កាលពីម្សិលមិញ មន្ត្រីពន្ធនាគារព្រៃស បានបដិសេធចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលបានចុះផ្សាយថា បុរសម្នាក់ដែល កំពុងទទួលទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទរត់ពន្ធគ្រឿងញៀនកាលពីបួនឆ្នាំកន្លងទៅ ត្រូវបានដោះលែងមុនពេលកំណត់នោះ។
លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃស បានឲ្យដឹងថា អ្នកទោស ថៃ ទីនី នៅតែជាប់ពន្ធនាគារនៅឡើយ កាលពីម្សិលមិញ បន្ទាប់ពីត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ពីបទចោទទាក់ទិននឹងការរត់ពន្ធគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលី។
លោក ស្រ៊ុន លាង បានមានប្រសាសន៍ថា “គ្មានការដោះលែងបែបនេះទេ។ ខ្ញុំមិនដឹងថា តើកាសែតនោះយកព័ត៌មានមកពីទីណានោះឡើយ។ អ្នកទោសរូបនេះនៅតែជាប់ពន្ធនាគារនៅឡើយ”។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកទោស ថៃ ទីនី ត្រូវបានចាប់ខ្លួនកាលពីបួនឆ្នាំមុនពីបទប៉ុនប៉ងនាំយកគ្រឿងញៀនដែលមិនមានការបញ្ជាក់ពីបរិមាណច្បាស់លាស់ទៅកាន់ប្រទេសអូស្ត្រាលី ដោយនគរបាលកម្ពុជាទទួលបានជំនួយពីមន្ត្រីនគរបាលអនុវត្តន៍ច្បាប់របស់ប្រទេសអូស្ត្រាលី ។
សេចក្តីរាយការណ៍ដែលដកស្រង់ចេញពីប្រភពអនាមិកមួយបានឲ្យដឹងថា អ្នកទោស ថៃ ទីនី ត្រូវបានដោះលែងមុនការកំណត់ដោយគ្មានការពន្យល់។
នៅពេលត្រូវបានសួរអំពីព័ត៌មានលម្អិតទាក់ទិននឹងការចាប់ខ្លួន និងការបញ្ជូនអ្នកទោស ថៃ ទីនី ចូលពន្ធនាគារ លោក ស៊្រុន លាង បានបង្វែរសំណួរនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។
លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោកមិនដឹងអំពីករណីដែលពាក់ព័ន្ធនឹងជនរត់ពន្ធគ្រឿងញៀនដែលត្រូវបានផ្តន្ទាទោសនេះទេ តែទោះជាយ៉ាងណា លោកបានបន្ថែមថា សម្រាប់ជនជាប់ចោទធ្ងន់ធ្ងរពីបទរត់ពន្ធគ្រឿងញៀនមិនដែលត្រូវបានដោះលែងមុនការកំណត់នោះទេ។លោកបានថ្លែងទៀតថា “ជាទូទៅឧក្រិដ្ឋជនដែលមានពិរុទ្ធភាពពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន គឺមិនដែលត្រូវបានដោះលែងមុនការកំណត់ឡើយ”៕ ស៊ុយឈាង