30 C
Phnom Penh

តម្លៃ​ផលិត​ផល​សម្លៀក​បំពាក់​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​កើន​ឡើង​២០ភាគរយ​​កាលពី​​ឆ្នាំ២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តម្លៃ​ផលិត​ផល​សម្លៀក​បំពាក់​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​កើន​ឡើង​២០ភាគរយ​ កាលពី​ឆ្នាំ​២០១៣ ទោះ​បី​ជា​វិស័យ​នេះ​ត្រូវ​បាន​ញាំញី​ដោយ​ភាព​​ចលាចល​ និង​ភាព​មិន​អំណោយ​ផល​ផ្នែក​នយោបាយ​ ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​២០០លាន​ដុល្លារ​។

យោង​តាម​ទិន្នន័យ​បំផុត​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​បង្ហាញ​ថា ផលិត​ផល​កាត់​ដេរ​ និង​វាយនភណ្ឌ​ បាន​ចូល​រួម​ចំណែក​៨០ភាគ​រយ​ក្នុង​បរិមាណ​ផលិត​ផល​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ និង​មាន​តម្លៃ​សរុប​៥,៥៣ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ស្រប​ពេល​ដែល​មាន​កូដកម្ម​១៣១កើត​ឡើង​អំឡុង​រយៈ​ពេ​ល​១១ខែ​ដើម​ឆ្នាំ​២០១៣ ដែល​នេះ​ជា​ចំនួន​កូដ​កម្ម​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ​។ កាលពី​ឆ្នាំ​២០១២ ​​តម្លៃ​ផលិត​ផល​សម្លៀក​បំពាក់​កាត់​ដេរ​របស់​ប្រទេស​នេះ​ មាន​៤,៦ពាន់​លាន​ដុល្លារ​​។

លោក កែន លូ អគ្គលេខា​ធិការ​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ដែល​មាន​ការ​សោក​ស្តាយ​ចំពោះ​ផល​ប៉ះ​ពាល់​ដែល​កូដកម្ម​ទំាង​នេះមាន​ទៅ​លើ​វិស័យ​កាត់​ដេរ​នោះ​ បាន​លើក​ឡើង​ថា អត្រា​កំណើន​នេះ​មិន​​​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ស្ថានភាព​របស់​វិស័យ​នេះ​ពិត​ប្រាកដ​ទេ ហើយគឺ​ជា​អត្រា​កំណើន​ដ៏​តិច​តួច​។

លោក​លូ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​និយាយ​ថា តួលេខ​នាំ​ចេញ​នេះ​ជា​តួលេខ​គួរ​ឲ្យ​ខក​ចិត្ត​ទេ ក៏​ប៉ុន្តែ​ តម្លៃ​នាំ​ចេញ​តែ​ឯង​មិន​មាន​ន័យ​ច្រើន​ទេ​។ ចំនួន​រោង​ចក្រ​បាន​កើន​ឡើង​៣០ភាគរយ​ ដូច្នេះ ប្រសិន​បើ​បរិមាណ​នាំ​ចេញ​កើន​ឡើង​២០ភាគ​រយ​ អ្នក​ប្រាប់​ខ្ញុំ​មើល​ថា តើ​វា​អាច​ជា​កំណើន​ដ៏​ល្អ​បាន​ទេ”។​ លោ​​​ក​​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “សញ្ញា​ដែល​បញ្ជាក់​ពី​ស្ថានភាព​នៃ​វិស័យ​នេះ​គឺ​យើងត្រូវ​ពិនិត្យ​គម្រោងវិនិយោគ​ថ្មី​ៗ​ និង​ចំនួន​រោង​ចក្រ​ដែល​បាន​បិទ​ទ្វា​ ព្រម​ទាំង​ចំនួន​ថ្ងៃ​ខាត​បង់​”។

លោក លូ មិន​បាន​ផ្តល់​តួលេខ​ទាក់​ទង​នឹង​គម្រោង​វិនិយោគ​ថ្មី​ៗ​ និង​ចំនួន​រោង​ចក្រ​ឈប់​ដំណើរការ​ទេ។ ​ដោយ​សារ​តែ​កូដកម្ម​ វិស័យ​កាត់​ដេរ​បាន​ខាត​បង់​សម្លៀក​បំពាក់ដែល​ត្រូវ​​ផលិត​បាន​ក្នុង​មួយ​ថ្ងៃៗ ​អស់​៨២៥.៦៤៦ឯក​តា អំឡុង​រយៈពេល​១១ខែ​ដំបូង​កាលពី​ឆ្នាំ​មុន ពោល​គឺ​ចំនួន​ខាត​បង់​នេះ​បាន​កើន​ឡើ​ង​៥៤ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នាក្នុង​ឆ្នាំ២០១២ នេះ​បើ​យោង​តាម​តួលេខ​របស់​សមាគម​ GMAC។

កាលពី​ខែ​ធ្នូឆ្នាំ​មុន កម្មករ​រោង​ចក្រ​កាត់​ដេរ​ជាច្រើន​ពាន់​នាក់​បាន​ចូល​រួម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សកម្មភាព​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមាប្រចាំ​ខែ​ឲ្យ​ឡើង​ដល់​១៦០​ដុល្លារ​។ កាលពី​ថ្ងៃ​ទី​៣​ ខែមករាឆ្នាំនេះ ក្រុម​អ្នក​តវ៉ា​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញបា​នប៉ះ​ទង្គិច​ជាមួយ​កម្លាំង​កង​រាជអាវុធ​ហត្ថ​ ដែល​បាន​បើក​ប្រតិបត្តិការ​បាញ់​ប្រហារ​ ជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប់​។ សមាគម​ GMAC បាន​លើក​ឡើង​ថា ភាព​ចលាចល​កាលពីពេល​នោះ​​​​​ធ្វើ​ឲ្យ​មាន​ការ​ខាត​​បង់​ថវិកា​២០០លាន​ដុល្លារ​ក្នុង​វិស័យ​កាត់​ដេរ។

នៅ​ពេល​សួរ​ថា តើ​កំណើន​នៅ​ក្នុង​វិស័យ​​នេះអាច​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ដែរឬយ៉ាង​ណា​នោះ​ លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​គិត​អ៊ីចឹង​ទេ”។ លោក​បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុង​រិះ​រក​វិធី​ផ្សេង​ដើម្បី​ដោះ​ស្រាយ​វិវាទ​ប្រាក់​ឈ្នួល​នេះ៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស