អ្នកភូមិបួននាក់ដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន កសិពាណិជ្ជកម្មមួយនៅក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីម្សិលមិញថា ពួកគាត់ត្រូវបានសាលាដំបូងខេត្តកោះហៅទៅសាកសួរជុំវិញពាក្យបណ្តឹងដែលក្រុមហ៊ុននេះបានដាក់ពីបទបំផ្លាញទ្រព្យសម្បត្តិ។
តាមពិតពាក្យបណ្តឹងនេះត្រូវបានដាក់កាលពីឆ្នាំមុន ប៉ុន្តែអ្នកភូមិបានអះអាងថា ពួកគាត់មិនបានដឹងទេរហូតដល់ពេលទទួលដីកាកោះកាលពីសប្តាហ៍មុន គឺភ្លាមៗបន្ទាប់ពីពួកគាត់បានរឹបអូសយកគ្រឿងចក្រពីកម្មករប្រាំមួយនាក់ដែលធ្វើការឲ្យក្រុមហ៊ុន លាងប៊ូ ដែលពួកគាត់ សង្ស័យថា ត្រៀមរានដីមានវិវាទនេះ។
លោក ឯក វណ្ណា ប្រធានភូមិប្រាសាទត្បែង ក្នុងឃុំបន្ទាយឆ្មាដែលស្ថិតក្នុងចំណោមចុងចោទទាំងនោះបានមានប្រសាសន៍ថា “ខ្ញុំទើបតែដឹងកាលពីសប្តាហ៍មុនពេលខ្ញុំទទួលដីកាកោះថា ក្រុមហ៊ុននេះបានប្តឹងរូបខ្ញុំ។ នេះជាការគំរាមកំហែង”។
អ្នកភូមិជាង៥០០គ្រួសារមកពីភូមិចំនួនពីរគឺភូមិប្រាសាទត្បែង និងភូមិតាមាំង បានតវ៉ានឹងការអះអាងសិទ្ធិកាន់កាប់ដីជាង១.៧០០ហិកតារបស់ក្រុមហ៊ុន លាង ប៊ូ នៅក្នុងស្រុកថ្មពួក ចាប់តាំងពីឆ្នាំ២០០៨មក គឺពេលក្រុមហ៊ុននេះទទួលបានដីសម្បទានដើម្បីធ្វើចម្ការលើដីដែលអ្នកភូមិអះអាង ថា ខ្លួនបានធ្វើស្រែចម្ការចាប់តាំងពីឆ្នាំ២០០០មក។ លោក វណ្ណា បានមានប្រសាសន៍ថា លោក ទេស ណាត មេភូមិតាមាំង ក៏ត្រូវបានកោះហៅជាមួយតំណាងអ្នកភូមិឈ្មោះ សូត្រ អ៊ឹម និង កែវ ធី ដែរ។
លោក ទូ ធានតឺ តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងប្តឹងលោក ឯក វណ្ណា និងអ្នកភូមិបីនាក់ទៀត មែន ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
យោងតាមនាមប័ណ្ណមួយសន្លឹករបស់លោក ធានតឺ ដែលបានចែកឲ្យអ្នកភូមិរស់នៅលើដីមានវិវាទនេះកាលពីពេលថ្មីៗនេះលោក ធានតឺ ជាទីប្រឹក្សារបស់លោកឧបនាយក រដ្ឋមន្ត្រី យឹម ឆៃលី និងជាសមាជិកកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ធានតឺ បានអះអាងកាលពីម្សិលមិញថា លោកធ្លាប់មានតួនាទីទាំងពីរនេះក្នុងពេលកន្លងមកមែន ប៉ុន្តែ ឥឡូវមិនមែនទេ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេនៅពេលត្រូវបានសួរពីមូលហេតុដែល ខ្លួននៅតែប្រើនាមប័ណ្ណចាស់នេះ។
ទោះយ៉ាងណា លោក ប៉ែន សុផុន តំណាង អ្នកភូមិបានឲ្យដឹងថា អ្នកភូមិដែលត្រូវបានគេឲ្យនាមប័ណ្ណនេះកំពុងមានអារម្មណ៍ភិតភ័យ។លោកបាននិយាយថា “ គាត់ប្រើប្រាស់ តួនាទីរបស់គាត់មកបំភិតបំភ័យពួកយើង ដើម្បីចាប់យកដីរបស់ពួកយើង។ យើងជឿថា ក្រុមហ៊ុននេះមានខ្នងក្រាស់ មានន័យថា ពួកគេមានមន្ត្រីជាន់ខ្ពស់នៅពីក្រោយ។ ស្តាប់ទៅគួរឲ្យខ្លាចមែន ប៉ុន្តែ យើងមិនញញើតក្នុងការតស៊ូយកដីរបស់យើងមកវិញឡើយ”។
លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ផ្លេក វ៉ារី អភិបាលស្រុក បានឲ្យដឹងថា រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយកាលពីថ្ងៃទី៦ ខែមករាឲ្យចុះទៅវាស់វែងដីមានវិវាទនេះ និងដោះស្រាយបញ្ហានេះ។លោកបានមានប្រសាសន៍ថា “នេះគឺជាវិវាទដីធ្លីដ៏ក្តៅគគុករវាងក្រុមហ៊ុន និងអ្នកភូមិក្នុងមូលដ្ឋាន”៕សារុន