នៅថ្ងៃទី២ នៃដំណើរការសាកល្បងសេវារថយន្តក្រុងសាធារណៈរយៈពេលមួយខែនៅក្នុងរាជធានី ភ្នំពេញ មានចំនួនអ្នកធ្វើដំណើរកើនឡើងកាលពីម្សិលមិញ ដែលធ្វើដំណើរតាមផ្លូវតែមួយតាមប ណ្ដោយមហាវិថីព្រះមុនីវង្ស។
ពីរបីនាទីមុនពេលរថយន្តក្រុងសាធារណៈមួយគ្រឿងដឹកអ្នកដំណើរពេញឈប់នៅចំណតរថយន្តក្រុងលេខ៩ កាលពីរសៀលម្សិលមិញហួសផ្លូវលេខ២១៤បន្ដិចនៅលើផ្លូវឆ្ពោះទៅភាគខាងជើងចាប់ពីចំណុចច្បារអំពៅទៅរង្វង់មូលស្ដាតចាស់ នគរបាលចរាចរបានណែនាំអ្នកបើកបររថយន្តម្នាក់ឲ្យបើករថយន្តតូយ៉ូតាមួយបាំងកន្លះរបស់ខ្លួនចេញពីចំណតរថយន្តក្រុង។
មន្ត្រីនគរបាលចរាចរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែគាត់មិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងថា “ខ្ញុំបានសង្កេតឃើញចំនួនអ្នកធ្វើដំណើរកើនឡើងនៅថ្ងៃនេះ ហើយអំឡុងពេលថ្ងៃ មានមនុស្សប្រាំទៅប្រាំមួយនាក់រង់ចាំរថយន្តក្រុងបន្ទាប់មកដល់ចំណត”។
លោកបានមានប្រសាសន៍ទៀតថា “ប្រជាពលរដ្ឋត្រូវការពេលវេលាខ្លះដើម្បីស្វែងយល់ពីសេវាកម្មនេះ ដូច្នេះយើងចង់ធ្វើឲ្យប្រាកដថា គ្មានរថយន្តចតលើចំណតរថយន្តក្រុង និងបាំងស្លាកសញ្ញា”។
នៅលើរថយន្តក្រុងម៉ាស៊ីនត្រជាក់ដែលមានកៅអីទំនេរតែពីរបីកៅអី អ្នកលក់សំបុត្ររថយន្តក្រុងវ័យ១៩ឆ្នាំ ឈ្មោះ ផាន សុវណ្ណ និយាយថា អ្នកដំណើរហាក់ដូចជាពេញចិត្តនឹងសេវាកម្មរថយន្តក្រុងសា ធារណៈនេះ។
យុវជនរូបនេះបាននិយាយទៀតថា “ពេលនេះយើងមានអ្នកដំណើរឡើងជិះប្រហែល២៤នាក់ គឺច្រើនជាងម្សិលមិញឆ្ងាយណាស់ ពីព្រោះប្រជាពលរដ្ឋបានឮពីសេវារថយន្តក្រុងនេះតាមទូរទស្សន៍ និងតាមអ៊ីនធើណិត”។
អ្នកដំណើរប្រមាណជាង១០នាក់ ដែលត្រូវបានធ្វើបទសម្ភាសន៍ ដែលក្នុងនោះរួមមានទាំងមន្ត្រីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងសិស្សសាលាស្លៀកពាក់ឯកសណ្ឋានមួយចំនួនធំផងនោះ មានទស្សនវិជ្ជមានភាគច្រើនអំពីការជិះរថយន្តក្រុងរបស់ពួកគេរហូតមកទល់ពេលនេះ ហើយពួកគេសង្ឃឹមដូចៗគ្នាថា ការសាកល្បងនេះនឹងពង្រីកទៅជាប្រព័ន្ធដឹកជញ្ជូនសាធារណៈទូទាំងរាជធានី។
និស្សិតពេទ្យវ័យ២៤ឆ្នាំម្នាក់ ឈ្មោះ ជិន សិរិយា រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បាននិយាយថា “ខ្ញុំនឹងជិះរថយន្តក្រុងនេះរហូត ពីព្រោះវាងាយស្រួលក្នុងការធ្វើដំណើរពីផ្ទះមកសា លារៀនរបស់ខ្ញុំ។ ខ្ញុំនឹងសោកស្ដាយយ៉ាងខ្លាំងប្រសិនបើវាឈប់ដំណើរការបន្ទាប់ពីការសាក ល្បងនេះ ពីព្រោះបណ្ដាប្រទេសផ្សេងៗមានសេវារថយន្តក្រុងសាធារណៈដើម្បីជួយសម្រួលចរាចរណ៍ ហើយ [កម្ពុជា] ក៏គួរតែមានដែរ”។
ស្ត្រីម្នាក់ឈ្មោះ ស រតនា អាយុ២៨ឆ្នាំ ដែលបម្រើការងារនៅក្រសួងកិច្ចការនារីនិយាយថា គាត់ចូលចិត្តជិះរថយន្តក្រុងនេះដោយសារតែសំបុត្រមានតម្លៃថោកត្រឹមតែ១.៥០០រៀល ដែលនឹងជួយកាត់បន្ថយការចំណាយប្រចាំសប្ដាហ៍របស់គាត់លើការធ្វើដំណើរបានច្រើន។
ស្ត្រីរូបនេះនិយាយទៀតថា “ជាធម្មតាខ្ញុំជិះធុកធុក ដែលមកទទួលខ្ញុំដល់ច្រកទ្វារ ហើយបើជិះរថយន្តក្រុង ខ្ញុំត្រូវដើរចម្ងាយប្រហែល៥០០ម៉ែត្រ ប៉ុន្តែជិះធុកធុកត្រូវចំណាយ២ដុល្លារ ដូច្នេះរថយន្តក្រុងនេះ គឺមានតម្លៃថោកសមរម្យជាងឆ្ងាយណាស់”។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA ដែលជាអ្នកផ្ដួចផ្ដើមការសាកល្បងសេវារថយន្តក្រុងនៅពេលបច្ចុប្បន្ននេះ គ្មានទិន្នន័យស្ដីពីចំនួនអ្នកធ្វើដំណើរទេកាលពីម្សិលមិញ ប៉ុន្តែលោ ក អេហ្គាមិក ម៉ាសាហ៊ីកូ (Egami Masahiko) អ្នកនាំពាក្យរបស់ JICA បានមានប្រសាសន៍ថា លោកមានក្ដីសោមនស្ស ដែលរថយន្តក្រុងមានមនុស្សជិះច្រើននៅក្នុងដំណាក់កាលដំបូងនៃសេវាសាក ល្បងនេះ។ លោកបានមានប្រសាសន៍ទៀតថា “វាមានរយៈពេលទើបតែពីរថ្ងៃទេ ប៉ុន្តែទទួលបានការគាំទ្រ ហើយប្រសើរជាងមានតែរថយន្តគ្មានមនុស្សជិះឆ្ងាយណាស់”៕សុខុម