កាលពីព្រឹកថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងមនុស្សពីរនាក់ក្នុងចំណោមសកម្មជនសហជីពនិងអ្នកតវ៉ាចំនួន២៣នាក់ឲ្យនៅក្រៅឃុំ ។ សកម្មជនសហជីពនិងអ្នកតវ៉ាចំនួន២៣នាក់នេះត្រូវបានបញ្ជូនចូលពន្ធនាគារ បន្ទាប់ពីការបង្ក្រាបរបស់កងរាជអាវុធហត្ថលើកម្មកររោងចក្រកាត់ដេរ ដែលកំពុងធ្វើកូដកម្មកាលពីថ្ងៃទី៣ខែមករា ។
លោក លាង សំណាត់ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្ដីដោយមិនបានគ្រោងទុកមួយកាលពីព្រឹកថ្ងៃសុក្រ ហើយបានសម្រេចដោះលែងមនុស្សពីរនាក់ក្នុងចំណោមអ្នកតវ៉ា ដែលកំពុងជាប់ពន្ធនាគារទាំង២៣នាក់ឲ្យនៅក្រៅឃុំ។ កម្មកររោង ចក្រ កាត់ដេរដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំទាំងពីរនាក់នោះរួមមាន លោក ប៊ូ សារិទ្ធ អាយុ២៧ឆ្នាំ និង យុវជន យុន ជា អាយុ១៧ឆ្នាំ ។
យោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់តុលាការ ដែលចុះហត្ថលេខាដោយចៅក្រម បានឲ្យដឹងថា ចៅក្រម លាង សំណាត់ បានចេញសេចក្ដីបង្គាប់ឲ្យប្រធានពន្ធនាគារទាំងពីរ “ដោះលែងជនដែលត្រូវបានចាប់ឃុំឃាំង ប្រសិនបើពួកគេមិនបានស្ថិតនៅក្រោមសេចក្ដីបង្គាប់ឲ្យឃុំឃាំង ពីបទប្រព្រឹត្តបទល្មើសផ្សេងៗទៀតនោះ”។
សេចក្ដីបង្គាប់ឲ្យដោះលែងនៅក្រៅឃុំនេះមិនទាន់កំណត់ពេលវេលាឲ្យបានច្បាស់លាស់ថា តើពេលណាអ្នកទាំងពីរនាក់នេះគួរតែត្រូវដោះលែងនោះទេ។ ប៉ុន្តែលោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា គេបានប្រាប់លោកថា ឯកសារទាក់ទឹននឹងការដោះលែងឲ្យនៅក្រៅឃុំ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារហើយ។
យោងតាមលោក សំអាត បានឲ្យដឹងថា លោក សារិទ្ធ ត្រូវបានឃុំខ្លួនជាមួយអ្នកតវ៉ា២១នាក់ផ្សេងទៀតនៅមណ្ឌលអប់រំកែប្រែទី៣ នៅក្នុងខេត្តកំពង់ចាម ហើយយុវជន យុន ជា កំពុងតែជាប់ឃុំឃាំងនៅពន្ធនាគារខេត្តកំពង់ចាម។ លោក សំអាត បានមានប្រសាសន៍ថា “វាគឺជាសញ្ញាល្អ និងជាការវិវឌ្ឍមួយដ៏អស្ចារ្យ ដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឲ្យនៅក្រៅឃុំសម្រាប់អ្នកតវ៉ាទាំងពីរនាក់”។
លោកបន្តថា “យើងសង្ឃឹមថា ការបើកសវនាការជំនុំជម្រះក្ដីទាក់ទិននឹងការដោះលែងឲ្យនៅក្រៅឃុំនាពេលឆាប់ៗ ដែលគ្រោងនឹងធ្វើឡើងនៅសាលាឧទ្ធរណ៍នៅថ្ងៃអង្គារ នឹងផ្ដល់លទ្ធផលដូចគ្នាសម្រាប់អ្នកដែលនៅសេសសល់ទាំង២១នាក់”។ ការដោះលែងឲ្យនៅក្រៅឃុំនេះកើតឡើងដោយនឹកស្មានមិនដល់ឡើយ ហើយវាត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការដដែលបានបដិសេធសំណើសុំឲ្យមានការដោះលែងអ្នកទាំង២៣នាក់ឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២១ ខែមករា។
លោក អំ សំអាត បានលើកឡើងថា ការកែប្រែសេចក្ដីសម្រេចរបស់តុលាការ ដែលដំបូងឡើយបានបដិសេធនូវសំណើសុំឲ្យមានការដោះលែងនៅក្រៅឃុំនេះ គឺជារឿងចម្លែកបន្ដិចហើយ ប៉ុន្តែវានៅតែជា “ការចាប់ផ្ដើមមួយដ៏ល្អ”។
លោក គៀ សុវណ្ណា ប្រធានមណ្ឌលអប់រំកែប្រែទី៣ បានឲ្យដឹងថា លោកនៅមិនទាន់ទទួលបានសេចក្ដីបង្គាប់ឲ្យដោះលែងនៅក្រៅឃុំពីសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ថា យុវជន យុន ជា អាយុ១៧ឆ្នាំ កំពុងតែទទួលការព្យាបាលនិងទទួលការឆ្លុះកាំរស្មីអ៊ិចនៅពន្ធនាគារ។ លោក សុវណ្ណា បានមានប្រសាសន៍ដោយបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនថា “នៅពេលណាខ្ញុំទទួលបានដីកាបង្គាប់ឲ្យដោះលែងពីតុលាការ ខ្ញុំនឹងបញ្ជូនដីកានេះបន្តទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាម ដើម្បីអនុម័ត”។
នៅខាងមុខព្រះបរមរាជវាំងកាលពីព្រឹកថ្ងៃសុក្រ ព្រះសង្ឃចំនួន២៣អង្គមកពីបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានបួងសួងនៅក្បែរព្រះអង្គដងកើ ដើម្បីសុំឲ្យមានការដោះលែងអ្នកទាំង២៣នាក់។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា ដែលបានចូលរួមនៅក្នុងពិធីបួងសួងនៅព្រះអង្គដងកើ ដែរនោះ បានលើកឡើងថា ការប្រារព្ធពិធីបួងសួងកាលពីថ្ងៃសុក្រ គឺជាឱកាសមួយដ៏ល្អ ដើម្បីយាងបារមីឲ្យទៅបន្ទន់ចិត្តចៅក្រមឲ្យដោះលែងអ្នកទាំង២៣នាក់។ អំឡុងពិធីបួងសួងនោះក៏មានការបង្ហោះប៉េងប៉ោងពណ៌សចំនួន៤៦ផងដែរ។ លោកស្រី ធីតា ឃឹះ បានមានប្រសាសន៍ថា “យើងបានយាងបារមីនៅទូទាំងប្រទេស ឲ្យទៅបន្ទន់ចិត្តចៅក្រមដើម្បីឲ្យពួកគេផ្ដល់យុត្តិធម៌ឲ្យមនុស្សដែលកំពុងជាប់ឃុំទាំង២៣នាក់ និងពលរដ្ឋខ្មែរផ្សេងៗទៀត”៕ស៊ុយឈាង