កូដកម្មរបស់កម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី នៅក្នុងរាជធានីភ្នំពេញបានបញ្ចប់ហើយកាលពីម្សិលមិញ បន្ទាប់ពីក្រុមហ៊ុននេះ បានយល់ព្រមតាមការទាមទាររបស់កម្មករសុំដំឡើងប្រាក់ខែនិងលក្ខខណ្ឌការងារល្អ។

មិនយូរប៉ុន្មាន បន្ទាប់ពីមានការព្រមព្រៀងគ្នា រថយន្តប្រមូលសំរាមពណ៌បៃតងនិងកម្មករស្លៀកពាក់ឯកសណ្ឋានពណ៌បៃតងរបស់ក្រុមហ៊ុនស៊ីនទ្រី បានចាប់ផ្ដើមមមាញឹកដុតដៃដុតជើងប្រមូលសំរាម ដែលមានក្លិនស្អុយអាក្រក់នៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញដែលបានគរជាគំនរខ្ពស់ៗ ចាប់តាំងពីកូដកម្មបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យមក។
លោក ងួន ស៊ីផេង នាយកប្រតិបត្តិការក្រុមហ៊ុនស៊ីនទ្រី បានមានប្រសាសន៍ថា “យើងបានព្រមព្រៀងគ្នាគ្រប់ចំណុចនៅថ្ងៃនេះ ហើយកម្មករក៏ត្រឡប់ទៅធ្វើការវិញ”។
ការព្រមព្រៀងដំឡើងប្រាក់ខែនិងការផ្ដល់លក្ខខណ្ឌការងារល្អប្រសើរនេះសម្រេចបាននៅម៉ោង២រសៀល បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនម៉ោង ហើយកម្មករក៏បានយល់ព្រមទទួលយកការដំឡើងប្រាក់ខែពី២០ដុល្លារទៅ២៥ដុល្លារក្នុងមួយខែអាស្រ័យលើការងាររបស់ពួកគេ។
ជាមួយនឹងការដំឡើងប្រាក់ខែចន្លោះពី២០ដុល្លារទៅ២៥ដុល្លារនេះ កម្មករប្រមូលសំរាមដែលទទួលបានប្រាក់ខែ៦៥ដុល្លារដែលជាប្រាក់ខែទាបជាងគេបំផុតនៅក្រុមហ៊ុនស៊ីនទ្រី នឹងទទួលបាន៩០ដុល្លារនៅដំណាច់ខែនេះ។
អ្នកបើករថយន្តប្រមូលសំរាមដែលធ្វើការវេនយប់នឹងទទួលបានការដំឡើងប្រាក់ខែពី១២០ដុល្លារដល់១៤០ដុល្លារ។ ការទាមទារផ្សេងៗទៀតក៏មានការព្រមព្រៀងគ្នាដែរ ក្នុងនោះរួមមានប្រាក់បន្ថែមម៉ោងសម្រាប់ការធ្វើការថ្ងៃអាទិត្យនិងទទួលបានឯកសណ្ឋានឥតគិតថ្លៃ។
កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនស៊ីនទ្រី ដែលទទួលបានសិទ្ធិផ្ដាច់មុខប្រមូលនិងកម្ចាត់សំរាមក្នុងរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ២០០២មក បានលើកឡើងថា ការឲ្យប្រាក់ខែលើសពី៨០ដុល្លារសម្រាប់កម្មករប្រមូលសំរាមនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន។ រហូតមកដល់ពេលបច្ចុប្បន្ននេះវាមានរយៈពេល១០ឆ្នាំហើយចាប់តាំងពីកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីទទួលបានការដំឡើងប្រាក់ខែរបស់ខ្លួនមក។
លោក ម៉ី ផាន តំណាងសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករនិយោជិតខ្មែរ នៅក្រុមហ៊ុនស៊ីនទ្រី បានលើកឡើងថា “វាជាការព្រមព្រៀងគ្នាដ៏ល្អ ពីព្រោះយើងទទួលបានប្រាក់កម្រៃបន្ថែម ហើយយើងអាចត្រឡប់ចូលធ្វើការវិញ ដូច្នេះវាជារឿងល្អដែរសម្រាប់ក្រុមហ៊ុន”។ គាត់បានលើកឡើងបន្ថែមទៀតថា “ទោះបីជាកម្មករមួយចំនួនមិនយល់ព្រមក៏ដោយ ប៉ុន្តែសម្រាប់ពេលនេះយើងត្រូវការដំណោះស្រាយ នេះជាអ្វីដែលក្រុមហ៊ុនមានលទ្ធភាពផ្ដល់ឲ្យនៅពេលនេះ ហើយយើងអាចពិភាក្សាគ្នាបន្ថែមទៀតនៅពីរបីខែក្រោយ”។
កម្មករម្នាក់ឈ្មោះ ប៉ុត ឆន អាយុ៣៦ឆ្នាំស្ថិតក្នុងចំណោមកម្មករក្រុមហ៊ុនសីុនទ្រី ដែលមិនពេញចិត្តនឹងការព្រមព្រៀងគ្នានេះ។ គាត់និយាយថា “ខ្ញុំយល់ស្របតាមតំណាង [សហជីព] របស់ខ្ញុំដែលលើកឡើងថា យើងត្រូវព្រមព្រៀងគ្នានៅពេលនេះ ទោះបីជាខ្ញុំមិនទាន់ពេញចិត្តនឹងវាក៏ដោយ”។
កាលពីម្សិលមិញ ខណៈពេលដែលកូដកម្មនេះបានបញ្ចប់ដោយជោគជ័យនិងដោយសន្ដិវិធីនោះវាមានស្ថានភាពតានតឹងខ្លះនៅវេលាម៉ោង៩ព្រឹក នៅពេលកងរាជអាវុធហត្ថនគរបាលបង្ក្រាបបាតុកម្មនិងសន្ដិសុខស្លៀកពាក់ស៊ីវិល ត្រូវបានដាក់ពង្រាយនៅច្រកចូលទាំងពីរនៃទីតាំងជួសជុលនិងថែទាំរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី នៅក្នុងខណ្ឌដង្កោ កន្លែងដែលមានកម្មករធ្វើកូដកម្មប្រហែល២០០នាក់។
កម្មករប្រមូលសំរាមម្នាក់ឈ្មោះ អាត សុផល អាយុ២៨ឆ្នាំ ដែលបានបម្រើការងារនៅក្រុមហ៊ុនស៊ីនទ្រី អស់រយៈពេលប្រាំឆ្នាំ ក៏ដូចជាកម្មករជាច្រើនផ្សេងទៀត បានចោទសួរពីវត្តមានរបស់កម្លាំងនគរបាលនិងកងរាជអាវុធហត្ថនៅកន្លែងធ្វើកូដកម្មសន្ដិវិធី ជាទីដែលពួកកម្មករបានចាក់ធុងបាសរាំលេងនិងផឹកស្រាបៀរយ៉ាងសប្បាយចាប់តាំងពីថ្ងៃអាទិត្យមក។ កម្មកររូបនេះបានចោទសួរថា “ពួកគេបង្កការភ័យខ្លាចក្នុងចំណោមពួកយើងដែលជាកម្មករ។ កូដកម្មរបស់ពួកយើង គឺដោយសន្ដិវិធី ដូច្នេះហេតុអ្វីបានជាពួកគេបញ្ជូនកងកម្លាំងប្រដាប់អាវុធមក”។
ពេលសាកសួរអំពីការដាក់ពង្រាយកម្លាំងនគរបាលនិងកងរាជអាវុធហត្ថនេះ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ពួកគេទៅទីនោះ គ្រាន់តែដើម្បីការពារទ្រព្យសម្បត្តិប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “កងរាជអាវុធហត្ថគ្រាន់តែទៅទីនោះដើម្បីការពារប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប៉ុណ្ណោះ”។
លោក ឃួន ស្រេង អភិបាលរងរាជធានីភ្នំពេញបាននិយាយការពារការប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថនេះដោយលើកឡើងថា រថយន្តប្រមូលសំរាមត្រូវត្រឡប់ទៅប្រមូលគំនរសំរាមនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ប្រសិនបើកម្មករមិនអនុញ្ញាតឲ្យរថយន្តចេញទេ យើងនឹងប្រើប្រាស់កម្លាំង”។
លោក ឃួន ស្រេង បានបញ្ជាក់ថា លោកនឹងធ្វើការងារនេះដោយខ្លួនឯងផ្ទាល់ ប្រសិនបើកម្មករមិនត្រឡប់ទៅធ្វើការវិញកាលពីម្សិលមិញទេនោះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “នគរបាលកងរាជអាវុធហត្ថនិងសន្ដិសុខរួមទាំងខ្លួនខ្ញុំផងនឹងចេញទៅប្រមូលសំរាមប្រសិនបើកម្មករមិនធ្វើការទេនោះ”។
លោក ប្រាក់ សុខា ដែលជាតំណាងរបស់កម្មករធ្វើកូដកម្មទាំងនេះបានមានប្រសាសន៍កាលពីយប់មិញថា កូដករប្រហែល៨០ភាគរយបានត្រឡប់ចូលធ្វើការវិញហើយ រីឯកម្មករផ្សេងៗទៀត គេរំពឹងថា នឹងចូលធ្វើការវិញនៅថ្ងៃនេះ៕ សុខុម