35 C
Phnom Penh

មេធាវីបរទេស​ដែលបក្សសង្គ្រោះ​ជាតិ​បាន​​ជួល​ សុំ​ការ​ផ្តល់​ព័ត៌មាន​ពី​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ រីឆាត​ រ៉ូជើ (Richard Rogers) ជា​មេ​ធា​វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួល​ឲ្យ​ជួយ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋ​កម្ម​​​អន្តរជាតិ​នៅ​ក្រុង​ឡាអេ​ ដើម្បី​ប្តឹង​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ប្រគល់​លិខិត​​ដោយ​ផ្ទាល់​ទៅ​ឲ្យ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថចំនួន​ពីរ​រូប​ដោយ​ស្នើសុំ​ឲ្យ​មានការ​ផ្តល់​ព័ត៌មាន​ទាក់​ទិន​នឹង​​ការ​បាញ់​សម្លាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​​ធ្វើ​កូដកម្ម​កាល​ពី​ខែ​មុន​។

លោក រ៉ូជើ​ បាន​លើក​ឡើង​ថា លិខិត​ត្រូវ​បាន​ផ្ញើ​ទៅ​ឲ្យ​លោក សៅ សុខា​ អគ្គ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​លោក​ រ័ត្ន ស៊្រាង​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី ដែលមាន វត្ត មាន​អំឡុង​មន្ត្រី​កង​រាជ​អាវុធ​​ហត្ថ​ បាន​បើក​ការ​បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​​នៅ​​ផ្លូវ​វេងស្រេង​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា​​ដោយ​បណ្តាល​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ចំនួន​ប្រាំ​នាក់ស្លាប់​ និង​ជាង​៤០​នាក់ផ្សេង​ទៀត​​រង​របួស​។

លិខិត​ដែល​លោក​ រ៉ូជើ​ បាន​ផ្ញើ​ទៅ​ឲ្យ​​ឧត្តម​​​សេនីយ៍​ទោ​ រ័ត្ន​ ស៊្រាង​ មាន​ខ្លឹម​សារ​ដូច្នេះ​​​ថា  “កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក​ បាន​បើក​ការ​បាញ់​ប្រហារ​លើ​​​​​បាតុករ​ស៊ីវិល​ដោយ​ប្រើ​កាំភ្លើង​ AK-47។​​ មាន​ភ័ស្តុតាង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បញ្ជាក់​ថា​លោក​បាន​មាន​វត្ត​មាននៅ​ពេល​កើត​មាន​ការ​បាញ់​ប្រហារ​”។

លិខិត​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ឧត្តម​សេនីយ៍​ឯក​ សៅ សុខា​ ដែរនោះ​បាន​បន្ត​ថា “ដូច​ដែល​លោក​បាន​ដឹង​ហើយ​ នៅ​ពេល​ដោះ​ស្រាយ​ជាមួយ​បាតុករ​ស៊ីវិល​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​នគរបាល​កម្ពុជា​ដាច់​ខាត​ត្រូវ​តែ​គោរព​តាម​គោល​ការ​ណ៍​មូលដ្ឋាន​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តីអំពី​ការ​ប្រើ​ប្រាស់​កម្លាំង​ និង​អាវុធ​។​ ការ​ប្រើ​អាវុធ​បាញ់​សម្លាប់​មនុស្ស​គឺ​ត្រូវ​បាន​អនុញ្ញាតឲ្យ​ប្រើ​​ដើម្បី​ការ​ពារ​ខ្លួន​នៅ​ពេល​ចាំ​បាច់​ប៉ុណ្ណោះ​”។

លិខិត​នេះ​បាន​ស្នើ​ឲ្យអគ្គ​​មេ​បញ្ជា​ការ​ទាំង​ពីរ​បង្ហាញ​មុខ​ជន​ដែល​ពាក់​ព័ន្ធ​នៅក្នុង​ការ​សម្រេច​​ឲ្យ​មាន​ការ​ប្រើ​​​ប្រាស់​កាំភ្លើង​​​បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ​វេង​ស្រេង​ ដែល​ភាគច្រើន​បាន​គប់​ដុំ​ថ្ម​ និង​ដប​សាំង​លើ​កង​សន្តិសុខ​ជាការ​​ឆ្លើយ​តប​។

លិខិត​ដែល​ស្នើ​សុំ​ឲ្យ​មានការ​ផ្តល់​ព័ត៌​មាន​​​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នៅ​ថ្ងៃ​ទី​៣​ ខែ​មករា​នេះដែរ​នោះ ​មាន​ខ្លឹមសារដូច្នេះថា “ដើម្បី​ជួយ​ដល់​ការ​ស៊ើប​អង្កេត​របស់​យើង​ យើង​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្ហា ញមុខ​អ្នក​ដែល​ចេញ​បទ​បញ្ជា​ទៅ​ឲ្យ​លោក​ ហើយ​ថាតេើ​ការ​ចេញបញ្ជា​ឲ្យមាន​ការ​ប្រើ​ប្រាស់​កាំភ្លើង​អំឡុង​ពេល​បង្ក្រាប​អ្នក​តវ៉ា​ មានពាក់​ព័ន្ធ​នឹង​ថ្នាក់​លើ​របស់​លោក​ដែល​ស្ថិត​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែរ​ឬទេ”​។

លិខិត​នេះ​បាន​មាន​ខ្លឹម​សារ​បញ្ចប់​ថា “ប្រសិន​បើ​យើង​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយពី​លោក​ត្រឹម​រយៈពេល​១៤​ថ្ងៃ​នោះ​យើង​នឹង​សន្និដ្ឋាន​ថា  លោក​មិន​មាន​បំណង​​​​ជួយ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ទេ​”។

ឧត្តម​សេនីយ៍ត្រី​ ខេង​ ទីតូ អ្នកនាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​ឲ្យ​ដឹង​ថា​ ឧត្តម​សេនីយ៍​ឯក​ សៅ សុខា​ និង​ឧត្តម​សេនី​យ៍ទោ​ រ័ត្ន​ ស៊្រាង​ នឹង​មិន​ផ្តល់​ព័ត៌មាន​ណា​​​មួយ​ទាក់​ទិន​នឹង​កា​រ​ស្លាប់​នៅ​ផ្លូវ​វេង​ស្រេង​​ តាម​សំណើ​របស់​លោក រ៉ូជើ​​ ឡើយ​។

ឧត្តម​សេនីយ៍ត្រី​ ខេង ទីតូ​ បាន​មាន​ប្រសា​​​​​​សន៍ថា “យើង​នឹង​មិន​សហ​ការ​ជា​មួយ​​ជន​បរទេស​ទេ​”។ ឧត្តម​សេនីយ៍ត្រី​ ខេង​ ទីតូ​ បានលើក​ឡើង​ថា​ ការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល​លើ​ការ​ស្លាប់​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ នឹង​ផ្តោត​ទៅលើ​ថា តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះការ​ធ្វើ​ឲ្យ​កើត​មាន​​បាតុកម្ម​ដ៏ហិង្សា​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “គណៈ​កម្មការ​របស់​យើង​ ស្វែង​រក​តែ​ថា​ តើ​ហេតុ​​អ្វី​បាន​ជា​កើត​មាន​អំពើ​ហិង្សា​ និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត”៕ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ បែន​ សុខហ៊ាន​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស