26 C
Phnom Penh

កម្មករ​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ ​​​ខ្នះខ្នែង​​​ប្រមូល​​​សំរាម​​​យ៉ាង​​​ច្រើន​​​​​​ដែល​​​គរ​​​នៅ​​​តាម​​​ផ្លូវ​​​នានា​​​នៅ​​​ភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ​​​ កម្មករ​​​​​​ប្រមូលសំរាម​​​បាន​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​​​​ដើម្បី​​​សម្អាត​​​គំនរ​​​សំរាម​​​ធំៗ​​​ ដែល​​​បាន​​​កើន​​​ឡើង​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​នាសប្ដាហ៍​​​នេះ​​​ បន្ទាប់ពី​​​​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​កូដកម្ម​​​​​​​​​នាំ​​​គ្នា​​​​​​ឈប់​​​​​​ប្រមូល​​​សំរាម​​​​​​អស់​​​​​​រយៈ​​​ពេល​​​​​​បួន​​​ថ្ងៃ​​​ដើម្បី​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​​​​និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​។

ទោះបី​​​ជា​​​កម្មករ​​​​​​​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​បន្ទាប់ពី​​​បាន​​​​​​ព្រម​​​ព្រៀង​​​​​​ទទួល​​​យក​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​ចន្លោះពី​​​២០​​​ដុល្លារ​​​ ទៅ​​​​​​២៥​​​ដុល្លារ​​​កាលពីថ្ងៃ​​​ពុធ​​​ក៏​​​ដោយ​​​ ក៏​​​គំនរ​​​សំរាម​​​​​​នៅ​​​ទូទាំង​​​រាជធានីភ្នំពេញ​​​នៅ​​​តែ​​​​​​​​​មាន​​​យ៉ាង​​​ច្រើន​​​​​​រហូត​​​ដល់​​​ថ្នាក់​​​ក្រុមហ៊ុន​​​ស៊ីន​​​ទ្រី ជា​​​ក្រុម​​​ហ៊ុន​​​ដែល​​​ទទួល​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ប្រមូល​​​​​​សំរាម​​​នៅ​​​​​​ទូទាំង​​​រាជធានីភ្នំពេញ​​​បាន​​​សម្រេច​​​​​​ចិត្ត​​​សម្អាត​​​​​​សំរាម​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដែល​​​ស្ថិត​​​នៅ​​​​​​កណ្ដាល​​​រាជ​​​ធានីភ្នំពេញ​​​​​​មុន​​​គេ​​​។

លោក​​​ ងួន ​​​​ស៊ីផេង​​​​​​ នាយក​​​ប្រតិបត្តិការ​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ បាន​​​មានប្រសាសន៍​​​កាលពី​​​​​​ម្សិលមិញ​​​ថា “រថយន្ត​​​ប្រមូល​​​សំរាម​​​​​​កំពុង​​​តែ​​​បន្ថែម​​​​​​វេន​​​ប្រមូល​​​សំរាម​​​ ដោយ​​​សារ​​​តែ​​​មាន​​​​​​សំរាម​​​កើន​​​ឡើង​​​​​​យ៉ាង​​​ច្រើន​​​…។​​​ នៅ​​​សប្ដាហ៍​​​នេះ​​​យើង​​​​​​ចំាបាច់​​​​​​ប្រមូល​​​សំរាម​​​​​​ពីខណ្ឌ​​​ចំនួន​​​បួន​​​ជា​​​​​​មុន​​​សិន​​​​​​”។

ជាង​​​ពាក់​​​កណ្ដាល​​​ក្នុង​​​ចំណោម​​​​​​កម្មក​​​រ​​​​​​ជិត​​​១.០០០​​​នាក់​​​របស់​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ មាន​​​​​​ភារ​​​កិច្ច​​​ប្រមូល​​​សំរាម​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មក​​​ ខណ្ឌ​​​ដូនពេញ ខណ្ឌ​​​៧​​​មករា និង​​​ខណ្ឌទួល​​​គោក​​​មុន​​​គេ ដែល​​​ទំនង​​​ជា​​​សម្អាត​​​​​ចប់​​​រួច​​​​​​រាល់​​​នៅ​​​​​​​​​ដំណាច់​​​ចុង​​​សប្ដាហ៍​​​នេះ​​​។

លោក​​​ ងួន​​​​ ស៊ីផេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សប្ដាហ៍​​​ក្រោយ​​​យើង​​​នឹង​​​សម្អាត​​​ទូទាំង​​​​​​រាជធានីភ្នំពេញ”។ ដើម្បីពន្លឿន​​​ការងារ​​​នេះ​​​ ក្រុមហ៊ុន​​​ស៊ីន​​​ទ្រី​​​​​​ ក៏​​​បាន​​​សុំ​​​ការ​​​អនុញ្ញាត​​​ពីសាលា​​​រាជធានី​​​ ដើម្បី​​​ចាក់ចោល​​​សំរាម​​​​​​នៅ​​​​​​លើ​​​ដី​​​ឡូ​​​ទំនេរ​​​​​​ជា​បណ្ដោះ​​​អាសន្ន​​​ មុន​​​ពេល​​​ដឹកជញ្ជូន​​​វា​​​ទៅ​​​ទី​​​តាំង​​​ចាក់​​​​​​សំរាម​​​​​​ធំ​​​ ដែល​​​មាន​​​ទីតាំង​​​នៅ​​​ជិត​​​ជើង​​​ឯក ដែល​​​ស្ថិតនៅ​​​​​​ចម្ងាយ​​​​​​​​​ប្រមាណ​​​​​​១៥​​​គីឡូ​​​ម៉ែត្រ​​​ពី​ចំណុច​​​កណ្ដាល​​​​​រាជធានី​​​ភ្នំពេញ​​​។

ក្លិន​​​ស្អុយ​​​​​​ចេញ​​​ពី​​​​​​គំនរ​​​​​​សំរាម​​​ដែល​​​គរ​​​​​​​​​កម្ពស់​​​​​​ត្រឹម​​​​​​ចង្កេះ​​​ មិន​​​ត្រឹម​​​តែ​​​ធ្វើឲ្យ​​​​​​ប្រជាពល​​​រដ្ឋ​​​​​​រអ៊ូ​​​រទាំ​​​ប៉ុណ្ណោះ​​​ទេ​​​ សូម្បី​​​តែ​​​កម្មករ​​​ប្រមូល​​​​​​សំរាម​​​​​​ខ្លួន​​​ឯង​​​​​​​​​ក៏​​​រអ៊ូរទាំ​​​ដែរ​​​។ ក​ម្មករ​​​ប្រមូលសំរាម​​​ម្នាក់​​​​​​ឈ្មោះ​​​ រ៉េត​​​ ភា​​​រ៉ា​​​ ដែល​​​បាន​​​ធ្វើការ​​​ឲ្យ​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​មក​​​ហើយ​​​​​​និយាយ​​​ថា “សំរាម​​​នេះ​​​ពិ​​​បាក​​​ប្រមូល​​​ណាស់​​​ពីព្រោះ​​​វា​​​មាន​​​​​​ក្លិន​​​ស្អុយ​​​​​​ខ្លាំង​​​និង​​​មាន​​​ដង្កូវ​​​ កន្លាត​​​ និង​​​ក្អែបទៀត​​​ផង​​​”។

អង្គការ​​​សុខភាព​​​ពិភពលោក​​​​​​ហៅ​​​កាត់​​​ថា WHO បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ​​​ក្រៅ​​​ពី​​​បញ្ហា​​​​​​ក្លិន​​​ស្អុយ​​​ គំនរ​​​សំរាម​​​ទាំង​​​នេះ​​​​​​ក៏​​​អាច​​​នឹង​​​បង្ក​​​​​​គ្រោះ​​​ថ្នាក់​​​​​​ដល់​​​សុខភាព​​​របស់​​​សាធារណជន​​​ផង​​​ដែរ​​​។

លោក​​​ សូនី គ្រីសនែន មន្ត្រី​​​ទំនាក់ទំនង​​​​​​នៅ​​​អង្គការ​​​សុខភាព​​​ពិភពលោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កណ្ដុរ កន្លាត​​​ និង​​​រុយ​​​ ដែល​​​​​​ចូល​​​​​​ចិត្ត​​​សំរាម​​​​​​អាច​​​​​​ចម្លង​​​​​​ជំងឺ​​​​​​យ៉ាង​​​ច្រើន​​​ដូចជា​​​ ជំងឺ​​​គ្រុន​​​ពោះ​​​វៀន​​​ និង​​​​​​ជំងឺ​​​រាក​​​រូស​​​​​​ជា​​​ដើម​​​។​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​​​​ថា “យើង​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ជំងឺ​​​ដែល​​​​​​ចម្លង​​​តាម​​​សត្វ​​​កណ្ដុរ​​​…។ ប្រជាពលរដ្ឋ​​​គួរ​​​តែ​​​​​​ឲ្យ​​​  កូនៗ​​​​​​និង​​​សត្វ​​​​​​ចិញ្ចឹម​​​របស់​​​ខ្លួន​​​នៅ​​​ឲ្យ​​​ឆ្ងាយ​​​ពី​​​គំនរ​​​សំរាម​​​ ពីព្រោះ​​​ពួកគេ​​​អាច​​​នឹង​​​ឆ្លង​​​ជំងឺ​​​”៕​​​សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស