38 C
Phnom Penh

​​CMAC ​បញ្ចប់​​ការស៊ើប​អង្កេត​ករណី​ភ្លើង​ឆេះ​អំឡុង​ពេល​​មាន​ការ​ចោទ​ប្រកាន់​ជុំ​វិញ​បញ្ហា​អំពើ​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅកាត់ថា CMAC បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញថា ខ្លួន បាន​បញ្ចប់​ប្រតិបត្តិការ​ស៊ើប​អង្កេត​របស់​ខ្លួន លើករណី​ភ្លើង​ឆេះ​ដែ​ល​​កើត​ឡើង​នៅ​រោង​​ជាង​ជួស​ជុល​បរិក្ខារ​ក្នុង​ខេត្ត​បាត់​ដំបង​ កាល​ពី​ថ្ងៃ​ទី​២៤ ខែមករា បណ្តាល​ឲ្យ​ឧបរករណ៍​បរិក្ខារ​ និង​យាន​ជំនិះ​ដែលមាន​តម្លៃ​សរុប​ប្រ​ហែល​សរុប ៤០០.០០០ដុល្លារ​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល​ CMAC បានឲ្យ​ដឹង​ថា ហេតុការណ៍​ភ្លើង​ឆេះ​នេះ​បង្ក​ឡើង​ដោយ​ទុសេខ្សែ​ភ្លើង​ ហើយ​ម៉ាស៊ីន​កំុព្យូទ័រ​ដែល​មាន​ឯកសារប្រតិបត្តិការ​ និង​ហិរញ្ញវត្ថុ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​។​

នៅ​ថ្ងៃ​ភ្លើង​ឆេះ​នោះ លោក រតនា បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​អស់​រយៈពេល​ជិត​បី​ម៉ោង​ទើប​រលត់​ បន្ទាប់​ពី​បុគ្គលិក​មជ្ឈមណ្ឌល CMAC បាន​ព្យាយាម​ពន្លត់​ភ្លើង​ដោយ​ខ្លួន​ឯង​មុន​ពេល​ហៅ​ទូរស័ព្ទ​ទៅ​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ក្នុង​មូលដ្ឋាន​។ កាលពី​ម្សិលមិញ លោក ហេង រតនា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លោក​ពី​សំណាក់​អ្នក​ទម្លាយ​ព័ត៌មានអនាមិក​​មួយ​រូប​ដែលបាន​អះ​អាង​ថា ខ្លួន​ជា​បុគ្គលិក​មជ្ឈមណ្ឌល ​CMAC ហើយ​បាន​លើក​ឡើង​ថា ហេតុការណ៍​ភ្លើង​ឆេះ​​នេះ​បាន​កើត​ឡើង​តាម​ការ​គ្រោង​​ទុក​ជា​មុន​។

 អ្នក​ទម្លាយ​ព័ត៌មាន​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ហេង រតនា បាន​បង្កើត​បណ្តាញ​ពុករលួយ​មួយ​នៅ​ជុំ​វិញ​គាត់​ដែល ជា​ប្រធាន​​មជ្ឈមណ្ឌល ​CMAC។
អ្នក​ទម្លាយ​ព័ត៌មាន​ដដែល​នោះ​បាន​អះ​អាង​ថា ឧបករណ៍​បរិក្ខារ​ថ្មី​ៗដែល​ត្រូវ​ចំណាយ​​ប្រាក់​មួយ​លាន​ដុល្លារ​ ត្រូវ​បាន​ទិញ​ដោយ​អ្នក​គ្រប់​គ្រងនៅ​​រោង​ជាង​នោះ មួយ​ថ្ងៃ​មុន​ពេល​​​ហេតុ​ការណ៍​ភ្លើង​ឆេះ​នេះកើត​ឡើង​ ក៏​ប៉ុន្តែ​ ប្រតិបត្តិការ​ទិញ​ឧបករណ៍​បរិកា្ខរ​ទាំង​នេះ​មិន​អាច​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​ឯកសារ​តទៅ​ទៀត​បាន​ទេ ដោយ​សារតែ​ឯកសារ​ទាំង​អស់​ត្រូវ​បាន​ភ្លើង​ឆេះ​។

អ្នក​ទម្លាយ​ព័ត៌មាន​រូប​នោះ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​​លើក​ឡើង​​ថា “តើ​គ្រឿង​បន្លាស់​ទាំង​នោះ​ត្រូវ​ភ្លើង​ឆេះ​មែន​ឬ​យ៉ាង​ណា?​ យើង​ខ្លាច​តែគ្រឿង​បន្លាស់​ទាំង​នោះ​ត្រូវ​គេ​យក​ទៅ​លក់​ទេ។ ឯកសារ​បញ្ជាក់​ទាំង​អស់​របស់​​មជ្ឈ​មណ្ឌល ​CMAC ក៏​បាត់​អស់​ផង​ដែរ។ ហេតុ​ការ​ណ៍​ភ្លើង​ឆេះ​នេះ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ឬក៏​ដោយ​សារ​តែ​នរណា​ម្នាក់?” ។

លិខិត​នោះ​ក៏​បាន​បង្ហាញ​ពី​បណ្តាញ​ធន​ធាន​ដែល​មាន​ការ​គ្រប់​គ្រង​ និង​មាន​បក្ខ​ពួក​និយម​ នៅ​រោង​ជាង​របស់​​មជ្ឈមណ្ឌល ​CMAC ក្នុង​ខេត្ត​បាត់​ដំបង​។
លិខិត​ដដែល​មាន​ខ្លឹមសារ​បន្ត​ទៀត​ថា “នៅ​ក្នុង​រោង​ជាង​កណ្តាល​របស់​​មជ្ឈ​មណ្ឌល ​CMAC មាន​សាច់​ញាតិ​របស់​លោក រតនា​ ច្រើន​​ណាស់”។ ​នៅ​ក្នុង​លិខិត​នោះ​មាន​ការ​អះ​អាង​ថា អ្នក​គ្រប់​គ្រង​រោង​ជាង​ មន្ត្រី​ភ័ស្តុភា មន្ត្រី​ហិរញ្ញវត្ថុ​ និង​ជាង​ជាច្រើន​នាក់​មាន​ទំនាក់​ទំនង​ជាមួយលោក​ រតនា។

លិខិត​នេះ​មាន​ខ្លឹម​សារ​បន្ថែម​ទៀត​ថា “នៅ​ក្បែរនោះ​មាន​ដី​ស្រែ​ទំហំ​ជាង​១.០០០​​ហិតា របស់​លោក រតនា ហើយ​នៅ​លើ​ដី​ស្រែ​​​នោះ​​មាន​ប្រេង​ ​អេស្កាវ៉ាទ័រ​ និង​រថយន្ត​ របស់​​​មជ្ឈមណ្ឌល ​CMAC ដែល​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​”។ គួរបញ្ជាក់​ថា លិខិត​នេះ​មាន​រូប​ថត​​អេស្កាវ៉ាទ័រ​ម៉ាក់ហ៊ីតាឈិ ដែល​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គម្រោង​ដោះ​មីន​ និង​រូប​ថត​រថយន្ត​រដ្ឋដែល​ទំនង​ជា​ត្រូវ​បាន​ចត​ទុក​នៅ​ក្នុង​លំនៅ​ដ្ឋាន​ឯក​ជន​។

លោក ហេង រតនា បាន​សារភាព​កាលពី​ម្សិលមិញ​ថា សាច់​ញាតិ​មួយ​ចំនួន​របស់​លោក​​ធ្វើការ​នៅការិយាល័​យ​ប្រចាំខេត្ត​បាត់​ដំបង​របស់​​មជ្ឈមណ្ឌល​CM​A​C​​។ ក៏​ប៉ុន្តែ​ លោក​បាន​​ច្រាន​ចោល​ករណី​ចោទ​ប្រកាន់ផ្សេង​ៗ​ទៀត​ ដោយ​បាន​មាន​ប្រសាសន៍​ថា “ពិត​មែន​ហើយ​ បង​ប្អូន​មួយ​ចំនួន​របស់​ខ្ញុំ​ ធ្វើការនៅ​​មជ្ឈ​មណ្ឌល ​CMAC ក៏​ប៉ុន្តែ​ ពួកគេ​ភាគ​ច្រើន​ បាន​លាឈប់​ពីការងារ​នៅ​ទីនេះ​ហើយ​ កាល​ពី​ឆ្នាំ​មុន។​

ទោះ​​បីជា​បង​ប្អូន​ខ្ញុំ​ម្នាក់​ពីរនាក់​កំពុង​ធ្វើកា​រ ងារ​នៅ​ទីនេះ​ក៏​ដោយ​ ក៏​ពួកគេ​ធ្វើ​តេស្ត​ជាប់ទើប​អាច​ទទួល​បាន​ការងារ​នេះ​ មុន​ពេល​ខ្ញុំ​ចូល​ធ្វើការ​នៅ​ទីនេះ។ នៅ​​​ពេល​បង​ប្អូន​ថ្លៃ​របស់​ខ្ញុំ​ចាប់​ផ្តើម​ធ្វើការ​នៅ​ទីនេះ ពួកគេ​មិន​មែន​ជាសាច់​ថ្លៃ​របស់​ខ្ញុំ​ទេ ក៏​ប៉ុន្តែ​ ពួកគេបាន​ស្រឡាញ់​ និង​រៀប​ការ​ជាមួយ​បង​ប្អូន​ខ្ញុំ​”។​ ទាក់​ទងទៅ​នឹង​ដី​ស្រែ​ដែល​មាន​ឧបករណ៍​បរិក្ខារ​របស់​​មជ្ឈមណ្ឌល ​CMAC និង​កំពុងតែ​ត្រូវ​បាន​ប្រើប្រាស់​នោះ​លោក​ រតនា បាន​មាន​​ប្រសាសន៍​ថា “ទោះ​បី​ជាខ្ញុំ​កំពុង​កែ​លម្អ​ដី​ស្រែ​របស់​ខ្ញុំ​ក៏​ដោយ​ មិន​មាន​សម្ភារ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​ ត្រូវ​បា​ន​ប្រើ​ប្រាស់​ទេ​”។

លោក រតនា បាន​លើក​ឡើង​ថា សេចក្តី​អះ​អាង​ទៅ​លើ​រូប​លោក​គឺ​ជា​ទង្វើ​បរិហារ​កេរ្តិ៍​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្នកដែល​វាយ​ប្រហារ​ខ្ញុំ​គ្រាន់​តែ​ចង់​ទម្លាក់​កិត្តិយស​ខ្ញុំ​នៅ​មុខ​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ​”។

ស្ថានទូត​ជប៉ុន​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ប្រតិបត្តិការ​ស៊ើប​អង្កេត​របស់​​មជ្ឈមណ្ឌល ​CMAC ​លើ​ករណី​ភ្លើង​ឆេះ​​ដែល​​បំផ្លិច​បំផ្លាញ​ឧបករណ៍​បរិក្ខារ​​ដែល​ត្រូវ​បាន​ទិញ​ដោយ​មាន​ជំនួយ​ពី​​សមភាគី​​ជប៉ុន​នេះ​។ ​មជ្ឈមណ្ឌល ​CMAC បាន​ទទួល​រង​នូវការ​លាត​ត្រដាង​ព័ត៌មាន​ និង​ការ​ចោទ​ប្រកាន់​ជុំ​វិញ​អំពើ​ពុករលួយ​ជាយូរ​មក​ហើយ​។

កាលពី​ឆ្នាំ​១៩៩៩ សេចក្តី​រាយការណ៍​មួយ​ដែល​រក​ឃើញ​ថា មាន​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​​មិន​ត្រឹម​ត្រូវ​ អំឡុង​ពេល​មានការ​ចោទ​ប្រកាន​់​ពី​អំពើ​លួច​បន្លំ​ ការ​ប្រើ​ប្រាស់​មូលនិធិ​បរទេស​ និង​ក្នុង​ស្រុក​មិន​ត្រឹម​ត្រូវ​ និង​បក្ស​ពួក​និយម​។ អគ្គនាយក​​មជ្ឈមណ្ឌល ​CMAC ត្រូវ​បាន​បញ្ឈប់​ពីការងារ​តាំងពី​ពេល​នោះ ម្ចាស់​ជំនួយ​បាន​បង្កកមូលនិធិ​ ហើយ​បុគ្គលិក​ប្រហែល​៩០ភាគ​រយ​ត្រូវ​បាន​រំសាយ​។

លោក រតនា ដែល​កាលពី​ឆ្នាំ​២០០៣ជា​នាយករង​​មជ្ឈមណ្ឌល ​CMAC ត្រូវ​បាន​ចោទ​ប្រកាន់​ ជាមួយ​អ្នក​គ្រប់​គ្រង​ពីរនាក់​ផ្សេង​ទៀត​ថា បាន​បំភ្លៃ​ព័ត៌មាន​ក្នុង​របាយការណ៍​ចំណាយ​ និង​ស៊ីសំណូក​ជាការ​ផ្លាស់ប្តូរ​នឹង​ការ​ងារ​នៅ​អង្គភាព​នេះ​។ ប្រតិបត្តិការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ​ដឹក​នាំ​ដោយ​លោក រតនា បាន​រក​ឃើញ​ថា មិន​មាន​កំហុស​អ្វី​ទេ៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស