38.1 C
Phnom Penh

រដ្ឋា​ភិ​បាល​លើក​ឡើង​ថា  ​​អ្នក​ការ​​ទូត​​អា​មេរិកសរសើរ ‘ភាពអត់​ធ្មត់​’ ​​ជា​មួ​យ​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​​នៅ​ក្រសួ​ង​ការ​​បរទេស​​​បា​ន​ឲ្យដឹង​កា​ល​​ពី​ម្សិល​មិញ​ថា ​​អ្នក​​កា​រ​​​​ទូត​​​ជាន់​ខ្ពស់ម្នាក់​​របស់​​​អា​មេរិក​​បា​ន​សា​​ទរ​រដ្ឋា​​ភិ​បាល​​សម្រាប់​​ភាព​​​អត់​​ធ្មត់​​​​របស់​​​ខ្លួន​​​​​ក្នុង​កា​រដោះ​ស្រាយ​​​ការ​​តវ៉ា​​ថ្មី​ៗ​នេះ​ ​ដែល​មា​ន​​​កា​រ​​​បង្ហូរឈាម​កាល​​​ពី​ខែ​​មុន​ នៅ​​ពេល​កង​រាជ​អា​វុធ​ហត្ថ​​​បា​ន​​បាញ់សម្លាប់​​មនុស្ស​ប្រាំ​​នាក់ និង​​ ជាង​​៤០​នាក់​​រង​របួស​។

លោក កុយ គួង ​​អ្នក​នាំ​​ពាក្យ​​របស់​​​ក្រសួ​ង​មហា​ផ្ទៃ​​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​​លោក ស្កុត​ម៉ា​សៀល (Scot  Marciel ) ជំ​នួយ​កា​រ​លេ​ខា​ធិ​កា​ររងការិយា​ល័យ​​កិច្ច​ការ​អា​ស៊ី​​​បូ​ព៌ានិង​ប៉ាស៊ី​ហ្វិក​ ​របស់​​ក្រសួ​ង​​​ការបរ​ទេស ​​បា​ន​លើក​សរ​សើរ​រដ្ឋា​​ភិ​បាលអំឡុង​​ជំ​នួប​​​មួ​យ​​​ជាមួ​យ​​លោក ហោ ​ណំា​​ហុង រដ្ឋ​មន្ត្រី​ក្រសួ​ង​កា​រ​​បរ​ទេ​ស​។

លោក កុយ គួង ​​បា​ន​លើក​ឡើង​​​អំពី​​កា​រ​សន្ទ​នា​​​របស់​​លោក ​ម៉ាសៀល​ ជាមួ​យ​លោក ​ណាំ​​ហុង ថា “​អា​មេ​រិ​ក​​​បា​ន​​លើក​​សរសើរ​​រដ្ឋាភិ​បាល​​ថា​​មាន​ភា​ព​អត់​ធ្មត់​បំ​ផុត​ រហូត​​ដល់​​មា​នកា​រ​បង្កើត​​តង់។ល។” លោក​បា​ន​បន្ថែម​​ថា “​​រដ្ឋា​​ភិបាល​​កម្ពុជាមាន​​​ភាព​​អត់​​​ធ្មត់​​ដល់​កម្រិ​ត​អតិ​បរមា​ ដូច្នេះ​​អា​មេ​រិ​ក​​​បា​ន​​ថ្កោល​​ទោស​បាតុ​កម្ម​ ដែល​បណ្តាលឲ្យ​​​​មា​ន​​​​ហិង្សា​”។

លោក ស៊ាន ម៉ាក់​​គី​នតុស (Sean Mclntosh) ​ ​អ្នក​​នាំពាក្យ​​​​របស់​ស្ថាន​​ទូ​ត​អា​មេរិក​​​បា​ន​​បដិ​សេធ​​​មិ​ន​ព្រម​ធ្វើ​អត្ថា​​ធិ​ប្បាយសេចក្តី​លម្អិត​​​អំ​ពី​កា​រ​សន្ទនា​​​របស់​លោក ​ម៉ាសៀល​ ​ជា​​​មួ​យ​លោក ​ហោ ​ណំា​​​ហុង​។ លោក ម៉ាក់​​គីន​តុស ​​បា​ន​លើក​ឡើង​ឆ្លើយ​តប​នឹង​​សំ​ណួ​រ​​អំ​ពី​ការ​លើក​សរសើរ​រដ្ឋាភិ​បាល​​​ក្នុង​កា​រ​​​ដោះ​ស្រាយ​​​ការត​វ៉ា​ថ្មី​ៗ​នេះ​​​ថា “​លោក ចន ឃែរី ​​រដ្ឋ​មន្ត្រី​ការបរទេ​ស​​​ អា​មេរិក​​បា​ន​​បញ្ជូន​​​ឯក​​​អ​គ្គ​​រដ្ឋ​ទូត​​ ស្កុត ម៉ា​សៀល មក​កាន់​​​តំ​បន់​​​ទន្លេមេ​​គង្គ​ក្រោម​ ដើម្បី​ពិ​ភាក្សា​​​អំ​ពី​​បញ្ហា​​​បរិស្ថាន​​​ជុំ​​វិញ​ទ​ន្លេ​មេគង្គ​”។

លោក ម៉ាក​គីន​តុស ​​បា​ន​បន្ថែម​ថា លោក​​ ម៉ា​សៀល នៅ​ក្នុ​ង​ជំ​នួប​​​របស់​លោក​ជាមួ​យ​​លោក ​ហោ ​ណាំ​​​ហុ​ង ​​បា​ន​លើក​ឡើង​វិញ​ថា អាមេរិ​ក​​​បា​ន​អំពាវ​នា​វ​​ដល់​រដ្ឋាភិ​បាល​លប់​ចោល​​ការ​​ហា​ម​​ប្រាម​​មិន​ឲ្យ​​ធ្វើ​​​បាតុ​កម្ម​ ​​នៅ​​នឹង​កន្លែង ​បន្ទាប់​​​ពី​​​កា​រ​​បង្ក្រាប​​​​​ដោ​យ​ហិង្សា​ទៅ​លើ​ក្រុ​ម​​ប្រ​ឆាំ​ង​ និ​ង​កា​រ​​​ត​វ៉ា​​​ការ​ងា​រ​​​ចាប់​​ពី​​​ថ្ងៃ​​​ទី​២​ដល់​​ថ្ងៃ​ទី​៤ ​ខែ​មករា​។

លោក ​ម៉ាក់​គី​ន​តុស ​​បា​ន​ឲ្យ​ដឹង​ថា ​ “ខណៈ ​​ដែល​​ស​ហ​​រដ្ឋ​​អា​​មេរិក​​លើក​ឡើង​ថា…វា​​​មាន​​សារសំ​ខាន់​ណាស់​​​ថា ​សេរី​​​ភាព​​នៃ​កា​រ​​​បញ្ចេញ​មតិ​ និ​ង​សេរី​​​ភាព​​​នៃ​ការ​ប្រមូ​ល​ផ្តុំ​​​ ត្រូ​វ​​​ បាន​​រក្សាកាពា​រ​សម្រាប់ប្រជា​​​ធិប​តេយ្យ​ល្អ​​មួ​យ​ ដូច្នេះ​​យើង​​ស្ថិត​​ក្នុ​ង​ជំ​ហរ​មួ​យ​​​ដែល​​​គួរ​​តែ​លប់​​ចោល​​​ការ​ហាម​ប្រាម​​ជា​​​បន្ទាន់”។ លោក ម៉ា​សៀ​ល ​​ក៏​បា​ន​លើក​ទឹក​ចិត្ត​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​គ​ណ​​បក្ស​​សង្គ្រោះ  ​​ជាតិ​ឲ្យ​បន្ត​ការ​​ចចារ​​ដើម្បី​បំ​​បែក​​ភាពជាប់​​​គាំង​នយោបា​យ​ នេះ​បើយោង​តា​ម​លោក ម៉ាក់គីន​តុស។

កា​ល​ពី​ថ្ងៃ​អង្គារ លោក វីលៀម ថុត ឯកអគ្គ​រដ្ឋ​​ទូ​ត​អា​មេរិក​​​បាន​ចេញ​​​អត្ថបទ​សារ​ព័ត៌​មា​ន​​ប្រចាំ​សប្តា​​ហ៍​​​មួយ​ ជំ​រុញ​​ឲ្យ​​រដ្ឋាភិ​បាលគ​ណ​បក្ស​​ប្រជា​ជន​កម្ពជា​​របស់​​លោក ហ៊ុន សែន ​ធ្វើ​ការ​​កែ​ទម្រង់​​ដើម្បី​​បំ​បាត់​​អំ​ពើ​ពុក​រលួ​យ​ និ​ង​បក្ខ​​ពួ​ក​និ​យម។ លោក ម៉ាសៀល ​ក៏​បា​ន​​ជួ​ប​​​ជា​មួ​យ​​លោក ​កឹម សុ​ខា មេដឹក​នំាគណ​បក្ស​សង្គ្រោះជាតិ​​ផង​ដែរ​កាល​ពី​ព្រឹក​ម្សិល​​មិញ​។

លោក កឹម​ សុខា  ​​បា​ន​លើក​ឡើង​ថា ​លោក​​បា​ន​និ​យា​យ​​​ជា​មួ​យ​លោក ម៉ា​សៀល​​​ អំពី​​ការ​​​ជាប់​គាំ​ង​នយោបា​យ​​​និង​​កា​រ​​​រំលោភ​សិទ្ធិ​មនុស្ស​​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស