សេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក (CAPA) បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ (PAL) គួរតែបោះបង់ចោលគម្រោងវិនិយោគទុនរួមរបស់ខ្លួន ជាមួយក្រុមហ៊ុនពហុជំនួញក្នុងស្រុករ៉ូយ៉ាល់គ្រុប ដើម្បីបង្កើតអាកាសចរណ៍ជាតិទីពីររបស់ប្រទេសកម្ពុជាគឺ ក្រុមហ៊ុនខេមបូឌា អ៊ែរ (Cambodia Air)។ របាយការណ៍បានឲ្យដឹងទៀតថា ការបង្កើតក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតនៅក្នុងប្រទេសនេះ នឹងប្រឈមនឹងហានិភ័យ។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃមុននេះមានសេចក្តីសន្និដ្ឋានថា “សេចក្តីសម្រេចក្រុមហ៊ុន PAL ក្នុងការបោះបង់ចោលគម្រោងនេះ និងស្វែងយល់អំពីលទ្ធភាពសម្រេចជោគជ័យនៃគម្រោងអាជីវកម្មវិនិយោគរួមនៅកម្ពុជាមួយនេះ គឺជាចំណាត់ការដ៏ត្រឹមត្រូវមួយ…។ ក្រុមហ៊ុននេះគួរតែចៀសវាងការប៉ុនប៉ងពិនិត្យឡើងវិញ លើគម្រោងនៅកម្ពុជានេះ ឬក៏ចៀសពីការប៉ុនប៉ងការបន្តគម្រោងវិនិយោគទុនរួមធំៗដទៃទៀតនៅក្រៅប្រទេស”។
មជ្ឈមណ្ឌល CAPA បានលើកឡើងថា “ខណៈដែលក្រុមហ៊ុន PAl មានស្មារតីគ្រប់គ្រាន់ សម្រាប់គាំទ្រគម្រោងវិនិយោគក្រៅប្រទេសថ្មីមួយ ក្រុមហ៊ុននេះគួរតែផ្តោតសំខាន់ទៅលើការកាត់បន្ថយចំណាយ និងបង្កើតលទ្ធភាពរកប្រាក់ចំណេញ តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងប្រទេសហ្វីលីពីនវិញ។ មជ្ឈមណ្ឌលនេះបានបន្តថា “គំនិតបោះបង់គម្រោងនេះចោលតាមរយៈការពន្យារពេល ដែលអាចនឹងទំនងជាកើតឡើងគឺជាគំនិតដ៏ល្អមួយ ដោយសារតែការបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនៅប្រទេសកម្ពុជាអាចជាគម្រោងអាជីវកម្មមួយប្រកបដោយហានិភ័យ”។
មជ្ឈមណ្ឌល CAPA បានលើកឡើងបន្តថា “ទីផ្សារកម្ពុជាកំពុងតែរីកធំយ៉ាងលឿន ក៏ប៉ុន្តែ មិនទំនងជាអាចផ្តល់ផលប្រយោជន៍ដល់គម្រោងអាជីវកម្មអាកាសចរណ៍ពេញលេញទី២នេះទេ”។ មជ្ឈមណ្ឌល CAPA បានចេញរបាយការណ៍នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានរាយការណ៍កាលពីពេលថ្មីៗនេះដោយដកស្រង់សម្តីរបស់លោក រ៉ាម៉ុន អាង (Ramon Ang) ប្រធាន និងជានាយកប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ PAL ថា ក្រុមហ៊ុនរបស់លោកបានបោះបង់ចោលគម្រោងវិនិយោគនេះ ដោយសារតែប្រទេសកម្ពុជាមានភាពច្របូកច្របល់ផ្នែកនយោបាយមិនទាន់ចប់។
លោក អាង ត្រូវបានដកស្រង់សម្តីថា “យើងបានពន្យារពេលគម្រោងនេះដោយសារតែស្ថានភាពនៅទីនោះ”។ កិច្ចព្រមព្រៀងអាជីវកម្មនេះត្រូវបានរំពឹងថា នឹងសម្រេចជាផ្លូវការក្នុងខែតុលាឆ្នាំមុន បន្ទាប់ពីត្រូវបានពន្យារពេលតាំងពីខែកក្កដាឆ្នាំដដែល។ ក្រុមហ៊ុនអាកាសចរណ៍ PAL ត្រូវបានរំពឹងថា បង់ប្រាក់១០ភាគរយលើការសម្រេចកិច្ចព្រមព្រៀងនេះ។
ទោះជាយ៉ាងណា មន្ត្រីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានលើកឡើងថា គម្រោងនេះកំពុងតែដំណើរការទៅមុខហើយប្រភពមួយដែលស្និទ្ធនឹងគម្រោងនេះ បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនអាកាសចរណ៍ PAL និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានវិនិយោគប្រាក់ច្រើនគួរសម បើគិតរហូតមកទល់ពេលនេះ [នៅក្នុងវិស័យអាកាសចរណ៍] ។
ក៏ប៉ុន្តែ មន្ត្រីទាំងនោះក៏ដូចជា លោក អាង បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលត្រូវបានសួរថា តើក្រុមហ៊ុនអាកាសចរណ៍ PAL បានបោះបង់គម្រោងវិនិយោគរបស់ខ្លួនមែនឬយ៉ាងណា។ ក្រុមហ៊ុនអាកាសចរណ៍ PAL មិនបានឆ្លើយតបទៅនឹងសំណើសុំឲ្យធ្វើសេចក្តីអត្ថាធិប្បាយនេះទេ៕ សុធា