អ្នកភូមិប្រមាណ១៤០នាក់នៅក្នុងខេត្តកោះកុងបានលើកគ្នាតវ៉ាបិទផ្លូវពីរថ្ងៃជាប់គ្នាកាលពីម្សិលមិញ ដើម្បីទាមទារសំណងពីក្រុមហ៊ុនចិនមួយ ដែលពួកគាត់និយាយថា បានដុតបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ដើម្បីបើកផ្លូវសម្រាប់ការបង្កើតរមណីយដ្ឋានទេសចរណ៍មួយដែលមានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លារ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សមួយរូបនិងក្រុមអ្នកភូមិ។
អ្នកភូមិទាំងនេះបានបិទផ្លូវពីទីរួមខេត្តឆ្ពោះទៅទីស្នាក់ការក្រុមហ៊ុន Union Develop-ment Group ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយជាមួយអ្នកភូមិចាប់តាំងពីឆ្នាំ២០០៨មក ជុំវិញផែនការរបស់ក្រុមហ៊ុននេះ ដើម្បីប្រែក្លាយតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់ខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍មួយមានទំហំទឹកប្រាក់៣,៨ពាន់លានដុល្លារ ដែលរួមមានសណ្ឋាគារទីធ្លាវាយកូនហ្គោលនិងអាកាសយានដ្ឋានមួយផងដែរ។
គម្រោងនេះមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិបទុមសាគរ ទីដែលក្រុមហ៊ុន Union Devlopment Group ទទួលបានការអនុញ្ញាតឲ្យកាប់ឆ្ការព្រៃទំហំ៤៥.០០០ហិកតា ឬប្រហែល១ភាគ៤នៃឧទ្យានជាតិនេះ។
លោក អ៊ិន គង់ចិត្រ មន្ត្រីឃ្លាំមើលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថា “ពួកគាត់បិទផ្លូវនេះដើម្បីរារាំងរថយន្តរបស់ក្រុមហ៊ុនមិនឲ្យចូលទៅការដ្ឋានរបស់ក្រុមហ៊ុន។ ពួកគាត់កំពុងទាមទារសំណងចំពោះការដុតបំផ្លាញផ្ទះសំបែងរបស់ពួកគាត់”។ លោកបានមានប្រសាសន៍ទៀតថា ការបិទផ្លូវនេះបានចាប់ផ្ដើមកាលពីថ្ងៃពុធ ដែលនៅពេលនោះអ្នកភូមិប្រមាណ១០៥នាក់បានប៉ះទង្គិចគ្នាមួយប្រាវជាមួយកងសន្ដិសុខក្រុមហ៊ុន៤០នាក់ និងទាហានប្រាំមួយនាក់ប្រដាប់ដោយកាំភ្លើងអាកា៤៧ ដែលធ្វើការឲ្យក្រុមហ៊ុន Union Devlopment Group ។ តែទោះជាយ៉ាងណា គ្មានអ្នករងរបួសទេក្នុងហេតុការណ៍នេះ។
ហើយកាលពីខែមុន អ្នកភូមិបានអះអាងថា ក្រុមហ៊ុននេះបានបញ្ជូនកម្លាំងសន្ដិសុខនិងទាហាន៣០នាក់ទៅកាន់ផ្ទះរបស់អ្នកភូមិក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ដើម្បីបណ្ដេញពួកគាត់ចេញពីដីធ្លីរបស់ខ្លួន ពីព្រោះក្រុមហ៊ុន Union Devlopment Group បានអះអាងថា ផ្ទះរបស់ពួកគាត់ទន្ទ្រានចូលដីរបស់ពួកគេ។ នៅពេលពួកគាត់មិនព្រមចាកចេញ កម្លាំងសន្ដិសុខនិងទាហានទាំងនោះក៏បានដុតបំផ្លាញផ្ទះអស់៤៥ខ្នង។
អ្នកភូមិម្នាក់ឈ្មោះ ស៊ុន គឹមសឿន អាយុ៥៨ឆ្នាំបានលើកឡើងថា កម្លាំងសន្ដិសុខបានដាក់ខ្នោះដៃគាត់រយៈពេលបីម៉ោងខណៈពេលដុតបំផ្លាញផ្ទះរបស់ពួកគាត់ ដែលស្ថិតនៅលើដីស្រែទំហំប្រាំពីរហិកតា កាលពីថ្ងៃទី២៤ ខែមករា។
អ្នកស្រីនិយាយថា “ពួកគេបានមករើកកាយរបស់របរខ្ញុំ ហើយដុតបំផ្លាញផ្ទះរបស់ខ្ញុំ។ នេះគឺជាទង្វើដ៏ព្រៃផ្សៃ។ ខ្ញុំឲ្យរដ្ឋាភិបាលកាត់ដីរបស់ខ្ញុំចេញពីតំបន់ដីក្រុមហ៊ុន ដើម្បីឲ្យខ្ញុំអាចបង្កបង្កើនផលដំណាំស្រូវ ដើម្បីចិញ្ចឹមកូនៗរបស់ខ្ញុំ។ តើខ្ញុំអាចទៅណាបានប្រសិនបើខ្ញុំគ្មានដីស្រែទេនោះ?”។ អ្នកស្រីបាននិយាយបន្តទៀតថា អ្នកស្រីគ្រប់គ្រងដីនេះជាម្ចាស់កម្មសិទ្ធិចាប់តាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ុន ដារ៉ា អភិបាលរងខេត្តកោះកុងបានបដិសេធមិនឆ្លើយបំភ្លឺទេ៕ សុខុម