អង្គការសិទ្ធិជនជាតិភាគតិច (MIRO) បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា ប្រជាជនខ្មែរកម្ពុជាក្រោមដែលគេចចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសវៀតណាម និងដែលពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសថៃរបស់ពួកគេត្រូវបានច្រានចោល កំពុងតែត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ជាទីដែលរដ្ឋាភិបាលមិនអាចធានាបានថាសិទ្ធិរបស់ពួកគេត្រូវបានការពារនោះឡើយ។
របាយការណ៍របស់អង្គការនេះដែលមានចំណងជើងថា “ប្រជាជនដែលគេបោះបង់ចោលគឺខ្មែរកម្ពុជាក្រោមកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសថៃ” គឺត្រូវបានធ្វើឡើងដោយផ្អែកលើកិច្ចសម្ភាសជាមួយអ្នកស្វែងរកសិទ្ធិជ្រកកោន ជនភៀសខ្លួន និងសកម្មជនខ្មែរកម្ពុជាក្រោម កាលពីខែវិចិ្ឆកា។
របាយការណ៍នេះបានលើកឡើងថា “នៅពេលព្យាយាមសុំឲ្យមានការទទួលស្គាល់ស្របច្បាប់នៅក្នុងប្រទេសថៃតាមរយៈការដាក់ពាក្យសុំសិទ្ធិជ្រកកោននៅ [ឧត្តមស្នងការអង្គការសហប្រជាជាតទទួលបន្ទុកជនភៀសខ្លួន] ខ្មែរកម្ពុជាក្រោមភាគច្រើនត្រូវបានច្រានចោលដោយមានការលើកឡើងពីមូលហេតុថា ពួកគេអាចមករស់នៅដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា”។ តែទោះជាយ៉ាងណា របាយការណ៍នេះបានលើកឡើងបន្ថែមថា “ការពិតទៅរដ្ឋាភិបាល [កម្ពុជាមិនបានផ្តល់ការការពារសិទ្ធិដល់ប្រជាជនខ្មែរកម្ពុជាក្រោមទាំងនោះឡើយ]”។
លោក អាង ចាន់រិទ្ធិ ប្រធានអង្គការសិទ្ធិជនជាតិភាគតិច បានមានប្រសាសន៍ថា “ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅក្នុងទីក្រុងបាងកក ត្រូវតែទទួលស្គាល់ថា [រដ្ឋាភិបាល] មិនបានផ្តល់ការការពារពេញលេញសម្រាប់សកម្មជនមកពីកម្ពុជាក្រោមឡើយ”។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំទីក្រុងបាងកក មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។ លោកស្រី ដេណីស ខូហ្វលែន (Denise Coghlan) នាយិកាទីភ្នាក់ងារជនភៀសខ្លួន Jesuit Refugee Service បានលើកឡើងថា មានខ្មែរកម្ពុជាក្រោមជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនដែលមានបញ្ហាអ្វីនោះទេ។
លោកស្រីមានប្រសាសន៍ថា “ប៉ុន្តែឥឡូវវាហាក់បីដូចជាមានបញ្ហាត្រង់ថា មានពលរដ្ឋផ្សេងដែលអះអាងពួកគេត្រូវការការពារពីការធ្វើទុក្ខបុកម្នេញពីប្រទេសវៀតណាម”។ លោកស្រីបានបន្ថែមថា “មានអ្នកខ្លះបានទៅប្រទេសថៃ ប៉ុន្តែប្រសិនបើឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បដិសេធប្រជាជនដែលកំពុងសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសថៃដោយសារតែពួកគេជាជនជាតិកម្ពុជានោះ វាហាក់បីដូចជាអយុត្តិធម៌ពេកហើយ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា សិទ្ធិសុំសិទ្ធិជ្រកកោនគួរតែត្រូវបានការពារ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគាត់ស្វែងរកសិទ្ធិជ្រកកោនដោយគេចចេញពីប្រទេសវៀតណាម ដើម្បីទៅរកទីកន្លែងមួយដែលពួគគាត់គិតថា សិទ្ធិមនុស្សត្រូវបានការពារនោះ អ៊ីចឹងស្ថាប័នដ៏រឹងមាំដូចអង្គការសហប្រជាជាតិជាដើមគួរតែការពារពួកគាត់”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅក្នុងករណីនេះ បើយោងតាមរដ្ឋធម្មនុញ្ញរបស់យើង យើងចៀសវាងការចូលជ្រៀតជ្រែកនៅក្នុងរឿងនយោបាយរបស់ប្រទេសមួយផ្សេងទៀត ហេតុដូច្នេះប្រសិនបើពួកគាត់មកប្រទេសកម្ពុជាដើម្បីស្នើសុំសិទ្ធិជ្រកកោននៅទីនេះដោយសារតែពួកគេចង់មករស់នៅក្នុងប្រទេសកម្ពុជានោះ រដ្ឋាភិបាលតែងតែស្វាគមន៍ពួកគាត់ជានិច្ច។ ប៉ុន្តែយើងមិនចង់ឲ្យនរណាម្នាក់ប្រើប្រទេសកម្ពុជាជាឈ្នាន់ ដើម្បីផ្តួលរំលំឬក៏ប្រយុទ្ធប្រឆាំងនឹងប្រទេសជិតខាងឡើយ។ តែទោះជាយ៉ាងណាអ្នករស់នៅក្នុងប្រទេសវៀតណាម ត្រូវតែគោរពច្បាប់ក្នុងស្រុក”៕ស៊ុយឈាង