31 C
Phnom Penh

សហជីពនឹង​បន្ត​ហែ​ក្បួន​បន្ទាប់​ពី​រដ្ឋាភិបាលមិន​​ដំឡើង​​ប្រាក់​ខែគោល​របស់​កម្មករ​រោងចក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​កម្មករ​រោង​ចក្រកាត់ដេរ​ចំនួន​ប្រាំ​មួយ និង​សហជីព​កម្មករទូទៅ​​ពីរ​ទៀត​​បាន​ឲ្យដឹង​កាល​ពីម្សិលមិញថា ពួក​គេ​នឹង​ដង្ហែ​ក្បួន​នៅថ្ងៃ​ច័ន្ទ តាម​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​ក្នុង​ទីក្រុង​ភ្នំពេញ​ទៅកាន់​ស្ថាន ទូត​បរទេស​​ដើម្បី​តវ៉ា​នឹង​ការ​ដែល​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​​ដោះស្រាយ​ការ​ទាម​ទារ​របស់​ខ្លួន​សុំ​ដំឡើង​ប្រាក់​ខែ​គោល​​របស់​កម្មករ​។

ការ​ប្រកាស​ហែក្បួន​​នេះ​​ធ្វើ​​ឡើង​បន្ទាប់​ពីគណៈកម្មាធិការ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​​​មិន​បាន​ដោះ ស្រាយ​​​បញ្ហា​ប្រាក់​ខែ​គោល​​​ ​ដោយ​បាន​លើក​ឡើ​ងថា មិន​មាន​ផែនការ​ដំឡើង​​ប្រាក់​ខែ​នៅពេល​នេះ​ឡើយ។

លោក ប៉ាវ ស៊ីណា ប្រធាន​​សម្ព័ន្ធ​សហជីព​ចល​នា​កម្មករ​បាន​មាន​ប្រសាសន៍ថា “យើង​បាន​សម្រេ​ចកាល​ពីថ្ងៃ​ច័ន្ទ ដើម្បី​​​ធ្វើ​ការជួបជុំ​​គ្នា​​​មាន​​អ្នក​ចូល​រួមប្រហែល​ជាង​៣០០នាក់​មក​ពី​សហ​ជីព​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ៗ​ដើម្បី​ហែក្បួន​ទៅ​​ព្រះ​អង្គ​ដងកើ​​​​នៅ​ជិត​មាត់​ទន្លេ​”។

លោក ស៊ីណា បានមាន​ប្រសាសន៍ថា បន្ទាប់​មក​សហជីព​ទាំង​នោះ​នឹង​បញ្ជូន​ញត្តិ​​មួយ​ដែល​មាន​ប្រាំពីរ​ចំណុច​​ស្វែង​​រក​កា​រ​គាំទ្រ​ពី​ស្ថាន​ទូត​បរទេស ​រួម​ទាំង​ស្ថាន​ទូត​អាមេរិក​ ចិន បារាំង​ និង​អង់គ្លេស​ផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​​នឹង​មិន​តវ៉ា​នៅថ្ងៃ​នោះ​ទេ​។ យើង​គ្រាន់​តែ​រៀប​ចំ​ផែនការ​ដាក់​ញតិ្ត​​ជូន​ស្ថាន​ទូត​នានា​ស្នើ​សុំ​ឲ្យ​ស្ថាន​ទូត​ទាំង​នោះ​ជួយ​ឲ្យ​ការ​ទាម​ទារ​របស់​ខ្លួន​បាន​សម្រេច​​ប៉ុ​ណ្ណោះ​”។

ញត្តិ​នេះ​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​សម្រាប់​កម្មករ​ ទាម​ទារ​ឲ្យមាន​ការ​ដោះ​លែង​អ្នក​តវ៉ា​២៣​នាក់​ ដែល​​ត្រូវ​បាន​​ចាប់​ដាក់​ពន្ធនាគារ​កាល​ពីខែ​មុន​អំឡុង​ពេល​ធ្វើ​កូដ​កម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ ការ​ផ្តន្ទា​ទោស​កង​កម្លាំង​របស់​រដ្ឋាភិបាល​ដែល​បាន​​​បាញ់​សម្លាប់​អ្នក​តវ៉ា​ប្រាំ​នាក់​ កាល​ពីថ្ងៃទី​៣​ ខែ​មករា​ ការ​បញ្ចប់​បម្រាម​របស់​រដ្ឋាភិ​បាល​មិន​ឲ្យ​ធ្វើ​បាតុកម្ម ការ​បញ្ចប់​បណ្តឹង​ផ្លូវ​ច្បាប់​ទៅ​លើ​មេដឹកនាំ​សហជីព​ដែល​បាន​​ដឹក​នាំ​ធ្វើ​កូដ​កម្ម​ទូទាំង​ប្រទេស​កាល​ពីខែ​ធ្នូ​ និង​កា​របើក​ប្រាក់ខែ​ឲ្យកម្មករ​ដែល​បាន​ចូល​រួ​ម​ធ្វើ​កូដ​កម្ម​នោះ​។

គណៈ​កម្មការ​​​​មួយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​បាន​បង្កើត​ឡើង​​ឲ្យសិក្សា​អំពី​ប្រាក់​ខែ​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ   ​ចំនួន​​៦០០.០០០នាក់​នោះ​ បាន​ជួប​​ពិភាក្សា​ គ្នា​ជាលើក​ដំបូងកា​ល​ពី​ម្សិ​ល​មិញ​​ ក៏ប៉ុន្តែ មន្ត្រី​ដែល​ចូល​រួម​កិច្ច​ប្រជុំ​នោះ​បាន​លើក ឡើង​​​ថា មិន​មាន​ការ​ពិចារណា​ពីការ​កែ​ប្រែ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី ៣១​ ខែ​ធ្នូ​របស់​ក្រសួង​ការងារ​ ដើម្បី​ដំឡើ​ងប្រាក់ខែគោល​ឲ្យកម្មករ​រោងចក្រ​​​កាត់​​​ដេរ​​​ដល់​​១០០ដុល្លារ​ក្នុងមួយ​ខែ​នេះ​ទេ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​​ការ​ងារ​បានមាន​ប្រសាសន៍ថា “នៅឯកិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​មិនមាន​ការ​ពិភាក្សា​អំពី​​ប្រាក់​ខែ​គោល​ថ្មី​ទេ​”។​ លោក ហេង សួរ បាន​មាន​​​ប្រសាសន៍​​​បន្ថែម​​​​ថា “យើង​នឹង​មិន​កែ​ប្រែ​ប្រាក់​ខែ​គោល​នេះ​ទេ​ ពីព្រោះ​គណៈ​កម្មាធិការ​​​ប្រឹក្សា ​​ការងារ​បាន​ធ្វើ​សេចក្តី​សម្រេច​រួ​ច​ហើយ​។​​​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​គ្រាន់​តែ​ចែក​រំលែក​ព័ត៌​​​មានជា​ច្រើន​ទៀត​ជាមួយ​គណៈ​​​កម្មការ​ថ្មី​នេះ​តែ​ប៉ុណ្ណោះ”។

ពេល​ថ្លែង​សុន្ទរកថាបើក​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ និង​មុន​ពេល​គេ​ស្នើ​សុំ​ឲ្យ​អ្នក​កាសែត​ចាក​ចេញ​ លោក គាត ឈន់ ឧប​នាយក​​​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា រដ្ឋាភិបាល “នឹង​ដំឡើង​ប្រាក់​ខែ​គោល​​សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ និង​កម្មករ​រោង​ចក្រ​ដេរ​ស្បែក​ជើង​ទាំង​អស់​ទៅតាម​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជារៀង​រាល់​ឆ្នាំ​”។

លោក គង់​ អាទិត្យ អនុ​ប្រធាន​សម្ព័ន្ធ​​​​សហជីព​ប្រជាធិបតេយ្យកម្មករ​កាត់​ដេរ​កម្ពុជា បានមាន​ប្រសាសន៍ថា​ លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែលមាន​តែ​រដ្ឋាភិបាល​​ម្នាក់​ឯង​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ ព្រោះ​មិន​មាន​​ផែន​​ការ​ចរចា​អំពី​ប្រាក់​ខែ​គោល​ដូច​ដែល​សហជីព​បាន​ទាម​ទារ​នោះ​ទេ​។ លោក​បានមាន​ប្រសាស​ន៍ថា “យើង​មិន​យល់​ស្រប​ចំពោះ​រឿង​នេះ​ទេ​ ហើយ​កម្មករ​នឹង​រក្សា​គោល​ជំហ​ររបស់​ខ្លួន​ និង​បន្ត​ធ្វើការ​តវ៉ា​ទៀត​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​រក​ដំណោះស្រាយ​​ដំឡើង​​ប្រាក់​ខែ​​គោល​ដល់​​១៦០ដុល្លារ​ទេ​នោះ​”។ លោក​ អាទិត្យ​ បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​រដ្ឋាភិបាល​បង្កើត​គណៈ​កម្មការ​​​ ​​​​ថ្មី គ្រាន់តែ​ដើ ម្បី សិក្សា​ និងស្រាវ​ជ្រាវ​នោះ​ វា​គ្មាន​ប្រយោជន៍​ទេ។ លោក​គិត​ថា គណៈ​កម្មការ​​​នេះ​មិន​អាច​ជួយ​កម្មករ​បាន​ទេ​”។

គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ដែល​មាន​តំណាង​មក​ពី​រដ្ឋាភិបាល​ ម្ចាស់​រោង​ចក្រ​កាត់​ដេរ និង​សហ​ជីព​បានសម្រេច​កាល​ពីខែ​ធ្នូ​ដំឡើង​ប្រាក់​ខែគោល​​ដល់​៩៥​ដុល្លារ​ ប៉ុន្តែ សហ​ជីព​ចំនួន​ប្រាំមួយ​ដែល​អះអាង​ថា​តំណាង​​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​​ចំនួន​៣០០.០០០នាក់​បាន​បដិសេធ​ចំពោះការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ​។

បន្ទាប់​ពីមានការ​តវ៉ា​រយៈពេល​ពីរ​ថ្ងៃ​ពី​សំណាក់​កម្មករ​រោង​ចក្រ​កាត់​ដេរ​​រាប់​ពាន់​នាក់​កាល​ពីខែ​ធ្នូ ដែល​បាន​បិទ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី នៅ​ខាង​មុខ​​ក្រសួង​ការងារ​​ រដ្ឋាភិ​បាល​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ដំឡើង​ប្រាក់​ខែ​គោល​៥​ដុល្លារទៀត​ដោយ​មិនមាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​​គណៈ​កម្មាធិការ​​​ប្រឹក្សា​ការងារ​​ឡើយ​។

កូដកម្ម​នោះបាន​ផ្ទុះ​ឡើង​​នៅថ្ងៃ​ទី​២ និង​ថ្ងៃទី​៣ ខែ​មករា​​​ ហើយ​នៅពេល​នោះ​ទាហាន​ និង​កង​រាជ អាវុធ​ហត្ថ​បាន​បង្ក្រាប​ដោយ​​ហិង្សា​លើ​ការ​តវ៉ា​​ដោយ​អហិង្សា​ ដែល​បាន​បណ្តាល​ឲ្យ​​ស្លាប់​កម្មករ​ប្រាំនាក់​ និង​រង​របួស​ជាង​៤០នាក់​ ព្រម​ទាំង​​ឃុំខ្លួន​មនុស្ស​២៣នាក់​​ទៀត​នៅ​ក្នុង​ពន្ធនាគារ​មួយ​ដែល​មាន​សន្តិ​សុខ​តឹង​រ៉ឹង​។

សមាគមរោងចក្រកាត់​ដេរ​នៅកម្ពុជា បាន​ប៉ាន់​ប្រមាណថា ខ្លួន​ខាតបង់​ប្រហែល​​២០០​លាន​ដុល្លារ​អំឡុង​ពេលធ្វើ​កូដកម្ម​​​កាល​ពី​​ខែ​ធ្នូ ប៉ុន្តែ ការ​នាំចេញ​សម្លៀក​បំពាក់​បាន​បន្ត​កើន​ឡើង​កាល​ពីឆ្នាំ​មុន​ដល់​៥,៥៣ ពាន់​លា​ន​ ដុល្លារ​ គឺ​កើន​លើ​ស​ឆ្នាំ​២០១២​ចំនួន​២០​ភាគ​រយ​។

មុន​ពេល​គណៈ​កម្មាធិការ​ប្រឹក្សា​ការងារ​កែប្រែប្រាក់​ខែគោល​ថ្មី​នេះ​ ក្រុម​ការ​ងារ​មួយ​ដែល​​​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា ប្រាក់​ខែ​ដែល​​ធ្វើ​ឲ្យ​កម្មករ​រោ​ង​​​ចក្រ​កាត់​ដេរ​អាច​រស់​បាន​សមរម្យ​គឺ​ប្រហែល​​​​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។ ប៉ុន្តែ ក្រសួងការ​ងារ​បាន​លើក​ឡើង​ថា ការ​ដំឡើ​ងប្រាក់ខែ​គោល​ដ៏​គំហុក​​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​វិនិយោទុន​បរទេស​នៅ​ក្នុង​វិស័យ​នេះ​៕គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស