30 C
Phnom Penh

រដ្ឋាភិបាល​សម្រេច​ផ្ត​ល់​ដីព្រៃម៉ៃសាក់​ទំហំ​ជាង​៣០០ហិកតា​សម្រាប់សាងសង់​ក្រុង​ក្នុងខេត្ត​ត្បូង​ឃ្មុំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​កា​ល​ពី​ម្សិល​​មិញ​ថា រដ្ឋាភិបាល​បាន​ផ្ត​ល់​ដី​ព្រៃ​ម៉ៃ​សាក់​ដែល​ជាដីរបស់រដ្ឋ​ទំហំ​៣២២ហិកតា​ស្ថិត ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​ជាខេត្ត​​​ទើប​បង្កើត​ថ្មី​ទៅ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​  ដូច្នេះ​ដី​នេះ​អាច​ត្រូវ ​បាន​ប្រើ​ប្រាស់​ដើម្បី​សាង​សង់​ក្រុង​នៅ​ក្នុង​ខេត្ត​ថ្មី​នេះ​។

លោក  ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា “​រដ្ឋាភិបាល​បាន​សម្រេច ​ប្រើ​ប្រាស់​ដី​របស់​រដ្ឋ​ទំហំ​ជាង​៣០០ហិកតា​នេះ​ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ ខេត្ត​ត្បូង​ឃ្មុំ​ថ្មី​”។ ខេត្ត​ថ្មី​នេះបាន​បំបែក​ចេញ​ពី​ខេត្ត​កំពង់​ចាម​កាលពី​ខែធ្នូ ដោយ​គ្រោង​សាង​សង់​ក្រុង​ក្នុង​ខេត្ត​​ថ្មីនេះ​​នៅក្នុង​ភូមិ​ប្រធា​តុ​ស្ថិ​ត​ក្នុង​ឃុំ​ស្រឡប់​ ស្រុក​ត្បូង​ឃ្មុំ។

យោង​តាម​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​៣០ ខែ​មករា​ ដោយ​ក្រសួង​មហាផ្ទៃ​តាម​គេហ​ទំព័រ​សារ​ព័ត៌មាន​ដើមអម្ពិល​ឲ្យ​ដឹង​ថា  ដី​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​សាង​ស​ង់​​អគារ​រដ្ឋាភិបាលដូច​ជា មន្ទីរ​ពេទ្យ សា​លា​រៀន​ សារមន្ទីរ​ ពហុកីឡាដ្ឋាន និង​សួន​ច្បារ​​សាធារណៈ។ សេចក្តីប្រកាស​នេះ​មិន​បានលើក​ឡើង​​ថា ដើម​ម៉ៃ​សា​ក់​ដែលនឹង​ត្រូវ​​កាប់​នៅក្នុង​តំបន់​ទំហំ​៣២២​ហិកតា​នេះនឹង​យកទៅ​ធ្វើ​អ្វី​ឡើយ។

លោក លន់ លឹមថៃ អភិបាល​ខេត្ត​កំពង់​ចាមបាន​មាន​ប្រសាសន៍​ថា នឹ​ង​មាន​ការ​បង្កើត ​គណៈកម្មការ​មួយ​ដើម្បី​ធ្វើការ​សិក្សា​រក​វិធី ​ដ៏​ប្រសើរ​បំផុត​​សម្រាប់​ការ​​សា​ង​សង់ក្រុង​ក្នុង​​​​ខេត្ត​​ថ្មី​នេះ។ លោក​​បាន​មាន​ប្រសាសន៍បន្ថែម​ថា “ការ ​សាងសង់​ក្រុង​ក្នុង​ខេត្តនេះ​នឹង​ត្រូវ​ចាប់ផ្តើម​បន្ទាប់​ពីធ្វើការ​​សិក្សាចប់សព្វគ្រប់​​” ប៉ុន្តែ​លោក​មិន​អាច​ផ្ត​ល់​ពី​ពេល​វេលា​ជាក់លាក់​បាន​ទេ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស