កាលពីម្សិលមិញ អាជ្ញាធររាជធានីនិងអាជ្ញាធរខណ្ឌមានជ័យបានជូនដំណឹងដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងផ្ទះតូចៗសង់ពីឈើនៅតាមផ្លូវជាតិលេខ១ក្នុងសង្កាត់ច្បារអំពៅ១រាជធានីភ្នំពេញថា ពួកគាត់នឹងត្រូវចាកចេញដើម្បីយកកន្លែងពង្រីកផ្លូវ។
លោក គួច ចំរើន អភិបាលខណ្ឌមានជ័យបានឲ្យដឹងថា “គម្រោងនឹងចាប់ផ្តើមដំណើរការនៅសប្តាហ៍ក្រោយនេះ ប៉ុន្តែនៅថ្ងៃនេះ យើងបានសុំឲ្យប្រជាពលរដ្ឋទាំងនោះត្រៀមចាកចេញឲ្យហើយ ដើម្បីឲ្យយើងបញ្ជូនត្រាក់ទ័រឈូសឆាយមករានដី”។ លោក គួច ចំរើន បានមានប្រសាសន៍បន្ថែមទៀតថាផ្លូវជាតិលេខ១នឹងត្រូវពង្រីក ២០ម៉ែត្រសងខាងផ្លូវដោយដំណាក់កាលដំបូងនឹងចាប់ផ្តើមលើកំណាត់ផ្លូវប្រវែងបួនគីឡូម៉ែត្រសិនគឺចាប់ពីស្ពានច្បារអំពៅរហូតដល់វត្តក្តីតាកុយ។
ដំណាក់កាលទី២នឹងមានការពង្រីកសងខាងផ្លូវប្រវែងប្រាំម៉ែត្រទៀត ប៉ុន្តែការពង្រីក បន្ថែមនេះនឹងធ្វើឡើងក្រោយពេលមានការផ្តល់សំណងហិរញ្ញវត្ថាដល់ប្រជាពលរដ្ឋដែលរស់នៅតាមកំណាត់ផ្លូវនោះរួចរាល់ប៉ុណ្ណោះ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងដីចំណីផ្លូវប្រវែង២០ម៉ែត្រនោះ គឺមិនទទួលបានសំណងទេ ដោយសារដីនេះត្រូវចាត់ទុកជាដីរបស់រដ្ឋ។
លោក គួច ចំរើន បានមានប្រសាសន៍បន្ថែមទៀតថា “យើងនឹងមិនផ្តល់សំណងដល់គ្រួសារដែលរងផលប៉ះពាល់ទាំងនោះទេ ពីព្រោះពួកគាត់រស់នៅលើដីរបស់រដ្ឋលើដីចំណីផ្លូវប្រវែង២០ម៉ែត្រនោះ”។
លោក សន ណារ័ត្ន អនុប្រធានការិយាល័យអន្តរក្រសួងខណ្ឌបានឲ្យដឹងថា ប្រជាពលរដ្ឋ៦១គ្រួសារនឹងបាត់បង់ផ្ទះសំបែងរបស់ខ្លួនទាំងស្រុងតែម្តង។ ចំណែកប្រជាពលរដ្ឋជាង៥០០គ្រួសារទៀតនឹងរងការប៉ះពាល់ខ្លះដោយសារការពង្រីកផ្លូវនេះ។ លោក សន ណារ័ត្ន បានមានប្រសាសន៍បន្ថែមទៀតថា “យើង បានត្រៀមដីមួយក្បាលសម្រាប់គ្រួសារដែលបាត់បង់អ្វីៗទាំងអស់ ហើយប្រជាពលរដ្ឋក្នុងមួយគ្រួសារៗនឹងទទួលបានដីមួយក្បាលទំហំ៤ម៉ែត្រគុណនឹង១៥ម៉ែត្រនៅក្នុងសង្កាត់និរោធ” ចម្ងាយប្រហែល៦គីឡូម៉ែត្រពីលំនៅដ្ឋានចាស់របស់ខ្លួន។
អ្នកស្រី ហ៊ុយ ផល្លា អាយុ៤៥ឆ្នាំដែល មានផ្ទះទំហំ១២ម៉ែត្រគុណនឹង២៤ម៉ែត្រស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ១ និងដែលត្រូវបានជូនដំណឹងឲ្យចាកចេញនោះបានអះអាងថា អ្នកស្រីបានមករស់នៅទីនោះតាំងពីចប់របបខ្មែរក្រហមម៉្លេះ។ អ្នកស្រី ហ៊ុយ ផល្លា បាននិយាយថា “ខ្ញុំត្រូវការសំណង តាមតម្លៃទីផ្សារ បើមិនដូច្នោះទេ ខ្ញុំមិនព្រមចាកចេញពីផ្ទះសំបែងរបស់ខ្ញុំឡើយ ពីព្រោះខ្ញុំមករស់នៅទីនេះ តាំងពីឆ្នាំ១៩៧៩មកម៉្លេះ”៕សារុន