រថយន្តក្រុងសាធារណៈចំនួន១០គ្រឿងរបស់សាលារាជធានីភ្នំពេញគ្រោងនឹងចេញដំណើរនៅព្រឹកនេះ ដើម្បីចាប់ផ្ដើមការសាកល្បងសេវារថយន្តក្រុងសាធារណៈរយៈពេលមួយខែតាមបណ្ដោយផ្លូវតែមួយគត់ គឺតាមមហាវិថីព្រះមុនីវង្ស។
ប្រសិនបើទទួលបានជោគជ័យ ផ្លូវរថយន្តក្រុងនេះនឹងក្លាយជាជំហានដំបូងនៅក្នុងការបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍កាន់តែខ្លាំងឡើងនៅក្នុងរាជធានីភ្នំពេញ។
សេវារថយន្តក្រុងប្រចាំថ្ងៃដែលអ្នកដំណើរម្នាក់ៗត្រូវចំណាយប្រាក់១.៥០០រៀលដើម្បីទិញសំបុត្រជិះនោះ នឹងចាប់ផ្ដើមរត់ពីម៉ោង៥និង៣០នាទីព្រឹក រហូតដល់ម៉ោង៨និង៣០នាទីយប់ ចេញពីចំណុចរង្វង់មូល “ស្ដាតចាស់” ក្បាលស្ពានជ្រោយចង្វារ ឆ្ពោះទៅច្បារអំពៅ ដោយត្រូវឈប់ចំនួន៣៦ចំណតពេលធ្វើដំណើរតាមផ្លូវនេះ។
រថយន្តក្រុងសាធារណៈនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ដែលសង្ឃឹមថា លើកនេះវានឹងទទួល បានការពេញនិយមជាងកាលពីឆ្នាំ២០០១ ដែលនៅពេលនោះ JICA បានដកសេវាកម្មសាកល្បងរថយន្តក្រុងសាធារណៈរយៈពេលពីរខែដូចគ្នានេះដោយសារសាធារណជនមិនសូវចាប់អារម្មណ៍។
ក្នុងរយៈពេលមួយខែកន្លងមកនេះចំណតរថយន្តក្រុងតាមបណ្ដោយផ្លូវនេះត្រូវបានបាញ់ថ្នាំពណ៌សជាសញ្ញាសម្គាល់នៅលើគែមផ្លូវអមជាមួយនឹងសញ្ញាបង្ហាញពីព័ត៌មានផ្លូវនិងពេលត្រូវឈប់ទាំងជាភាសាខ្មែរ ទាំងជាភាសាអង់គ្លេសខណៈពេលដែលយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយបាននឹងកំពុងជំរុញឲ្យសាធារណជន “សាកល្បងអ្វីដែលថ្មីនៅខែកុម្ភៈនេះ”។
ត្រង់ចំណុចថា តើសាធារណជននឹងផ្ដោតការយកចិត្តទុកដាក់លើសំណើនេះ ហើយចាប់ផ្ដើមជិះរថយន្តក្រុងសាធារណៈនេះ ឬក៏មិនអើពើនឹងការព្យាយាមបញ្ចុះបញ្ចូលពួកគាត់កុំឲ្យប្រើប្រាស់សេវាដឹកជញ្ជូនឯកជន ឬជិះរ៉ឺម៉កម៉ូតូកង់បី និងម៉ូតូឌុបជាថ្មីម្ដងទៀតឬយ៉ាងណានោះ វានឹងបង្ហាញឲ្យឃើញច្បាស់ក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែនៅតាមចំណតតាមបណ្ដោយផ្លូវរថយន្តក្រុងសាធារណៈនេះកាលពីម្សិលមិញ ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់មិនប្រាកដថា តើប្រព័ន្ធរថយន្តក្រុងនឹងអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបាន ឬក៏គ្រាន់តែជាការបំផ្លើសនោះទេ។ នៅជិតចំណតលេខ៩ នៅវត្តកោះ អ្នកស្រី រ័ត្ន ម៉ារិន អាយុ៣៩ឆ្នាំដែលបើកបរម៉ូតូផ្ទាល់ខ្លួនរបស់គាត់ទៅធ្វើការជារៀងរាល់ថ្ងៃនិយាយថា អ្នកស្រីមិនទាន់ទទួលបានដំណឹងស្ដីពីសេវារថយន្តក្រុងនេះនៅឡើយទេ ប៉ុន្តែគាត់គិតថា ផលអវិជ្ជមានប្រហែលមានច្រើនជាងផលវិជ្ជមាន។
អ្នកស្រីនិយាយថា “វានឹងជួយសន្សំសំចៃប្រាក់របស់ប្រជាពលរដ្ឋ ហើយខ្ញុំគិតថា វាជារឿងល្អ ដែលសាលារាជធានីកំពុងព្យាយាមផ្ដល់រថយន្តក្រុងសាធារណៈ ប៉ុន្តែវានឹងបង្កើនបញ្ហាចរាចរណ៍ មិនមែនដោះស្រាយវានោះទេ ហើយប្រជាពលរដ្ឋនឹងត្រូវចំណាយពេលរង់ចាំកាន់តែយូរ”។ អ្នកស្រី រ័ត្ន ម៉ារិន បាននិយាយបន្ថែមទៀតថា ប្រសិនបើអ្នកស្រីត្រូវការទៅណាប្រញាប់អ្នកស្រីនឹងជិះម៉ូតូឌុប គឺមិនរង់ចាំនៅចំណតរថយន្តក្រុងទេ។
លោក ឆន ខ្នា អាយុ៤១ឆ្នាំ ជាអ្នកប្រកបមុខរបបរត់រឺុម៉កម៉ូតូកង់បី ដែលកន្លែងដែលគាត់ធ្លាប់តែចតត្រូវបានជំនួសដោយចំណតរថយន្តក្រុងនៅខាងក្រៅស្ថានទូតបារំាងនោះ និយាយថា គាត់មិនសូវព្រួយបារម្ភចំពោះការបាត់បង់អតិថិជនដែលងាកទៅជិះរថយន្តក្រុងប៉ុន្មានទេ។ គាត់បាននិយាយទៀតថា “តម្លៃរាងថោកជាងធុកៗបន្ដិច ដូច្នេះខ្ញុំនឹងត្រូវរង់ចាំមើល ប៉ុន្តែខ្ញុំគិតថា អ្នកដំណើរនឹងធុញទ្រាន់ក្នុងការរង់ចាំ ពីព្រោះវាចំណាយពេលយូរទម្រាំទៅដល់គោលដៅរបស់ពួកគេ”៕ សុខុម