29.6 C
Phnom Penh

ការ​ផ្ត​ល់​មូលនិធិ​សម្រាប់​គម្រោង​ចុះ​បញ្ជី​ប័ណ្ណ​កម្មសិទ្ធិកាន់​កាប់​ដីសហគមន៍​បញ្ចប់នៅ​ខែនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គម្រោង​​​​ផ្តល់​​​មូលនិធិ​​​គាំទ្រ​ការ​ចុះ​បញ្ជី​​កម្មសិទ្ធិដី​សហ​គមន៍​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅក្នុង​ប្រទេស​កម្ពុជា ​​​របស់​​​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​​​ ហៅកាត់ថា​​​ ILO ដែល​​​​​​​ទ​ទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​​​​នោះ​​​នឹង​បញ្ចប់​នៅ​​​​ក្នុង​​​ខែ​នេះ​​​​ហើយ​​​ ដោយ​សារតែ​​​​​កង្វះ​​​មូល​និធិ។​​​

លោក សេក សុភ័ណ អ្នក​សម្រប​សម្រួល​​គម្រោង​​​នេះ​​​​ បាន​​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ច័ន្ទ​ថា ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល​រវាង​ស្ថា​ប័ន​រដ្ឋាភិ​បាល​ដែល​ទទួល​​​បន្ទុក​​​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​​​​ស្វះ​ស្វែង​ចុះ​បញ្ជី​​កម្មសិទ្ធិដី​សហ​គមន៍​របស់​ខ្លួន​ អង្គការ ILO នឹង​បញ្ចប់​ ​“គម្រោង​​​​ផ្តល់​​​មូល​​​និធិ​​​គាំទ្រ​ជន​ជាតិ​ដើម​ភាគ​តិច​​​​​នេះនៅ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ”​។ ជាមួយ​នឹង​ការ​បញ្ចប់​គម្រោង​​​រយៈ​ពេល​​ជិត​១០​ឆ្នាំនេះ លោក សុភ័ណ បាន​​លើ​ក​ឡើង​​ថា អនា​គតរបស់​ជន​ជាតិ​ដើម​​ភាគ​តិច​ក្នុងការ​ទទួលបាន​ប័ណ្ណកម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ នឹង​​​ស្ថិត​​​ក្នុង​​​ក្តី​​​មន្ទិល​​​។

លោក សុភ័ណ បាន​​​ថ្លែង​​​​​​​​​ថា “ប្រសិន​​​បើ​​​គ្មាន​​​​​​​ការ​សម្រប​សម្រួល​ពី​អង្គ​ការ​ពល​កម្ម​អន្តរ​​ជាតិ​​​​ទេ​​​នោះ​​​ វានឹង​ចំណាយ​ពេល​កាន់ តែយូរ​​ ហើយ​អ្នក​​​ភូមិ​​មួយ​ចំនួន​នឹង​​លែង​មាន​​ឱកាស​​” ក្នុង​ការ​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីសហគមន៍ទៀត​ហើយ។ គម្រោង​ដែល​បាន​ចាប់​ផ្តើមនៅ​​​​​ក្នុង​​​​ឆ្នាំ​២០០៥​​​​នេះ​​​គឺ​​​​សំដៅ​​​ផ្តល់​​​លទ្ធភាព​​​​ឲ្យជន​ជាតិ​ដើម​ភាគ​តិច​ចុះ​បញ្ជី​កម្ម​​​សិទ្ធិ​​​ដី​សហ​គម​ន៍​​​ដែល​​​ជា​​​​កេ​រដូន​តារ​បស់​ខ្លួន​​ដើម្បី​ការ​ពារ​កុំ​ឲ្យ​បាត់​បង់​ដី​ទៅ​ឈ្មួញ​​​​អចល​ន​ទ្រព្យ​​​​​លោភ​​​លន់​​​ និង​ក្រុម​ហ៊ុន​​​កសិ​ឧស្សាហ​កម្ម​ដែល​​​មាន​ឥទ្ធិ​ពល​​​​​​នយោបាយ​។

លោក សុភ័ណ បាន​ឲ្យ​ដឹង​ថា  ដោយសារ​​​​​​​​​គ្មានប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​​ដី​ធ្លី​ត្រឹម​ត្រូវ​ សហគមន៍​ជន ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​​ត្រូវបាន​​បង្ខំ​ឲ្យ​ចាក​​ចេញ​ពីដី​របស់​ខ្លួន​ ហើយ​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិចដែល​គ្មាន​​​​ដី​​​បាន​បង្ខំ​ចិត្ត​​​ធ្វើ​ការ​នៅតាម​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ និងតាម​រោង​ចក្រ​នានា។

ចាប់​តាំង​ពីឆ្នាំ​២០០៩​មក ​គម្រោង​នេះ​បាន​ជួយ​​សហ​គមន៍​ចំនួន​៩៥​​ក្នុង​ការ​ចុះ​បញ្ជី​​កម្ម​សិទ្ធិ​ដី​សហ​គមន៍​​​ពី​​​រដ្ឋាភិបាល​​​​​​​ដោយ​​ជោគ​ជ័យ។​​​ ទោះជា​​​យ៉ាងណា​​​ ​​​ មាន​សហ​គមន៍ តែ​ប្រាំបី​ប៉ុណ្ណោះដែល​​​​ទទួលបាន​ប័ណ្ណកម្ម​សិទ្ធិ​​​​​។

លោក អេន សុភក្ត្រ អ្នក​សម្រប​​សម្រួល​មកពី​មជ្ឈមណ្ឌល​​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ប្រចាំខេត្ត​មណ្ឌល​គិរីបាន​​ឲ្យ​ដឹង​ថា “គម្រោង​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​​​នេះ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុងការ​សម្រប​សម្រួល​​ជាមួយ​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ​ និង​ក្រសួង​មហាផ្ទៃ​ ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​​​​ជន​ជាតិ​ដើម​ភាគ​តិច​​”។

លោក សុភក្ត្រ បាន​ឲ្យដឹង​ទៀត​ថា ​​​​​​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​យ៉ាងហោច​​​ណាស់​​​​​​ចំនួន​១០​​​ក្នុងខេត្ត​មណ្ដល​គិរី ដែល​បាន​ចាប់​ផ្តើមដំណើរ​ការ​​ចុះ​​​បញ្ជី​​​​​​កម្ម​សិទ្ធិ​ដី​សហ​គមន៍ របស់​​​ខ្លួន​​​រួច​​​ហើយ​​​នោះ​​​​​​នៅ​​​​​​​ពុំ​​​​ទាន់​ទទួល​បាន​ការ​ទទួល​ស្គាល់ ​​​តាម​ផ្លូវ​​ច្បាប់​ពីក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​នៅ​ឡើយ​ទេ បើទោះ​ជា​​ពួក​គាត់​​​​បាន​បំពេញ​បែបបទដាក់​​ពាក្យសុំ​រួច​រាល់​ហើយ​ក៏ដោយ​ចុះ​​​។ លោក​ សុភក្ត្រ បាន​ឲ្យដឹង​ថា បច្ចុប្បន្ន​នេះ​ក៏​​​មាន​សហ​គមន៍ចំនួន​​បួនទៀត​​​ផង​​​ដែរ​ដែល​​​កំពុង​តែ​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ទទួល​​​បាន​​​ប័ណ្ណ​​កម្ម​សិទ្ធិ​ដី​សហ​គម​ន៍​​​​​ក្នុង​ខេត្ត​រតនគិរី​ក្បែរ​ខាង​ដោយបាន​​​បន្ថែមថា លោកពុំ​​​​មាន​​សុទិដ្ឋិ​និយម​​​​សម្រាប់ពេល​អ​នា​គ​តទេ​​​​។

លោក នី​ នឿន លេខា​សហ​គមន៍​ព្រៃ​ត្រពាំងក្អើម​ ក្នុង​ឃុំ​ពូជ្រៃ​ ស្រុក​ពេជ្រា​ដា​ ខេត្ត​មណ្ឌល​គិរី​​ បាន​​​ឲ្យដឹង​ថា ការ​បញ្ចប់​​គម្រោ​ង​របស់​អង្គការ​ពល​កម្ម​​​​អន្តរ​ជាតិ​​​​​នេះ​​​គឺជាគ្រោះ​​​មហន្តរាយ​​​មួយ​​​​សម្រាប់​សហ​គមន៍​ ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​​​កម្ម​​​​សិទ្ធិ​​​​​ដីសហគមន៍​នៅឡើយ​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​បើ​កម្មវិធី​នេះ​បញ្ចប់​មែន យើង​ពិត​ជា​ព្រួយ​បារម្ភ​​​ខ្លាំង​​​ជាទីបំផុត​​​​​​ មិន​​​ត្រឹម​​​​​​តែ​​​ចំពោះ​​​ការ​បាត់​បង់​​ព្រៃ​ប៉ុណ្ណោះទេ គឺ​​​ចំ​ពោះ​​​​​​​ដី​របស់​យើង​​ទាំងមូល​​​ផងដែរ​​​” ដោយលោក​បាន​​​បន្ថែមថា សហ​គមន៍​ជន​ជាតិដើម​ភាគ​តិច​ត្រពាំង​ក្អើម​ បាន​ចុះ​បញ្ជី​ជាមួយ​​ក្រសួង​មហា​ផ្ទៃ​ចាប់​តាំង​ពីឆ្នាំ​២០០៦​មក​ម៉្លេះ ប៉ុន្តែ​ មិន​​ទាន់​បាន​​ដាក់​ពាក្យ​​​សុំ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សហ​គមន៍​នៅ​ឡើយ​ទេ​។ លោក​​​មាន​​​ប្រសាសន៍​​​​ថា “សហ​គមន៍​ជន​ជាតិ​ដើម​​​ភាគតិច​បាន​​​​និង​​​កំពុង​​​បាត់​បង់​ដីព្រៃ​របស់​ខ្លួន​ទៅ​​​ក្នុង​​​ដៃ​​​ក្រុម​ហ៊ុន​ឯកជន​ និង​បុគ្គល​​មួយ​ចំនួន​​ដែល​កំពុង​តែ​កាប់​ឈើ​ប្រណីត​ៗ​”។

លោក សេក សុភ័ណ បាន​​​ឲ្យ​​​ដឹងថា​​​ មូល​និធិ​សម្រាប់​​គម្រោង​នេះ​​​​គិត​​​រហូត​​​មក​​​​​ដល់​ឆ្នាំ​២០១​៣​​​​​គឺ​​​ត្រូវ​បាន​ផ្តល់​ដោយ​ទី​ភ្នាក់ងារ​អភិ​វឌ្ឍន៍​​អាល្លឺម៉ង់ (GIZ)។ មូល​និធិ​នេះ​​​​បាន​​បញ្ចប់​​កាល​ពីថ្ងៃទី​៣១ ខែធ្នូ ហើយ​សំណើ​​ថ្មី​របស់​អង្គការ​ពល​កម្មអន្តរ​ជាតិ​​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​បន្ត​​​ផ្តល់​​​មូល​និធិ​ពី​ GIZ នេះ​​​​ត្រូវ​បាន​​ដាក់​​យឺត​ពេល​​​ពេក​​​​សម្រាប់​​​​ការ​ពិចារណា​​​ផ្តល់​​​មូលនិធិ​​​​សម្រាប់​ឆ្នាំ​២០១៤​នេះ​​​៕​សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស