31 C
Phnom Penh

អ្នករត់​ម៉ូតូ​ឌុប​ និង​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ទាមទារយាន​យន្ត​របស់​ខ្លួន​មក​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ និង​អ្នក​រត់​ម៉ូតុ​ឌុប​ ជាង​១០​​នាក់​ដែល​បាន​លើក​ឡើង​ថា​ យាន​យន្ត​​​​របស់​ខ្លួន​ត្រូវ​បាន​រឹប​អូស​​បន្ទាប់​ពី​នគរបាល​បាន​បង្ក្រាប​បាតុកម្ម​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​សប្តាហ៍​មុន​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​​​ក្រៅ​សា​លា​រាជ​ធានី​កាល​ពី​ម្សិលមិញ​ ដើម្បី​​​ទាម​ទារ​ឲ្យ​សាលា​រាជ​ធានី​ប្រគល់​យាន​យន្ត​របស់​ខ្លួន​មក​វិញ​។

អ្នក​រត់​ម៉ូ​តូ​ឌុប​ និង​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់បី​ចំនួន​១២​នាក់​ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​​​​​កាន់​អង្គការ​សិទ្ធិ​មនុស្សក្នុង​ស្រុក​អាដ​ហុក​​ កាល​ពី​ថ្ងៃ​​អង្គារ​បាន​រង់ចាំ​ចាប់​​ពី​ម៉ោង​១២​ថ្ងៃ​​​ត្រង់​រហូត​ដល់​​ម៉ោង​៥​ល្ងាច​ ដោយ​​​​សង្ឃឹម​ថា​ នឹង​អាច​ទទួល​បាន​យាន​យន្ត​​​​របស់​ខ្លួន​ត្រឡប់​មក​វិញ​។ ពួក​គាត់​បាន​លើក​ឡើង​ថា យាន​យន្តរប​ស់​ខ្លួន​ត្រូវ​កង​រាជ​អាវុធហត្ថ​​រឹប​អូស​យក​អំឡុង​ការ​ធ្វើ​បាតុកម្ម​មួយ​ដែល​រៀប​​​ចំ​ដោយ​លោក ម៉ង​ សូណង់​ដូ​ ម្ចាស់ស្ថានីយ​វិទ្យុ​សម្បុក​​ឃ្មុំ​ កាល​ពី​ថ្ងៃ​ទី២​​៧​ ខែ​មករា​។​

លោក​ សយ​ សុខា​ អាយុ​ ៣៨​ឆ្នាំ​ ម្ចាស់​ម៉ូតូដែល​​​សាលា​រាជ​​​ធានី​រឹប​អូស​បាន​និយាយ​ថា​​ [កាលពី​ថ្ងៃ​ទី​២៧​ ខែ​មករា​] ខ្ញុំ​បាន​ឃើញ​កង​រាជ​អាវុធ​ហត្ថថ​​​ជា​ច្រើន​អ្នក​គប់​គ្រាំ​បែក​ផ្សែង​ និង​វាយ​ដំ​អ្ន​ករត់​​ម៉ូតូ​ឌុប​ និង​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ ហើយ​បន្ទាប់​មក​ពួក​គេ​បាយ​វាយ​ដំ​​ខ្ញុំ​ខណៈ​ខ្ញុំ​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​”។ លោក​​​ សយ សុខា បាន​និយាយ​បន្ត​ថា​ “ខ្ញុំ​បាន​រត់​គេច​ចេញ​​​ឆ្ងាយ​ពី​ពួក​គេ​ ព្រោះ​ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់​។​​​ ពេល​​ខ្ញុំ​ត្រឡប់​​​​​មក​យក​ម៉ូតូ​វិញ​ កង​រាជ​អាវុធ​ហត្ថ​កំពុង​តែ​​យក​វា​ទៅ​កាន់​សាលា​រាជ​ធានី​”។

អ្នក​រត់​ម៉ូតូ​ឌុប​ និង​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ទាំង​នេះ​បាន​លើក​ឡើង​ថា​ សាលា​រាជ​ធានី​បាន​ប្រាប់​ពួក​គេ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មករា​ថា ឲ្យ​មក​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារបញ្ជាក់​កម្មសិទ្ធិ​យាន​យន្ត​ ដើម្បីទទួល​យក​យាន​យន្ត​របស់​ខ្លួន​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​នៅ​ពេល​​ពួក​គេ​បាន​មក​ដល់​ នគ​រ​បាល​រាជ​ធានី​បាន​ប្រាប់​ថា​ ខ្លួន​​មិន​អាចប្រគល់​​យាន​យន្ត​ឲ្យ​វិញ​បាន​ទេ​ លុះ​​ត្រា​​តែ​សាលា​រាជ​ធានី​ផ្តល់​លិខិត​អនុ​ញ្ញាត​ដែល​ពួក​គេ​នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ជាមុន​សិន​៕ ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស