កាលពីម្សិលមិញ សាលាដំបូងរាជធានី ភ្នំពេញបានសម្រេចឲ្យលោក ចាន់ សុផុន ដែល ជាប់ចោទពីបទសម្លាប់លោក ហ៊ី វុទ្ធី មន្ត្រីសហជីពកាលពីឆ្នាំ២០០៧រួចផុតពីការចោទប្រកាន់ដោយកែប្រែសាលក្រមចោទប្រកាន់ឆ្នាំ២០១២ និងការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ឆ្នាំ ដែលអង្គការសិទ្ធិមនុស្ស និងសហជីពផ្ទាល់របស់លោក ហ៊ី វុទ្ធី ជឿថា ជាការបិទបាំងឃាតករពិត។
លោក ហ៊ី វុទ្ធី មន្ត្រីជាន់ខ្ពស់មួយរូបនៅ សហជីពសេរីកម្មករដែលមានទំនាក់ទំនង ជាមួយគណបក្សប្រឆាំង ត្រូវបុរសពីរនាក់ជិះខាងក្រោយម៉ូតូមួយគ្រឿងបានបាញ់សម្លាប់ ពេលលោកធ្វើដំណើរត្រឡប់មកផ្ទះវិញ ក្រោយពេលចប់ម៉ោងធ្វើការវេនយប់នៅរោងចក្រ កាត់ដេរមួយក្នុងរាជធានីភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ២០០៧។
លោក សុផុន តែងតែអះអាងថា លោកគ្មានកំហុសទេ ហើយបញ្ជាក់ថា លោកស្ថិតនៅក្នុងកសិដ្ឋានមួយជាមួយក្រុមគ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ នៅពេលមានការបាញ់សម្លាប់មន្ត្រីសហជីពរូបនេះ។ លោកចៅក្រម កោ វណ្ឌី បាននិយាយក្នុងតុលាការថា “តុលាការបានសម្រេចឲ្យលោក ចាន់ សុផុន ដែលជាប់ជាប់ចោទពីបទមនុស្សឃាតដោយចេតនានោះ រួចផុតពីការចោទប្រកាន់”។
ចៅក្រមមិនបានពន្យល់អំពីសេចក្តីសម្រេច ក្នុងការច្រានចោលការកាត់ឲ្យជាប់ទោសនេះទេ ឬ ថា លោក ចាន់ សុផុន នឹងត្រូវបានដោះលែងនៅពេលនោះឡើយ ហើយបន្ទាប់មកលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ បន្ទាប់ពីសវនាការជំនុំជម្រះរយៈពេលខ្លី លោក ចាន់ សុផុន បានអះអាងម្តងទៀតថា លោកគ្មានកំហុសទេ។ លោកបាននិយាយនៅពេលដែលឡើងជិះរថយន្តវ៉ែនទៅកាន់ពន្ធនាគារព្រៃសវិញថា “ខ្ញុំមិនបានសម្លាប់លោក ហ៊ី វុទ្ធី ទេ ហើយខ្ញុំសូមឲ្យតុលាការដោះលែងរូបខ្ញុំ ដើម្បីឲ្យខ្ញុំអាចមើលថែកូនៗរបស់ខ្ញុំ”។
លោក ជា ហុងរី មេធាវីការពារជនសង្ស័យបានស្វាគមន៍សាលក្រមនេះ។ លោកបានមានប្រសា សន៍ ថា “តុលាការដោះលែងលោក ចាន់ សុផុន ដោយសារគាត់មិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។ នេះជាយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្ញុំ។ តុលាការសម្រេចចិត្តត្រឹមត្រូវ ហើយលោក សុផុន គួរត្រូវបានដោះលែង”។ លោកបានមានប្រសាសន៍ថា ត្រូវចំណាយ ពេលមួយសប្តាហ៍ ឬពីរសប្តាហ៍ក្នុងការរៀបចំ សំណុំឯកសារដើម្បីធានាឲ្យមានការដោះលែងគាត់។
ពេលទាក់ទងពេលក្រោយមក លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានមានប្រសាសន៍ថា លោកមិនជឿថា លោក ចាន់ សុផុន គឺជាឃាតករឡើយ ហើយលោកបានស្វាគមន៍សាលក្រមនៅថ្ងៃនេះ ប៉ុន្តែ នៅពេលជាមួយគ្នានោះដែរលោកបានបន្ទោសតុលាការចំពោះការមិនស្វែងរកជនសង្ស័យផ្សេងទៀតពាក់ព័ន្ធសំណុំរឿងនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនជឿថា លោក ចាន់ សុផុន ជាឃាតករទេ ពីព្រោះជនសង្ស័យផ្សេងទៀតមិនដែលត្រូវគេចាប់ខ្លួន បញ្ជូនទៅកាន់តុលាការឡើយ។ ហេតុ អ្វីបានជាមានតែគាត់ម្នាក់ប៉ុណ្ណោះ?។ខ្ញុំស្វាគមន៍ការដោះលែងលោក ចាន់ សុផុន ប៉ុន្តែ តុលាការគួរចាប់ខ្លួនជនសង្ស័យផ្សេងទៀត”។
ការសម្លាប់លោក ហ៊ី វុទ្ធី កាលពីឆ្នាំ២០០៧ ធ្វើតាមលំអានដូចគ្នានឹងការសម្លាប់មន្ត្រីសហជីពសេរីកម្មករពីររូបផ្សេងទៀត រួមមានលោក ជា វិជ្ជា ដែលត្រូវជាបងប្រុសរបស់លោក ជា មុនី កាលពីឆ្នាំ២០០៤។ ដូចក្នុងសំណុំរឿងលោក ចាន់ សុផុន អ៊ីចឹងដែរនោះ មនុស្សដែលត្រូវផ្តន្ទាទោសនៅក្នុងរឿងក្តីនេះ ត្រូវបានចាត់ទុកថា ជាមនុស្សដែលត្រូវគេទម្លាក់កំហុស ហើយទីបំផុតត្រូវបានដោះលែងដោយសារខ្វះភ័ស្តុតាង៕សារុន