28 C
Phnom Penh

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ផ្តន្ទាទោស​ជា​លើក​ដំបូង​ចំពោះ​អ្នក​សរសេរ​សារ​មិន​សមរម្យ​តាម​ហ្វេសប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ផាក​ពិន័យ​ម្ចាស់​ហាង​ផាត់មុខ​ធ្វើ​សក់​អាយុ​២៩​ឆ្នាំ​ម្នាក់ឲ្យ​បង់​ប្រាក់​ចំនួន​ពីរ​លាន​រៀល​ ឬ​ប្រហែល​៥០០ដុល្លារ​ ហើយ​បាន​ចេញ​​​​​​សេចក្តីបង្គាប់​ឲ្យ​នាង​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​ប្រាំលាន​រៀល​ ឬ​ប្រហែល​១.២៥០ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​ហាង​កែ​សម្ផស្ស​​ម្នាក់ផ្សេង​ទៀត​​ជា​គូ​ប្រជែង​ក្នុង​ជំនួញ​ដែល​នាង​បានបរិហា​រកេរ្តិ៍​​តាម​ហ្វេសប៊ុក​​។

ការ​ផ្តន្ទាទោស​នេះ​គឺ​ជាការ​ផ្តនា្ទទោស​ជា​លើក​ដំបូង​មិន​ដែល​ធ្លាប់​មាន​ចំពោះ​អ្នក​​ដែល​សរសេរ​សារ​មិន​សមរម្យ​​​នៅលើ​បណ្តាញ​​ទំនាក់​ទំនង​សង្គម​ ទោះ​បី​ជា​ច្បាប់​ប្រឆាំង​​បទល្មើស​តាម​អ៊ីនធើណិត ដែល​ជា​ច្បាប់​បង្កើត​ឡើង​ដើម្បី​គ្រប់​គ្រងការ​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិន​ពិតតាម​អ៊ីនធើណិត​ កំពុង​ស្ថិត​​ក្រោម​សេចក្តី​ព្រាងនៅ​ឡើយ​ក្តី​។

លោក​ ស៊ិន​ វិសាល​ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មានប្រសាសន៍​នៅក្នុង​តុលាការ​ថា “ តុលាការ​បាន​ផាកពិន័យ​​ [ឌួង​ ហ្សូរី​ដា]​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ​ដែល​ទាក់ទិន​នឹង​​សារ​[ជា​សា​ធារ​ណៈ] មួយនៅ​លើ​បណ្តាញ​ទំនាក់ទំនង​​​សង្គម​ហ្វេស​ប៊ុក​កាល​ពី​ឆ្នាំ​២០១២​”។​

យោង​តាម​សាល​ក្រម​របស់​តុលាការ​បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ ឌួង​ ហ្សូរីដា​ បាន​ប្រើ​ទំព័រ​ហ្វេស​​ប៊ុក​របស់​នាង​ដែល​ដាក់​ឈ្មោះថា​ “ Amazon Duong” មក​​សរសេរ​សារ​មួយ​ដែល​និ​យា​យ​ថា​ គូ​ប្រជែង​របស់​នាង​ឈ្មោះ​ តាន់​ ធារ៉ា​ បាន​​ទាក់​ទាញ​យក​បុគ្គលិក​របស់​នាង​។

កញ្ញា​ ឌួង​ ហ្សូរីដា​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​បន្ទាប់​ពី​បុគ្គ​លិក​មួយ​ចំនួន​របស់​នាង​បាន​ទៅ​ធ្វើ​ការ​ឲ្យ​លោក ​ធារ៉ា​ថា​ “អ្ន​កឯង​ជា​មនុស្ស​អាក្រក់​ព្រោះ​បាន​លួច​បុគ្គលិក​ពី​ហាង​របស់ខ្ញុំ​ អ្នក​ឯង​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​របស់​ខ្ញុំ​ អ្នក​ឯង​មិន​មែន​ជា​មនុស្ស​ល្អ​នោះ​ទេ”។

លោក​ចៅ​ក្រម​ វិសាល​ បាន​ឲ្យ​ដឹង​ថា កញ្ញា​ ​​ឌួង​ ហ្សូរីដា​ ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​យោង​​​តាម​មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ប៉ុន្តែ​លោក​​មិន​បាន​ពន្យល់ថា តើ​ការ​សរ​សេរ​​សារ​នៅលើ​ហ្វេសប៊ុ​ក​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ ឬក៏​ការ​រក​ស៊ី​របស់​លោក ធារ៉ា​ដោយ​របៀប​ណា​នោះ​ទេ​។

លោក​ មឿន​ ឈានណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រិះ​គន់​ចំពោះ​ការ​ផ្តន្ទាទោស​កាល​ពី​ម្សិលមិញ​នេះ​។

លោក​ ណារិទ្ធ​ បានមាន​ប្រសាសន៍​ថា​  “យើង​នៅ​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​បទ​ល្មើស​​តាម​អ៊ីនធើណិ ត​នៅ​ឡើយ​ទេ​ ហើយ​ការ​ចោទ​ប្រកាន់​ទាំង​អស់​តាម​ហេ្វសប៊ុក​គួរ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់នេះ​ ហេតុ​ដូច្នេះ​វា​​​មិន​ត្រឹម​ត្រូវ​ចំពោះ​ការ​ផ្តន្ទាទោស​​ ឬក៏​ការ​ផាក​ពិន័យ​នរណា​ម្នាក់​ទាក់​ទិន​នឹង​ការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នោះ​​​​”។

លោក​ ណារិទ្ធ​ បាន​លើក​ឡើង​ថា នៅ​ពេល​​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អ៊ីន​ធើ​ណិត​​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​នោះ​ ច្បាប់​សារ​ព័ត៌មាន​គួរ​តែ​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ដោះ​ស្រាយ​​​​​បញ្ហា​ទាក់​ទិន​នឹង​ការ​សរសេរ​សារ​ជា​​​សាធា​រណៈ​នៅ​តាម​ហ្វេសប៊ុក​ គឺ​មិន​មែន​ក្រម​ព្រហ្ម​​ទណ្ឌ​ទេ​។ លោក​បានមាន​ប្រសាសន៍​ថា “រាល់​ការ​សរសេរ​សារនីមួយៗ​តាម​ហ្វេសប៊ុក​ ​ឬ​បណ្តាញ​​ទំនាក់​ទំនង​សង្គម​ផ្សេងៗ​ គឺ​វា​មាន​ការ​បើក​ចំហ​​ជា​សាធារណៈ​ និង​យ៉ាង​ទូលំ​ទូលាយ​ដូច​ទៅ​នឹង​ព័ត៌មាន​នៅ​ក្នុង​កាសែត​ដែរ​ ហេតុ​ដូច្នេះ​រាល់​ការ​ចោទ​ប្រកាន់​គួរ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​សារព័ត៌មាន​”៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស