របាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក (World Health Organization) ហៅកាត់ WHO បានបង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស១០នៅទូទាំងពិភពលោកដែលមានករណីជំងឺមហារីកថ្លើមច្រើនជាងគេបំផុត។
សារព័ត៌មាន ក្លូបលអេនម៉េល (Globe and Mail)បានរាយការណ៍ថា យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសិក្សាស្រាវជ្រាវជំងឺថ្លើមអន្តរជាតិ (International Agency for Research on Cancer) ហៅកាត់ IARC របស់អង្គការ WHO បានឲ្យដឹងថា ប្រទេសម៉ុងហ្គោលី លាវ វៀតណាម កម្ពុជា ថៃ និងប្រទេសចិន សុទ្ធតែស្ថិតក្នុងចំណោមប្រទេសទាំង១០ដែលមានករណីជំងឺមហារីកថ្លើមច្រើនជាងគេ។ ករណីជំងឺនេះបានកើនឡើង អាចបណ្តាលមកពីអត្រាខ្ពស់នៃជំងឺរលាកថ្លើមប្រភេទបេ (B) នៅក្នុងតំបន់ ដែលនាំឲ្យមានជំងឺរលាកថ្លើម។
សារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) បានរាយការណ៍ផងដែរថា របាយការណ៍ដដែលក៏បានបង្ហាញទៀតថា នៅទូទាំងសាកលលោក មានជំងឺថ្លើមថ្មីៗចំនួន១៤,១លានករណី ក្នុងឆ្នាំ២០១២ ក៏ប៉ុន្តែ ក្នុងរយៈពេល២០ឆ្នាំខាងមុខ ចំនួនករណីថ្មីៗក្នុងមួយឆ្នាំៗនឹងកើនឡើងដល់២៥លានករណី។ របាយកាណ៍របស់អង្គការ WHO បានឲ្យដឹងបន្ថែមទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជា ជាដើម ត្រូវបានរំពឹងថា នឹងជួបការលំបាកដោយសារតែបន្ទុកកាន់តែកើនឡើងផ្នែកជំងឺថ្លើម។
របាយកាណ៍របស់ទីភ្នាក់ងារផ្នែកសុខភាពរបស់អង្គការសហប្រជាជាតិនេះ មានខ្លឹមសារថា “កំណើននៃបន្ទុកផ្នែកជំងឺថ្លើម និងជំងឺមិនឆ្លងផ្សេងៗទៀត បណ្តាលឲ្យប្រព័ន្ធថែទាំសុខភាពនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ធ្លាក់ចូលក្នុងស្ថានភាពស្មុគស្មាញខ្លាំង”។ របាយការណ៍នេះមានការកត់សម្គាល់ថា កំណើននៃកា រប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង និងអាហារកែច្នៃខ្លាំង ព្រមទាំងកង្វះសកម្មភាពផ្នែករាងកាយ កំពុងពង្រីកទំហំនៃបញ្ហាសុខភាព។
កំណើនដ៏ខ្ពស់នៃករណីជំងឺថ្លើមថ្មីៗ មានន័យថា ទោះបីជាវិទ្យាសាស្ត្រសុខាភិបាលមានភាពជឿនលឿនគួរឲ្យចាប់អារម្មណ៍ក៏ដោយ ក៏ផ្នែកព្យាបាលតែឯងមិនអាចដោះស្រាយបញ្ហាជំងឺថ្លើមបានទេ លុះត្រាតែមានជំនួយពីការពង្រឹងសកម្មភាពការពារសុខភាព និងការពិនិត្យស្វែងរករោគសញ្ញាឲ្យទាន់ពេលវេ លា នេះបើយោងតាមប្រសាសន៍ដកស្រង់របស់លោកវេជ្ជបណ្ឌិត គ្រីស្តូហ្វ័រ វ៉ាល់ (Dr. Christopher Wild) នាយកទីភ្នាក់ងារសិក្សាស្រាវជ្រាវជំងឺថ្លើមអន្ត រជាតិ៕ សុធា