40.6 C
Phnom Penh

ក្រុមគ្រួសារ​អ្នក​ជាប់ឃុំ​និង​សមាជិក​សភា​ត្រូវបាន​បដិសេធមិន​ឲ្យ​ចូល​ទៅ​សួរសុខ​ទុក្ខ​អ្នក​​ជាប់ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមា​ជិក​ក្រុម​គ្រួសារ ព្រម​ទាំង​សមា​ជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បដិ​​សេធ​មិន​ឲ្យចូល​ទៅសួរ​សុខទុក្ខ​សមា​ជិក​សហជីពនិង​​អ្នក​តវ៉ា​សរុប​២៣​រូប​ដែល​​ត្រូវ​បាន​​​ចាប់​ខ្លួន​​​កាល​ពីដើ​មខែ​មករា​ អំឡុង​​ការ​តវ៉ា​ទាម​​ទា​រដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​រោង​ចក្រ​កាត់ដេរ​ ដែលពេល​​​នោះ​​​ កម្មករ​​​​ចំនួន​ប្រាំ​នាក់ត្រូវ​នគរបាល​បាញ់​សម្លាប់​​​​​ទេ​​​។

មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៤០​នាក់​រាប់​​​​ទាំង​សមាជិកក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​ សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រឆាំង​ប្រាំមួយ​រូប និង​សមា ជិក​សភា​ជាប់​ឆ្នោ​ត​១៤​រូប​ទៀត​របស់​​​គណបក្ស​​​នេះ​​​ផង​​​ បាន​ធ្វើ​ដំណើរ​​ទៅ​មណ្ឌល​អប់​រំ​​កែ​ប្រែទី​​​​​​៣​​​ក្នុង​ខេត្ត​កំពង់ចាម​ដើម្បី​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​២៣នាក់នេះ ប៉ុន្តែ​​​ត្រូវ​បាន​រារាំង​ពុំ​​​​ឲ្យ​ចូល ​ទៅក្នុង​ពន្ធនាគារ​​​ឡើយ​​​​​​​​​​ ហើយ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ មាន​កម្លាំង​នគរ​បាល​​ជា​ច្រើន​​។

លោកអាន ភិន អ្នក​ឃ្លាំ​មើល​​របស់​​​អង្គការ​​​​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំខេត្តនេះ​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ឃើញ​កង​កម្លាំង​ប្រហែល ​​២០០នាក់​ រួម​មាន​នគរ​បាល​និង​នគរ​បាល​បង្ក្រាប​កុបកម្ម​ប្រដាប់​ដោយ​​អាវុធ​ និងដំបង​ និង​សន្តិសុខ​ភូមិ​ដែល​ស្លៀក​​ឯកសណ្ឋាន​យោធា​​​ជាមួយ​​​ដំបង​ក្នុង​ដៃ​ [ នៅ​ខាង​ក្រៅ​ពន្ធនាគារ​]​…។ ពួក​គេ​ដាក់​កម្លាំង​យ៉ាង​ច្រើន​នៅកន្លែង​នោះ​​​ដើម្បី​បំភិត​បំភ័យ​និង​គំរាម​​”។

លោក សុន ឆ័យ សមាជិក​សភា​ជាប់​ឆ្នោត​របស់​​​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា អ្នក​ទៅ​សួរ​សុខ​ទុក្ខ​គ្មាន​បំណង​បង្ក​បញ្ហា​ទេ​ ហើយ​បាន​​​សម្តែង​​​មន្ទិល​​​ចំពោះ​​​ការ​​​ដាក់​កង​កម្លាំង​​​​នេះ​​​។ លោក​​បាន​​​ថ្លែង​​​​ថា“ ពួក​គេ​ពុំ​​​គួរ​ប្រើ​ប្រាស់កម្លាំង​​​​និង​​​អំណា​ច​​ឡើយ​”។ មន្ត្រី​ពន្ធនាគារ​ម្នាក់បាន​អះ​អាង​ថា អ្នក​ជាប់​ឃុំ​ទាំង​២៣នាក់​នេះគឺ​​​មិន​​​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​មាន​អ្នក​មក​សួរ​សុខ​ទុក្ខទេ​ ពី​ព្រោះ​ពួក​គេ​កំពុង​​​ស្ថិត​​​នៅ​​​ក្រោម​ការ​សាក​សួរ​នៅ​ឡើយ​ និង​​​ដោយសារថា​​​ ​ដំណឹង​​​ស្តីពី​វត្ត​មាន​របស់​​​​​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅ​​​ទី​​​នោះ​​​អាច​នាំ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​ “កុប​​​​កម្ម​” ក្នុង​ចំណោម​អ្នក​ទោស​ដទៃ​ទៀត​។

លោក គា សុវណ្ណា ប្រធាន​មណ្ឌលអប់​រំ​​កែ​​​ប្រែ​ទី​៣​ក្នុងខេត្ត​កំពង់​ចាម​​មាន​ប្រសាសន៍​ថា “យើង​អនុវ​ត្ត​តាម​​លិខិត​របស់​តុលាការ​ដែល​ពុំ​​​​អនុ​ញ្ញាត​ឲ្យគណប ក្ស​សង្គ្រោះ​ជាតិ​ចូល​ជួប​ [​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​​] ព្រោះ​ចៅ​ក្រម​កំពុង​សាក​សួរ​​​​ពួកគេ​​​នៅ​ឡើយ​”។​

​ដោយ​បដិ​សេធ​មិន​និយាយ​លម្អិត​ លោក​​បាន​បន្ថែម​​​​ថា “យើង​ក៏​មាន​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​​​អ្នក​ទោស​១.៤០០​នាក់​​​​​​ដែល​​​បាន​ព្យាយាម​ហែក​គុក​ពេល​​​ពួក​គេ​ឮថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​មក​សួរ​សុខ​ទុក្ខ​​ពួកគេ​​​ផងដែរ​​​”។​

អ្នកស្រី​ ប្រាក់​ សុវណ្ណារី ​​​ប្រពន្ធ​របស់​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិ​ប​តេយ្យ​ឯក​​​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ជាអ្នក​ជាប់​ឃុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​​​​២៣​​​នាក់​​​នោះ ​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​ស្រី​នឹង​ព្យាយាម​ទៅ​សួរ​សុខ​ទុក្ខ​ប្តី​របស់​អ្នក​ស្រី​ម្តង​ទៀត​នៅ​ចុង​សប្តាហ៍​នេះ​។ អ្នកស្រី​​មាន​ប្រសា​សន៍ថា “ខ្ញុំ​អាក់​អន់​ចិត្តណាស់ ​ពីព្រោះ​អា​ជ្ញា​ធរ​មិន​អនុ​ញ្ញាត​ឲ្យខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​ប្តី​​របស់​ខ្ញុំទេ​​​​។ រដ្ឋាភិ​បាល​រំលោភ​សិទ្ធិ​​របស់​យើង​ និង​ក្បត់​​ ប្រជា​ពលរដ្ឋ​​​​​ព្រោះ​ពួ​ក​គេ​​​និយាយ​​​​ថា គ្រួសារ​អ្នក​ជាប់​​ឃុំ​អាច​ទៅ​សួរ​សុខ​ទុក្ខ​បាន​”។ សាវនាការ​ស្តីពី​​​​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​​​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​​អាសន្ន​ គ្រោង​ធ្វើ​នៅថ្ងៃ​ទី​១១​ខែ​កុម្ភៈ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស