ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានធ្វើឲ្យមានកំហុស “ធំ” នៅក្នុងការបង្កើតនិងអនុវត្តគម្រោងមួយដែលមានទំហំទឹកប្រាក់១៤៣លានដុល្លារ ដើម្បីស្ដារប្រព័ន្ធផ្លូវដែកដែលចាស់ទ្រុឌទ្រោម ជាកំហុសឆ្គងដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរយគ្រួសារធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែជ្រៅ និងជំពាក់បំណុលគេជុំទិស នេះបើយោងតាមរបាយការណ៍ថ្មីមួយសម្រាប់ធនាគារនេះចេញផ្សាយកាលពីថ្ងៃសុក្រ។
របាយការណ៍ចុងក្រោយរបស់គណៈកម្មការពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តន៍ឯករាជ្យរបស់ ADB ដែលជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេល១៧ខែនេះ បង្ហាញពីប្រវត្តិធ្វើផែនការមិនបានល្អ ការវាស់វែងដីធ្លីមានកំហុសឆ្គងនិងឱកាសខកខាននានាហើយ បានលើកឡើងថា ធនាគារនេះចាំបាច់ត្រូវគិតគូរឡើងវិញអំពីដំណោះស្រាយទាំងមូលរបស់ខ្លួនពាក់ព័ន្ធនឹងសហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ផ្ទាល់ដោយសារគម្រោងទាំងអស់របស់ខ្លួន។
របាយការណ៍ដែលអនុម័តដោយក្រុមប្រឹក្សានាយករបស់ ADB កាលពីថ្ងៃទី៣១ ខែមករា ដែលជាការទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនជាផ្លូវការនេះ បង្ហាញពីពាក្យបណ្ដឹងនិងការសិក្សាស្រាវជ្រាវយ៉ាងច្រើនដែលបណ្ដាអង្គការសិទ្ធិមនុស្សលើកឡើងថា បានក្លាយជាបញ្ហាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សានាយករបស់ ADB បានអនុម័តអនុសាសន៍ចំនួនប្រាំមួយរបស់គណៈកម្មការនេះ ហើយបានលើកឡើងថា ខ្លួននឹងរិះរកផែនការសកម្មភាពមួយឲ្យបានក្នុងរយៈពេល៦០ថ្ងៃដើម្បីអនុវត្តវា។
ប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារដែលរស់នៅតាមបណ្ដោយផ្លូវដែកបានបាត់បង់ដីធ្លីមួយចំនួនរបស់ខ្លួន ដោយសារតែគម្រោងនេះ ហើយប្រជាពលរដ្ឋ១.០០០គ្រួសារទៀតត្រូវរើទីលំនៅទៅរស់នៅកន្លែងតាំងលំនៅថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធអន់ចាប់ពីខេត្តព្រះសីហនុ រហូតដល់ប៉ោយប៉ែត។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ប្រជាពលរដ្ឋទាំងនេះបានបាត់បង់ដីធ្លី ជីវភាព និងប្រាក់ចំណូល ហើយជាលទ្ធផលបានធ្វើឲ្យការចំណាយគ្មានសមតុល្យនិងបង្កជាបន្ទុកលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដែលផ្ដល់មូលនិធិដោយ ADB”។
ដោយត្រូវបានអនុម័តដោយ ADB កាលពីឆ្នាំ ២០០៦ គម្រោងនេះត្រូវបានគេគិតថា នឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានការប្រកួតប្រជែងជាងមុនជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួន និងធ្វើឲ្យតម្លៃទំនិញប្រើប្រាស់សព្វសារពើធ្លាក់ចុះតាមរយៈការបង្វែរការដឹកជញ្ជូនខ្លះពីតាមផ្លូវថ្នល់ទៅដឹកជញ្ជូនតាមផ្លូវដែកវិញ។
ខណៈពេលដែលខ្សែរថភ្លើងចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុកំពុងតែស្ថិតក្នុងដំណើរការស្ដារនិងប្រើប្រាស់នោះ គម្រោងស្ដារខ្សែរថភ្លើងប៉ែកខាងជើងដែលមានប្រវែងវែងជាងនេះចេញពីរាជធានីភ្នំពេញឆ្ពោះទៅប៉ោយប៉ែត និងព្រំដែនថៃ គឺអស់ប្រាក់បាត់ទៅហើយ ហើយនៅសេសសល់ជាច្រើនទៀតមិនទាន់បញ្ចប់នៅឡើយទេ។ យោងតាមរបាយការណ៍ថ្មីនេះបានឲ្យដឹងថា គម្រោងនេះគឺមានបញ្ហាតាំងពីចាប់ផ្ដើមដំបូងមកម៉្លេះ។
គណៈកម្មការត្រួតពិនិត្យការអនុវត្តន៍ឯករាជ្យនេះបានលើកឡើងថា “[គណៈកម្មការត្រួតពិនិត្យ] បានរកឃើញកំហុសឆ្គងធំៗនៅក្នុង [ផែនការតាំងលំនៅថ្មី] ឆ្នាំ២០០៦ដែលជាផែនការដើម”។ គណៈកម្មការនេះបានលើកឡើងទៀតថា “កំហុសឆ្គងទាំងនេះរួមមានកង្វះលក្ខខណ្ឌតម្រូវសម្រាប់ការពិគ្រោះយោបល់និងការចូលរួមរបស់ [ប្រជាពលរដ្ឋរងផលប៉ះពាល់] កង្វះបទប្បញ្ញតិ្តសម្រាប់ការផ្ដល់សំណងខ្ពស់ជាងអតិផរណា ការគ្មានបទប្បញ្ញតិសម្រាប់លំនៅដ្ឋានថ្មី ដែលមានបទដ្ឋានអប្បបរមាដើម្បីធ្វើឲ្យស្ថានភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលត្រូវតាំងលំនៅថ្មីប្រសើរឡើង កង្វះការធ្វើផែនការសម្រាប់ហេដ្ឋារចនាសម័្ពន្ធ ដែលមាននៅកន្លែងតាំងលំនៅថ្មី កង្វះយន្តការដោះស្រាយទុក្ខលំបាក កម្មវិធីខ្សោយសម្រាប់ការកសាងសមត្ថភាពរបស់អង្គភាពរដ្ឋាភិបាលដែលពាក់ព័ន្ធនៅក្នុងគម្រោងនេះ”។
គណៈកម្មការពិនិត្យផ្ទៀងផ្ទាត់នេះបានផ្ដល់អនុសាសន៍មួយចំនួន ឲ្យអនុវត្តគម្រោងដែលកំពុងបន្តនេះឲ្យបានពេញលេញជាមួយនឹងគោលនយោបាយគាំពារ ដែល ADB បានបំពានចាប់ពីចំណុចកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងតាំងលំនៅថ្មីរហូតដល់ការចំណាយពី៣ទៅ៤លានដុល្លារបន្ថែមទៀតទៅលើការផ្ដល់សំណងបន្ថែមដល់គ្រួសារទាំងនេះដែលពួកគេសមនឹងទទួលបាន។
ពាក់ព័ន្ធនឹងបញ្ហានេះលោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា លោកមិនដឹងថា បានប្រាក់នោះមកពីណាទេ។ លោកបានចោទសួរថា “ខ្ញុំមិនដឹងទេ។ តើអ្នកណាជាអ្នកខ្ចីប្រាក់នោះ ដើម្បីផ្ដល់សំណងទៅ?”។ គណៈកម្មការនេះក៏បានអនុម័តអនុសាសន៍មួយដែរដើម្បី “កែលម្អមុខងារនៃយន្តការដោះស្រាយទុក្ខលំបាក ដែលត្រូវបានឆ្លុះបញ្ចាំងក្នុងផែនការសកម្មភាពមួយ”។
របាយការណ៍នេះលើកឡើងថា បញ្ហាពាក់ព័ន្ធនឹងគម្រោងផ្លូវដែកនេះ គឺ “ពិតជាធ្ងន់ធ្ងរណាស់” ពីព្រោះវាបានធ្វើឲ្យមានកំហុសដដែលៗជាច្រើនដូចដែល ADB ធ្លាប់បានធ្វើនៅក្នុងគម្រោងមួយក្នុងពេលកន្លងមក ដើម្បីស្ដារ និងជួសជុលផ្លូវជាតិលេខ១ហើយថា គម្រោងទាំងពីរនេះត្រូវបានអនុវត្តការងារដោយមនុស្សដដែលៗ ដែលគួរតែមានការយល់ដឹងពីបទពិសោធក្នុងគម្រោងទី១។
គណៈកម្មការនេះលើកឡើងថា បន្ទាប់ពីនេះ ADB ត្រូវការ “ការផ្លាស់ប្ដូរចិត្តគំនិត” ពោលគឺរបៀបដែលខ្លួនធ្វើទៅលើប្រជាពលរដ្ឋដែលរងការបណ្ដេញចេញដោយសារគម្រោងរបស់ខ្លួន ហើយមិនត្រូវដោះស្រាយបញ្ហាតម្រូវការរបស់ពួកគេ “ឲ្យតែបានៗ” ឡើយ។
របាយការណ៍នេះលើកឡើងថា “ចាំបាច់ត្រូវមានសារបន្ទាន់ មឺុងម៉ាត់និងច្បាស់លាស់មួយទៅកាន់គណៈគ្រប់គ្រងរបស់ ADB ថា ការតាំងលំនៅថ្មី ការលាតត្រដាងព័ត៌មានស្ដីពីបរិស្ថានជាសាធារណៈនិងបញ្ហាពិគ្រោះ យោបល់ គួរតែគិតគូរឲ្យបានហ្មត់ចត់និងយល់ស្របថា វាជាអាទិភាពដែលពួកគេសមនឹងទទួលបាន។ ការរាប់បញ្ចូលប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ជាអ្នកទទួលបានផលប្រយោជន៍ផ្ទាល់ ត្រូវតែជាផ្នែកនៃគម្រោងនីមួយៗបែបនេះរបស់ ADB”។
ក្រៅពីអនុសាសន៍របស់ខ្លួនដែលផ្ដោតលើគម្រោងផ្លូវដែក គណៈកម្មការនេះបានលើកឡើងថា ADB គួរតែចាត់តាំងបុគ្គលិកនិងអ្នកឃ្លាំមើលឯករាជ្យគួរឲ្យជឿទុកចិត្តបាន និងធ្វើការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសម្រាប់គម្រោងនាពេលអនាគត ពីព្រោះការតាំងលំនៅថ្មី និងផលប៉ះពាល់ផ្ទែកបរិស្ថាននៅទីតាំងគម្រោងជាកត្តាសំខាន់។
ក្រុមស៊ើបអង្កេតនេះរកឃើញថា កន្លែងតាំងលំនៅថ្មីស្ថិតនៅឆ្ងាយពីកន្លែងធ្វើការរបស់គ្រួសារទាំងនេះ ហើយថា ការប្រឹងប្រែងជួយពួកគេឲ្យរកបានប្រាក់ចំណូលបន្ថែមមានការយឺតយ៉ាវ។ ពួកគេបានរកឃើញ “ភាពមិនត្រឹមត្រូវគួរឲ្យកត់សម្គាល់” នៅក្នុងការវាស់វែងដីធ្លី និងផលដំណាំនៅលើដីធ្លីដែលពួកគេត្រូវបោះបង់ចោល។ គម្រោងផ្ដល់សំណងដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៦នេះមិនបានកែប្រែទេ នៅពេលកន្លែងតាំងលំនៅថ្មីត្រូវបានកំណត់ជ្រើសរើសយកនៅឆ្ងាយពីគម្រោងចាស់ ហើយក៏មិនបានកែសម្រួលទៅតាមអតិផរណានៅរយៈពេលប្រាំឆ្នាំក្រោយ ឬយូរជាងនេះដែរ។
របាយការណ៍នេះលើកឡើងថា គម្រោងនេះបានធ្វើឲ្យប្រជាពលរដ្ឋដែលរងការបណ្ដេញចេញជំពាក់បំណុលគេកាន់តែច្រើន ហើយជាញឹកញាប់ពួកគេបានខ្ចីប្រាក់ពីអ្នកចងការ ដែលយកអត្រាការប្រាក់ខ្ពស់ហួសហេតុ។ “ខណៈពេល [គ្រួសាររងផលប៉ះពាល់] ខ្លះទទួលបានផលនិងមានជីវភាពប្រសើរពីគម្រោងនេះ ក៏មានគ្រួសារយ៉ាងច្រើនដែរ ដែលមានជីវភាពដុនដាបនិងកាន់តែក្រីក្រដោយសារការតាំងលំនៅថ្មីនេះ”។
ក្រុមស៊ើបអង្កេតនេះបានចុះទៅមើលស្ថានភាពកន្លែងតាំងលំនៅថ្មីចំនួនបួនក្នុងចំណោមកន្លែងតំាងលំនៅថ្មីប្រាំ ហើយបានរកឃើញ “បញ្ហាហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ” នៅទីតាំងនីមួយៗ។ របាយការណ៍នេះបញ្ជាក់ថា “មណ្ឌលសុខភាពនៅទីតាំងក្នុងរាជធានីភ្នំពេញមានសភាពយ៉ាប់យឺន ដោយមានតែគ្រែមួយ គ្មានវេជ្ជបណ្ឌិត និងអគារទ្រុឌទ្រោមមួយដែលត្រូវការជួសជុល ដើម្បីបម្រើដល់ប្រជាពលរដ្ឋតាំងលំនៅថ្មីដែលមានចំនួនយ៉ាងច្រើន”។
យោងតាមគណៈកម្មការនេះបានឲ្យដឹងថា ADB បានកត់ត្រាចំណុចខ្លះខាតនៃគម្រោងនេះនៅក្នុងរបាយការណ៍បេសកកម្មជាប្រចាំរបស់ខ្លួន ប៉ុន្តែមិនបានចូលរួមពាក់ព័ន្ធយ៉ាងសកម្មជាមួយរដ្ឋាភិបាលនិងប្រជាពលរដ្ឋទាំងនេះទេ រហូតទល់តែក្រោយពីបណ្ដាអង្គការក្រៅរដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងទៅប្រធាន ADB កាលពីចុងឆ្នាំ២០១០។
នៅក្នុងអនុសាសន៍របស់ខ្លួន គណៈកម្មការពិនិត្យផ្ទៀងផ្ទាត់នេះលើកឡើងថា ជម្រើសល្អបំផុតគឺត្រូវធ្វើការសិក្សានិងធ្វើសវនកម្មជាថ្មីលើការចំណាយ ដើម្បីរកឲ្យឃើញចំនួនពិតប្រាកដថា តើគ្រួសារនីមួយៗសមនឹងទទួលបានសំណងបន្ថែមប៉ុន្មាន។ តែទោះជាយ៉ាងណា គណៈកម្មការពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តន៍នេះបានទាត់ចោលគំនិតនេះ ព្រោះការធ្វើសវនកម្មត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ពីរឆ្នាំដែរ ហើយរដ្ឋាភិបាលនឹងជំទាស់ដាច់ខាត។
អង្គការសិទ្ធិមនុស្សទាំងនេះ ដែលបានដាក់សម្ពាធឲ្យ ADB ដោះស្រាយកំហុសឆ្គងរបស់ខ្លួននិងធ្វើអ្វីបន្ថែមទៀតសម្រាប់គ្រួសារទាំងនេះក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ បានស្វាគមន៍របាយការណ៍នេះ ប៉ុន្តែបានលើកឡើងថា ADB គួរតែទទួលខុសត្រូវរឿងនេះយូរមកហើយ។
លោក ដេវីដ ប្រេដ (David Pred) នាយកគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា Inclusive Development International បានមានប្រសាសន៍ថា “វាពិតជាគួរឲ្យខឹងណាស់ ដែល ADB មិនបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខណៈដែលប្រជាពលរដ្ឋធ្លាក់ចូលក្នុងភាពក្រីក្រ និងជំពាក់បំណុលគេ ក្រោយពីផែនការតាំងលំនៅថ្មីដែលខ្លួនអនុម័ត បានបង្កជាគ្រោះមហន្តរាយ”។
អង្គការ Inclusive Development International និងអង្គការសមធម៌កម្ពុជា ជាអ្នកដាក់ពាក្យបណ្ដឹងដែលទីបំផុតបានធ្វើឲ្យមានការស៊ើបអង្កេតនេះ ជួសមុខឲ្យប្រជាពលរដ្ឋ២២គ្រួសារដែលរស់នៅកន្លែងតាំងលំនៅថ្មី។ អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា សមាគមធាងត្នោត ក៏បានធ្វើការងារនេះច្រើនដែរ ហើយបានធ្វើការសិក្សាស្រាវជ្រាវដោយកត់ត្រាស្ថានភាពរបស់គ្រួសារទាំងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយបានឆ្លុះបញ្ចាំងពីបញ្ហារបស់ពួកគេ។
លោក អឿ សារុំ មន្ត្រីសម្របសម្រួលកម្មវិធីនៅសមាគមធាងត្នោតបានមានប្រសាសន៍ថា ADB នៅតែត្រូវបង្ហាញឆន្ទៈរបស់ខ្លួនថា ពេលនេះខ្លួនបានត្រៀមរួចជាស្រេច ហើយដើម្បីដោះស្រាយកំហុសឆ្គងដែលខ្លួនបានទទួលស្គាល់នៅទីបំផុតនេះ។ លោកបានមានប្រសាសន៍ថា “នេះគឺជាឱកាសរបស់ ADB ដែលត្រូវបង្ហាញប្រជាពលរដ្ឋកម្ពុជាថា តើខ្លួនមកទីនេះដើម្បីកាត់បន្ថយភាពក្រីក្រ ឬក៏ដើម្បីបង្កើតភាពក្រីក្រ”។
ក្រុមអង្គការសិទ្ធិមនុស្សដដែលនេះបាននឹងកំពុងជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី ដែលបានសន្យាផ្ដល់ជំនួយ២១,៥លានដុល្លារដល់គម្រោងនេះ ធ្វើអ្វីបន្ថែមទៀតផងដែរសម្រាប់គ្រួសារទាំងនេះ។
កាលពីថ្ងៃអង្គារស្ថានទូតអូស្ត្រាលីបានចេញសេចក្ដីថ្លែងការណ៍មួយស្វាគមន៍របាយការណ៍របស់ ADB ហើយលើកឡើងថា ខ្លួននឹងធ្វើការជាមួយអ្នកទទួលខុសត្រូវចំពោះការអនុវត្តអនុសាសន៍ទាំងនេះ។ ស្ថានទូតនេះមិនបានទទួលស្គាល់កំហុសឆ្គងណាមួយបង្កឡើងដោយគម្រោងនេះទេ ហើយបានបដិសេធមិនឆ្លើយសំណួរជាច្រើន។ ដោយឡែកមន្ត្រីនៅក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចមិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងបញ្ហានេះ៕ សុខុម