27 C
Phnom Penh

ដំណើរការ​សាក​ល្បង​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង​​​​ក្នុង​​ទីក្រុង​ភ្នំពេញ​ចាប់​ផ្តើម​​​​ផ្លូវ​​​​ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីព្រឹក​ម្សិលមិញ រថយន្តក្រុងចំនួន​​១០​គ្រឿង​បាន​ចាប់​ផ្តើម​ដំណើរការ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ ក្នុ​ង​រាជធានី​ភ្នំពេញ ក្នុង​គម្រោង​ដឹក​ជញ្ជូន​អ្នក​ដំណើរ​សាក​ល្បង​រយៈពេល​មួយ​ខែ​ ដើម្បី​ឲ្យ​ដឹង​ថា ​ តើ​សាធារណជន​ត្រៀម​ខ្លួន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ូតូ​ និង​រថយន្ត​ទំនើប​ៗ​របស់​ខ្លួន​ ហើយ​បែរមក​ចាប់​ផ្តើម​ប្រើប្រាស់​មធ្យោ​បាយដឹក​ជញ្ជូន​សាធារណៈរួច​ហើយ​ឬនៅ​​។

និស្សិត​រៀបចំ​ឡើង​លើ​រថយន្តក្រុង​លេខ​៣​ នៅ​មហាវិថី​ព្រះ​មុនីវង្ស​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការ​សាកល្បងរយៈពេល​មួយខែ​ ក្នុង​ការ​ផ្តល់សេវា​កម្ម​ដឹក​អ្នក​ដំណើរ​ក្នុងទីក្រុង​ កាល​ពីម្សិលមិញ។ សីុវ ចាន់ណា
ក្រុមសិស្សសាលា​កំពុងចំ​ឡើង​លើ​រថយន្តក្រុង​លេខ​២​ នៅ​មហាវិថី​ព្រះ​មុនីវង្ស​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការ​សាកល្បងរយៈពេល​មួយខែ​ ក្នុង​ការ​ផ្តល់សេវា​កម្ម​ដឹក​អ្នក​ដំណើរ​ក្នុងទីក្រុង​ កាល​ពីម្សិលមិញ។ ស៊ីវ ចាន់ណា

នេះ​គឺ​ជា​គម្រោង​ទី​២​របស់​ទីភ្នាក់​ងារ​សហ​​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (Japanese International Cooperation Agency) ហៅ​កាត់ថា JICA និង​អាជ្ញាធរ​រាជធានី​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ស្ទះ​ចរាចរ​ណ៍​ តាម​រយៈការ​បង្កើត​សេវា​កម្ម​រថយន្តក្រុង​សាធារណៈ​ បន្ទាប់​ពី​ដំណើរ​ការ​សាកល្បង​​រយៈពេល​ពីរខែ​កាលពី​ឆ្នាំ​២០០១ ទទួល​បរាជ័យ​ ដោយ​សារតែ​ខ្វះ​ការ​ចាប់​អារម្មណ៍​ពីសាធារណជន​។

បន្ទាប់​ពី​អ្នកសារព័ត៌មាន​បាន​រង់​ចាំ​ឥត​ប្រយោជន៍​អស់​រយៈពេល​មួយ​ម៉ោង​ ពោល​គឺ​ពី​ម៉ោង​៥និង​៣០នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​ ៦និង ៣០នាទី​ព្រឹក​ ទើប​រថយន្ត​ក្រុង​ដំបូង​មក​ដល់​ចំណត​ដែល​នៅ​ក្បែរ​អគារ​ខ្ពស់​ ភ្នំពេញ​ថូវើ (Phnom Penh Tower) នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ ជាហេតុ​នាំ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សន្និដ្ឋាន​ថា សាលា​រាជ​ធានី​​ភ្នំពេញ​ប្រហែល​ជា​​ទទួល​បរាជ័យ​ក្នុង​គម្រោង​ដឹក​ជញ្ជូន​សាធារណៈ​លើក​ទី២​នេះ​។

ក៏​ប៉ុន្តែ​ សកម្មភាព​ជិះម៉ូតូឌុប​យ៉ាង​លឿន​ទៅ​កាន់​ចំណុច​ចាប់​ផ្តើម​នៃ​ផ្លូវ​បើក​បរ​របស់​រថយន្តក្រុង​ ដែល​ស្ថិត​នៅឯ​រង្វង់​មូល​ស្តាត​ចាស់​ បង្ហាញ​ថា ស្ថានភាព​ប្រែប្រួល​នៅ​នាទី​ចុងក្រោយ​នៃ​ផែនការ​ បាន​លើក​ពេល​ឈប់​ និង​ឡើង​រថយន្ត​ក្រុង​។

លោក អេហ្គាមី ម៉ាសា​ហ៊ីកូ (Egami Masahiko) អ្នក​នាំ​ពាក្យ​អង្គការ​ JICA បាន​ពន្យល់​អំពីភាព​យឺត​យ៉ាវ​នៃការ​មក​ដល់​របស់​រថយន្ត​ក្រុង​ទី​១ថា “សាលារា​ជ​ធានី​បាន​ពន្យា​រពេល​ចាប់​ផ្តើម​ ដោយ​សារ​តែ​ពិធី​បើក​ដំណើរការ​សាក​ល្បង​នេះមាន​សារៈសំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សេវាកម្ម​នេះ​ឲ្យ​សាធារណ​​​ជន​បាន​ដឹង​”។

នៅ​ចំណុច​ចាប់​ផ្តើម​ លោក ប៉ា សុជាតិ​វង្ស​ អភិបាល​សាលារាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល​មូល​ដ្ឋាន​ប្រហែល​១០០នាក់​ ដោយ​មាន​អ្នក​ឈរមើល​ដែល​​ចង់​ដឹង​សាច់​រឿង​ថា​ សាលារាជធានី​ភ្នំពេញ ប្តេជ្ញា​ធ្វើ​ឲ្យ​ប្រាកដ​ថា សេវារថយន្ត​ក្រុង​នេះ នឹង​ទទួលជោគ​ជ័យ​លើក​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​មានតែការ​សាក​ល្បង​ ហើយ​ប្រតិបតិ្តការ​ត្រូវ​បាន​បញ្ឈប់​ នោះ​គម្រោង​មិន​មាន​ន័យ​អ្វី​ទេ​”។ លោក​បាន​បន្ថែម​ថា ផ្លូវ​ដឹក​ជញ្ជូន​ពី​វង្វង់​មូល​ស្តាត​ចាស់​​ទៅ​ច្បារ​អំពៅ​ ឆ្លង​កាត់​ស្ពាន​មុនី​វង្ស​ ដែល​មាន​ចំណត​៣៦កន្លែង​ គ្រាន់​តែ​ជា​ផ្លូវ​មួយ​ក្នុង​ចំណោម​ផ្លូវ​ទាំង​ប្រាំ​​​ក្នុង​ផែនការ​សម្រាប់​សេវា​ដឹក​ជញ្ជូន​សា​ធា​រ​ណៈ​ក្នុង​រាជធានី​ភ្នំពេញ​នេះ។

លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសា​ស​ន៍​ក្នុង​ពិធី​ចាប់​ផ្តើម​ដំណើរការ​សេវា​រថយន្ត​ក្រុង​​នេះ​ថា “ប្រាក់​ជាង​៣០០លាន​ដុល្លារ​ត្រូវ​បាន​ខាតបង់​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយ​សារ​តែ​គ្រោះ​​ថ្នាក់​ចរាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ទីក្រុង​របស់​យើង​… ដូច្នេះ​ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រជាជន​ឲ្យ​ចាប់​ផ្តើម​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ និង​គាំទ្រ​គម្រោង​នេះ​”។

នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ឡើ​ង​លើ​រថយន្ត​ក្រុង​ពី​ដំបូង​ ហើយ​​អ្នក​សារព័ត៌មាន​នាំ​គ្នា​ថត​រូប​មន្ត្រីនានា​ដែល​ទិញ​សំបុត្រ​រថយន្តក្រុង​១.៥០០រៀល (ប្រហែល​០,៣៥ដុល្លារ​) អារម្មណ៍​សុទិដ្ឋិនិយម​ចំពោះ​ការ​ជិះ​រថយន្ត​ក្រុង​ដំបូង​ហាក់​ដូច​ជាមាន​កម្រិត​ខ្ពស់​។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​ដែល​បាន​សើច​ស្ញាញ​ បាន​និយាយ​ចេញ​ពី​បង្អួច​បើក​ចំហរ​នៅ​រថយន្តក្រុង​ទី​១ថា “គម្រោង​នេះ​ពិត​ជាអាច​ទទួល​ជោគ​ជ័យ​”។ លោក​បាន​បន្ត​ថា “កាលពី​១០ឆ្នាំ មុន​យើង​មិន​មាន​បញ្ហា​ស្ទះ​ចររាចរ​នេះ​ទេ ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បញ្ហានេះ​បាន​កើតឡើង​ជាច្រើន​ចំពោះ​យើង ដូច្នេះ​ ខ្ញុំ​គិត​ថា ប្រជាជន​នឹង​ត្រឡប់​មក​ប្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​វិញ​”។

រថយន្តក្រុង​ពី​​​ដំបូង​បាន​ចេញ​ដំណើរ​នៅ​ម៉ោង​៨និង​៤០នាទី​ព្រឹក​ និង​បាន​ឈប់​នៅ​សាលារាជធានី​ភ្នំពេញ​ ដើម្បី​ទទួល​ដាក់​មន្ត្រី​រដ្ឋាភិបាល​ចុះ​។ គួរ​បញ្ជាក់ថា​ ចំណុច​ចាប់​ផ្តើម​សម្រាប់​រថយន្ត​ក្រុង​ទាំង​ពីរនេះ​​នៅ​មិន​ឆ្ងាយ​ពី​សាលារាជធានី​ភ្នំពេញ​ទេ។ ក្នុង​ដំណើរ​កំសាន្ត​រយៈពេល​មួយ​ម៉ោង​ទៅកាន់​ច្បារអំពៅ​ អ្នក​ធ្វើដំណើរ​បង់​ប្រាក់​ភាគ​ច្រើន​មិន​សូវ​ជាមាន​ច្រើន​ទេ​ ប្រហែល​ជា​ដោយ​សារតែ​នៅ​ព្រឹក​ពេក​ ហើយ​មាន​មនុស្ស​តិច​តួច​រង់​ចាំ​រថយន្ត​ក្រុង​ឈប់​នៅ​ពេល​ថ្ងៃ​ចេះ​តែ​រំកិល​ទៅ​មុខ​។

អ្នក​ដំណើរ​តែពីរនាក់​ដែល​ធ្វើ​ដំណើរ​នៅ​ពេល​ចាប់​ផ្តើម​ការ​សាក​ល្បង​នេះ​ គឺ​ជា​និស្សិត​ពីររូប​ដែល​មាន​អាយុ​១៩ឆ្នាំ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ហើយ​ពួកគេ​មាន​សុទិ​ដ្ឋិ​និយម​ចំពោះ​គម្រោង​នេះ​ ទោះ​បី​ជា​មិន​មាន​អ្នក​ធ្វើដំណើរ​ជាមួយ​ពួកគេ​ក៏​ដោយ​។

លោក​ លី សុដាវីដ  បាន​និយាយ​ថា “ខ្ញុំ​និង​ជិះ​រថយន្ត​ក្រុង​ទៅ​សាលា​របស់​ខ្ញុំ​ ពីព្រោះ​មានសុខុមាលភាព​ សុវត្ថិភាព​ ហើយ​ត្រជាក់​ស្រួល​។ ហើយ​ខ្ញុំ​ថែម​ទាំង​អាច​អាន​សៀវភៅ​បាន​ទៀត​ផង​”។

លោក ម៉ាសាហ៊ីកុ អ្នក​នាំពាក្យ​អង្គការ​ JICA បាន​ឲ្យ​ដឹង​ថា គោល​បំណង​ចម្បង​នៃ​ដំណើរ​ការ​សាក​ល្បង​នេះ​គឺ​ដើម្បី​ស្វែង​រក​ចំណុច​ត្រូវ​ការ​កែលម្អ​មុន​ពេល​សេវាកម្ម​នេះ​ត្រូវ​ការ​ពង្រីក​ ដូចជា ការ​ដាក់​ភ្លើង​នៅ​ពេល​យប់​នៅ​ចំណត​រថយន្តក្រុង​ ដើម្បី​ការពារ​សុវត្ថិ​ភាព​របស់​អ្នក​ធ្វើដំណើរ​។លោក​បា​ន​មាន​ប្រ​សា​ស​ន៍​ថា “ប្រហែល​ជាមាន​ការ​លំបាក​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ចរាចរ​ ​​បើ​យើង​មិន​អាច​កាត់​បន្ថយ​កំណើន​នៃ​ចំនួន​រថយន្ត​ និង​ម៉ូតូ ក៏​ប៉ុន្តែ នេះ​គឺ​ជា​ដំណាក់​ដំបូង​ដ៏​ល្អ​មួយ​ ពីព្រោះ​ទីក្រុង​ធំ​មួយ​ត្រូវ​ការ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​”៕សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស