38 C
Phnom Penh

នគរ​បាល​និង​អាជីវករប្រឈម​មុខ​គ្នា​ជុំវិញ​​ការ​បណ្តេញ​​អាជីវករ​ចេញ​ពី​ផ្សារ​​មួយ​នៅ​ក្រុង​ក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ នគរបាល​មិន​​អាច​​រារាំង​​អាជីវករ​ប្រមាណ២០០នាក់​មិន​ឲ្យ​ចូល​ទៅលក់​ដូរ​ក្នុង​ផ្សាផែលើ ក្នុងក្រុង​ក្រចេះ​បាន​ទេ​ ដោយ​បាន​ដាក់​របាំង​​បិទ​ផ្លូវ​​មិន​ឲ្យ​អ្នក​លក់​ត្រី និង​អ្នក​​លក់​បន្លែ ចូល​ទៅ​​លក់​នៅ​​ក្នុង​ផ្សារ​ ដើម្បី​បង្ខំ​ឲ្យពួកគាត់រើទៅលក់​នៅ​ផ្សារ​ដែល​ទើប​សាង​សង់​ថ្មីស្ថិត​នៅ​ចម្ងាយ​​៥០​ម៉ែត្រ​ពី​ទីនោះ​។

លោក អូ សំអាង​ អធិការ​នគរបាល​​ក្រុង​ក្រចេះ​បាន​មាន​ប្រសាសន៍ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​បាន​ប​ញ្ចប់​​នៅ​ពេល​ព្រឹក​​នោះ​​ បន្ទាប់​ពី​បាន​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ​​បន្ទាប់​ពី​​នគរ​បាល​បាន​អនុញ្ញាត​ឲ្យ​អាជីវករ​ទាំង​អស់​ត្រឡប់​ទៅ​លក់​ដូរ​នៅ​តូប​របស់​ខ្លួន​វិញ​នៅ​ផ្សារ​ផែលើ ។ លោក សំអាង បាន​មាន​ប្រសាសន៍​ថា “យើង​មាន​កម្លាំង​នគរបាលប្រាំពីរ​នាក់​ប៉ុណ្ណោះដាក់របាំងផ្លូវ​ដើម្បី​រារាំង​​ពួកគាត់​ [កុំ​ឲ្យ​​ទៅលក់​ដូរ​នៅ​ក្នុង​ផ្សារនេះ​] មិន​មែន​កម្លាំង​នគរបាល​រាប់​សិប​នាក់​ដូច​អាជីវករ​បាន​អះ​អាង​នោះ​ទេ​”។

លោក ហ៊ឺ ស៊ីយែម អភិបាល​រង​ខេត្ត​ក្រចេះ​​បាន​មាន​ប្រសាសន៍ថា អាជ្ញាធរ​ចង់​ឲ្យ​អាជីវករ​ផ្លាស់ទៅលក់​នៅ​ផ្សារ​ទើប​សង់​ថ្មី​ ពីព្រោះ​អាជ្ញា​ធរ​ខេត្ត​ចង់​យក​កន្លែង​​ផ្សារ​ចាស់នេះ​ធ្វើ​សួន​ច្បារ​សាធារ​ណៈ​។

លោក ហេង ភារក្ស អ្នក​ស៊ើប​អង្កេ​ត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ​បាន​មាន​ប្រសាសន៍ថា អាជី​វករ​នៅ​ផ្សារ​ផែលើតវ៉ា​នឹង​ការ​បណ្តេញ​ពួ​ក​គាត់ចេញ​ពីព្រោះ​តម្លៃ​តូប​នៅ​ផ្សារ​ថ្មី​នោះ​ខ្ពស់​ពេក​។ យោង​តាម​លោក​  ភារក្ស បាន​​ឲ្យ​ដឹង​ថា កាល​ពីដើម​ឆ្នាំ​មុន អាជីវ​ករ​ត្រូវ​បាន​ឲ្យ​រើ​ទៅលក់​ដូរ​​​ក្នុងផ្សារ​មួយ​ទៀត​​នៅ​ក្បែរ​នោះ​​គឺ​ ​ផ្សារ​សាមគ្គី ប៉ុន្តែ ដោយ​សារ​តម្លៃ​តូប​ខ្ពស់​ និង​មាន​លក្ខខណ្ឌ​ថ្មី​ច្រើន​ទៀត​​នោះ ពួក​គាត់​​ត្រឡប់​មក​លក់​ដូរ​នៅ​ផ្សារផែលើ​វិញ​យ៉ាង​លឿន៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស