ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់មកពីស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគគ្រុនផ្តាសាយបក្សីលើកដំបូងនៅឆ្នាំនេះ បន្ទាប់ពីមានការឆ្លងមេរោគនេះខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ ពេលមនុស្ស១២នាក់ស្លាប់ដោយសារវា។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកលើកឡើងក្នុងសេចក្តីថ្លែងការណ៍ រួមមួយថា “ករណីដំបូងនៅឆ្នាំនេះ គឺក្មេងប្រុសអាយុ៥ឆ្នាំម្នាក់មកពីភូមិ ចុងដា ឃុំត្បូងក្រពើ…ដែលត្រូវបានវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា មានផ្ទុកមេរោគគ្រុន ផ្តាសាយបក្សី H5N1នៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៤ ”។
ដំបូងក្មេងប្រុសនេះចេញរោគសញ្ញាដែលស្រដៀងគ្នានឹងអាការៈគ្រុនផ្តាសាយធម្មតា កាលពីថ្ងៃទី២៤ខែមករា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនរហូត ទាល់តែស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗ។
លោក ដេនីស ឡូរ៉ង់ អនុប្រធានមន្ទីរពេទ្យ គន្ធបុប្ផាបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្មេងប្រុសរូបនេះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលជាផ្នែកមួយនៃមន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងខេត្តសៀមរាប ដែលនៅទីនោះគេបានប្រើថ្នាំ តាមីហ៊្លូដែលជាថ្នាំសម្លាប់មេរោគគ្រុនផ្តាសាយបក្សីក្នុងខ្លួនមនុស្ស។
លោកវេជ្ជបណ្ឌិត ឡូរ៉ង់ បានឲ្យដឹងកាលពីម្សិលមិញថា “ក្មេងប្រុសនេះនៅរស់នៅឡើយទេ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ យើងសង្ឃឹមថា ក្មេងប្រុសនេះនឹងជាសះស្បើយ ហើយយើងកំពុងព្យាយាម”។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់តាំងពីករណីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៥មក មនុស្សសរុប៤៨នាក់បានឆ្លងមេរោគ H5N1 នេះភាគច្រើនជាកុមារដែលបានប៉ះពាល់មាន់ទាឈឺ។ មានអ្នកជំងឺ១៦នាក់ប៉ុណ្ណោះដែលរួចផុតពីសេចក្តីស្លាប់។
តាមរយៈការផ្សព្វផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញ លោក Beat Richner ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផាបានអះអាងថា កុមារទាំងប្រាំបីនាក់ដែលបានមកព្យាបាលជំងឺគ្រុនផ្តាសាយបក្សីនៅមន្ទីរពេទ្យរបស់លោកកាលពីឆ្នាំមុន គឺ មិនត្រូវបានព្យាបាលដោយ ប្រើថ្នាំ តាមីហ៊្លូ ដែលប្រសិទ្ធភាពបំផុតប្រសិនបើអ្នកជំងឺប្រើវាពេលធ្លាក់ខ្លួនឈឺអំឡុងរយៈពេល៤៨ម៉ោងដំបូងឡើយ។ លិខិតផ្សព្វផ្សាយនេះមានខ្លឹមសារថា“កាលពីឆ្នាំ២០១៣ យើងអាចសង្គ្រោះកុមារ ដែលឆ្លងមេរោគគ្រុនផ្តាសាយបក្សីបានប្រាំបីនាក់ ប៉ុន្តែ មិនមែនដោយសារតែថ្នាំ តាមីហ៊្លូ ដូចការលើកឡើងរបស់អង្គការសុខភាពពិភពលោកទេ។ការប្រើថ្នាំ តាមីហ៊្លូ ក្នុងករណី ឈឺធ្ងន់ គឺមិនទាន់ពេលឡើយ”៕សារុន