់​វិញ​​មាន​ចែង​ចំពោះ​ការ​ផ្តល់​ប្រាក់​សំណង​បែប​នេះ​ ប៉ុន្តែ​មិនដែល​​មាន​ការ​អនុវត្ត​ន៍​នោះ​ទេ​។ តើ​កម្មករ​ទទួល​បាន​ប្រាក់​សំណង​ពេញ​លេញ​ ដែរ​ឬ​ទេ ហើយ​ថា តើ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​​បែបនេះ​គួរ​តែត្រូវ​បាន​​ទប់​ស្កាត់​យ៉ាង​ដូច​ម្តេច”​៕​ស៊ុយ​ឈាង​

(រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស