29 C
Phnom Penh

កម្មករដែល​​​​​​បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​បណ្តោះ​​​អាសន្ន​​​និយាយ​​​ពី​​​​​​ភាព​​​​​​អយុត្តិធម៌​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈ​ពេល​ប៉ុន្មានសប្ដាហ៍​ដែលកម្មករ​រោងចក្រ​កាត់ដេរ​ឈ្មោះ យ៉ុន ជា អាយុ​១៧​ឆ្នាំ​​បាន​ជាប់​ក្នុង​ពន្ធនាគារ​នោះ គាត់​បាន​ចំណាយ​​ពេលរាប់​ម៉ោង​មើល​តាម​បង្អួ​ច​នៅ​ជញ្ជាំង​បេតុង​មួយ​​ និង​​​​​​​គិត​​​​ថា គាត់​នឹង​មិន​បាន​ឃើញ​ផ្ទះ​ និងគ្រួសារ​របស់គាត់​វិញទេ​។

យុ៉ន ជា កម្មករ​រោងចក្រ​កាត់​ដេរ​អាយុ​១៧​ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ការ​បង្ក្រាប​អ្នក​តវ៉ា​កាលពីថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ហើយ​​ត្រូវ​បាន​ដោះលែង​​កាលពីថ្ងៃ​សៅរ៍ និយាយ​នៅ​ផ្ទះ​របស​់​ខ្លួន​នៅ​តាម​ផ្លូវ​វេង​ស្រេង​ កាលពីម្សិលមិញ​។ ស៊ីវ ចាន់ណា​
យ៉ុន ជា កម្មករ​រោងចក្រ​កាត់​ដេរ​អាយុ​១៧​ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ការ​បង្ក្រាប​អ្នក​តវ៉ា​កាលពីថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ហើយ​​ត្រូវ​បាន​ដោះលែង​​កាលពីថ្ងៃ​សៅរ៍ និយាយ​នៅ​ផ្ទះ​របស់​ខ្លួន​នៅ​តាម​ផ្លូវ​វេង​ស្រេង​ កាលពីម្សិលមិញ​។ ស៊ីវ ចាន់ណា

គាត់​បាន​និយាយ​កាលពីម្សិលមិញ​នៅ​ពេល​អង្គុយលើ​កម្រាល​ឥដ្ឋ​នៃ​បន្ទប់​តូច​មួយ​នៅ​តាម​ផ្លូវ​វេង​ស្រេង​ក្នុង​ខណ្ឌមានជ័យ​ក្រុង​ភ្នំពេញ ដែលគាត់​រស់​នៅ​ជាមួ​យ​ឪពុ​ក​ម្ដាយ​ និង​បង​ប្អូន​ពីរ​នាក់​របស់​គាត់​ថា “ខ្ញុំ​មិន​ដែល​​គិត​ថា ខ្ញុំ​អាច​ចេញវិញ​បានទេ​។ មាន​បង្អួច​មួយ​​ដែល​អាច​មើល​ទៅ​ក្រៅ​បាន។​​​មួយ​​​ថ្ងៃៗ​ ខ្ញុំ​អង្គុយ​សម្លឹង​តាម​បង្អួច​នោះ​”។

កាលពីព្រឹក​ថ្ងៃសុក្រ​ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ បាន​ដោះលែង​​លោក ជា និង​អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត​ឈ្មោះ ប៊ូ សារិទ្ធ អាយុ​២៧​ឆ្នាំ​ ហើយ​អ្នកទាំង​ព​​ី​​​រស្ថិត​​​ក្នុង​​​ចំណោម​​​​សកម្ម​​​ជន​​សហជីព​ និងអ្នក​តវ៉ា​ទាំង​២៣​នាក់​ដែល​បាន​ជាប់​ឃុំ​បន្ទាប់ពីមាន​ការ​បង្ក្រាប​យ៉ាងឃោរឃៅ​ទៅ​លើ​កម្មករ​​រោងចក្រ​កាត់​ដេរ​ដែល​ធ្វើ​កូដ​កម្មកាលពីថ្ងៃ ទី​២ និង​ទី​៣ ខែ​មករា​​។ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​កាលពីថ្ងៃសៅរ៍។ មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ចំណោម​មនុស្ស​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅឡើយ​បាន​ធ្វើ​កូដកម្មអត់​អាហារ​កាលពីព្រឹកម្សិលមិញ​។

លោក គា សុវណ្ណា ប្រធាន​មណ្ឌល​​អប់​រំ​​​កែ​ប្រែ​​ទី៣ ដែល​​អ្នក​ទោស​ទាំង​២១​នាក់​​ត្រូវ​បាន​ឃុំ​ខ្លួ​ន​នោះ​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​​​ថា “អ្នកទោស​១៦​នាក់​ក្នុង​ចំណោម​អ្នក​ទោស​​ទាំង​២១​នាក់​បាន​ធ្វើ​​​កូដកម្ម​អត់​អាហារ​តាំង​ពីព្រឹកមិញនេះ​ ពីព្រោះពួកគេ​ចង់​បញ្ជូនសារ​ទៅ​ក្រសួង​យុត្តិធម៌​ឲ្យរក​យុត្តិ​ធម៌​ឲ្យពួកគេ​។

ហើយចំពោះ​​អ្នក​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​​​ហើយក៏​​​ដោយ​​​ ក៏​ការ​រស់​នៅ​ក្រៅ​ពន្ធនាគារ​នៅតែ​មាន​ការ​លំបាក​ដែរ​។ ឥឡូវ​នេះ​ លោក ជា ថ្លង់​ត្រចៀក​ឆ្វេង​របស់​គាត់​ និង​មិន​អាច​ប្រើ​ដៃ​ឆ្វេង​បានទេ​ ដោយសារ​ការ​វាយ​ដំ​​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​មករា។ គាត់​បាន​និយាយ​ថា គាត់​នៅ​ទីនោះពីព្រោះ គាត់​ចង់​ថត​រូប​​​។

​គាត់​បាន​និយាយ​ថា “ខ្ញុំ​បានឮការ​ប៉ះទង្គិច​​​គ្នា​នៅ​ខាង​ក្រៅ​ ដូច្នេះ​ខ្ញុំ​បាន​​យក​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ​ទៅ​ថត​​ការ​ប៉ះទង្គិច​គ្នា​នោះ។ នៅ​​ពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ​ កង​រាជ​អាវុធ​ហត្ថ​បាន​​​ឡោម​ព័ទ្ធ​ខ្ញុំ​។ ពួកគេ​មិន​និយា​យ​ទេ ពួក​គេ​​បាន​វាយ​ខ្ញុំតែម្ដង​។ ពួកគេ​វាយ​ខ្ញុំ​គ្រប់​កន្លែង​រហូត​ដល់​ខ្ញុំ​សន្លប់​។ នៅពេល​ខ្ញុំ​ដឹង​ខ្លួន​ឡើង​ខ្ញុំ​ស្ថិត​នៅ​ឯស្នង​ការ​ដ្ឋាននគរ​បាល​”។

លោក ជា ត្រូវ​បាន​ឃុំខ្លួន​ពីរ​ថ្ងៃ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ ដែលនៅ​ទីនោះ គាត់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដោះ​សម្លៀក​បំពាក់​ទុក​តែ​ខោ​ខ្លី និង​ដេក​នៅ​លើ​ក្រដាស​មួយ​​​​ផ្ទាំង​នៅលើ​កម្រាល​ឥដ្ឋ​។ មន្ត្រី​នគរ​បាល​បាន​សួរ​គាត់​ និង​គំរាម​គាត់​ជាច្រើន​ម៉ោង​។ គាត់​​និយាយ​ពេល​សម្លឹង​មើល​ដៃ​ឆ្វេង​​​របស់គាត់​ដែល​មាន​​សភាព​ហើម​ និង​បាក់​នៅ​​​​ក្នុង​ហេតុការណ៍នេះ​ថា “មន្ត្រី​នគរ​បាល​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា‘ អញនឹង​យក​ដំបង​ដែក​រុក​​​​មាត់​ឯង​ ប្រសិន​បើ​ឯង​នៅ​តែ​និយាយ​​​​ទៀត​​​’ ” ។

លោក ជា​ អះអាង​ថា បន្ទាប់​ពីវាយ​គាត់​សន្លប់​ហើយ​ កង​រាជ​អាវុធ​ហត្ថ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំអស់។ គាត់​បាន​និយាយ​ថា ក​ង​រាជ​អាវុធ​ហត្ថ​បាន​យក​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន​ជាប់​ខ្លួន ដូច​ជា​ទូរស័ព្ទ​ដៃ កាបូប​លុយ និង​កាត​រោងចក្រ​”។ បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​បង្ក​​របួស​ស្នាម និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​រួច​ហើយ លោក ជា ​ត្រូវ​បាន​នាំទៅកាន់​មណ្ឌល​​​​អប់​រំ​កែប្រែ​ទី​៣ ដែល​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​​ថា មាន​ស្ថានភាព​មិន​ល្អ​។​

គាត់​​​បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​​ៗត្រូវ​ឆ្លង​កាត់​ការ​លំបាក​​​​ខ្លាំង​​​ណាស់​។ គាត់​បាន​និយាយ​ថា “ជា​រៀង​រាល់ថ្ងៃ​នៅពេល​ដែល​ខ្ញុំភ្ញាក់​ដឹង​ខ្លួន​ឡើង​ខ្ញុំ​ចង់តែ​​​​រត់​ចេញ​”។ លោក ជា​ ​និយាយ​ថា គាត់​និង​អ្នក​ទោស​​ដែល​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​និយាយគ្នា​ទេ ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃដំបូង ប៉ុន្តែ​ក្រោយ​មក​មន្ត្រី​នគរ​បាល​បាន​អនុញ្ញាត​ឲ្យនិយាយវិញ​។ មនុស្ស​ភាគ​ច្រើន​ដែល​ជាប់​ឃុំជាមួយ​គាត់​គឺ​​ជា​អ្នក​ជាប់​ទោស​​​ពីបទ​រំលោភ​ ចោរ​កម្ម​ និង​ជួញដូរ​គ្រឿង​ញៀន។

ទោះបីជា​ពន្ធនាគារ​នោះ បាន​ព្រម​ព្រៀង​​ថតមើល​ដៃ​របស់​​លោក ជា និង​ឲ្យ​គាត់​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏ដោយ ក៏ពួកគេ​មិន​ព្រម​​ធ្វើការ​វះកាត់​ដែរ​។ បន្ទាប់ពី​ជាប់​ឃុំ​អស់​រយៈពេល​១៨​ថ្ងៃ​នៅ​មណ្ឌល​អប់​រំ​​កែប្រែ​ទី៣​នេះ លោក ជា ត្រូវ​បាន​នាំទៅកាន់​ពន្ធនាគារ​ខេត្ត​កំពង់ចាម ពី​ព្រោះគាត់​គឺ​ជា​អនីតិជន​។ គាត់​បាន​និយាយ​​​ថា “នៅទី​នោះ​វា​ស្រួល​ជាង ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គ្មាន​សេរីភាពដដែល​​​”។

បន្ទាប់ពីការ​ចាប់​ខ្លួនគាត់​ លោក ជា ត្រូវ​បាន​​​បណ្តេញ​​​​ចេញពីការ​ងារ​របស់​គាត់​នៅ​រោង​ចក្រ​ ជាស្រ៊ុន ដែល​គាត់​បាន​ធ្វើការ​រយៈ​ពេល​មួយ​ឆ្នាំ។ ប៉ុន្តែ​គាត់​បាននិយាយ​ថា ស្នាម​របួស​​គាត់​ និង​ការ​ភ័យ​ខ្លាច​អំពីការ​ចាប់​ខ្លួន​​ធ្វើ​ឲ្យ​គាត់​ពិបាក​ទៅធ្វើការ​។ “ខ្ញុំនៅ​តែ​ភ័យ​ខ្លាច​។ ខ្ញុំ​មិនហ៊ាន​ចាកចេញពីផ្ទះទៀត​ទេ​”។

អ្នក​ជាប់​ឃុំ​ម្នាក់ទៀត​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​នេះដែរ គឺ​លោក ប៊ូ សារិទ្ធ អាយុ​២៧​ឆ្នាំ​​​បាន​យល់​ស្រប​។ គាត់​បាន​និយាយ​កាលពីម្សិលមិញ​នៅ​ពេល​​មាន​គ្រួសារ​របស់​គាត់​អង្គុយជុំវិញនៅ​​ពីក្រោម​ផ្ទះ​ឈើ​របស់​ពួកគេ​នៅ​ជិត​ផ្លូវ​វេង​ស្រេង និងដៃ​របស់​គាត់​ញ័រ​នៅពេល​​គាត់​និយាយ​នោះ បាន​និយាយ​កាលពី​ម្សិល​មិញ​ថា “ខ្ញុំ​ខ្លាច​ណាស់​មិន​ហ៊ាន​តវ៉ា​ទេ​”។

ដូច​លោក ជា ដែរ​នោះ លោក​​ សារិទ្ធ បាន​អះអាង​ថា គាត់​​គ្រាន់​តែ​​​ចេញ​​​​ទៅ​មើល​ការ​តវ៉ា​នោះ​ ស្រាប់​តែ​គេ​បាន​ចាប់​ខ្លួ​ន​គាត់​តែ​ម្ដង​​​​នៅថ្ងៃ​ទី​៣ ខែ​មករា។ គាត់​កំពុង​ឈរ​ជាមួយ​មិត្ត​ភក្ដិ​​ និង​អ្នក​ឈរ​មើល​ដទៃ​ទៀត​នៅ​ខាង​​ក្រៅ​ផ្ទះជួល​របស់​កម្មករ​រោងចក្រ​កាត​់​ដេរ​ ហើយ​នៅពេល​នោះ​​​​មនុស្ស​ដែល​នៅ​ក្បែរ​គាត់​បានស្រែក​ជេ​រកង​រាជ​អាវុធ​ហត្ថ​។ គាត់​​និយាយ​ថា “បន្ទាប់​មក​ពួកគេ​បាន​ចាប់​​ខ្លួន​ខ្ញុំ និង​វាយ​ដំខ្ញុំ​។ កង​រាជ​អាវុធ​ហត្ថ​ម្នាក់​បាននិយាយ​ទៅ​កាន​់​កង​រាជ​អាវុធ​​​ហត្ថ​ផ្សេង​ទៀត​ថា ‘ បើ​នៅ​តែ​វាយ​វា វា​នឹង​​ងាប់​’ ” ។

លោក​ សារិទ្ធ​ បាន​និយាយ​ថា កង​រាជ​អាវុធ​​ហត្ថ​បាន​វាយ​គាត់​ពេញដង​ខ្លួន​ និង​ក្បាល​រហូត​ដល់​បែក​ឈាម​ និងហើម​។ ចាប់​តាំង​ពី​ត្រូវ​បានដោះលែង​ពី​ពន្ធនា​គា​រ​មក លោក សារិទ្ធ និយាយ​ថា គាត់​មាន​ការ​ឈឺ​ចាប់​ដើម​ទ្រូង​ និង​កំពុង​បាត់​បង់​ការ​ចង​ចាំ​។ គាត់​បាន​និយាយ​ថា “ខ្ញុំ​កំពុង​ចាប់​ផ្ដើម​ភ្លេច​ភ្លាំង​។ ថ្ងៃ​ណា​មួយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​បញ្ហាធំ”។

នៅ​ពេល​សួរ​ថា តើ​ការ​រស់​នៅ​ដូច​ម្ដេច​ដែរ​នៅ​ក្នុង​មណ្ឌល​អប់​រំ​​កែប្រែ​ទី​៣​នោះ លោក សារិទ្ធ ​និយាយ​ថា “វា​មិន​ដូច​ផ្ទះ​ទេ​” ។ គាត់​បាន​និយាយ​បន្ទាប់ពី​ពិធី​សូត្រ​មន្ត​នៅ​ផ្ទះ​របស់​គាត់​ថា “[នៅ​ក្នុង​ពន្ធនាគារ​] យើង​ហូប​ ដេក អង្គុយ ដើរ​ ហូប​ ដេក អង្គុយ​ ដើរ​ គឺ​មានតែប៉ុណ្ណឹង​”។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះការ​ប្រព្រឹត្ត​ទៅ​លើ​អ្នកជាប់​ឃុំ​ទាំង​២៣​នាក់ ដោយ​មាន​ការ​តវ៉ា​ទាំង​នៅ​ក្នុង​ស្រុក និង​នៅបរទេស​​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់​។ នៅ​ថ្ងៃ​នេះ​ គឺ​មួយ​ថ្ងៃ​មុន​ពេល​បើក​សវនា​ការ​​សុំនៅ​ក្រៅ​ឃុំ​សម្រាប់​អ្នកទោស​ដែល​នៅ​សេស​សល់​ចំនួន​២១នាក់​​​​​ សហជីព​​គ្រោង​​​​ហែ​ក្បួន​តាម​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​ ក្នុងទីក្រុង​ភ្នំពេញ​ ទៅ​កាន់​ស្ថានទូត​បរទេស​ ដើម្បី​​តវ៉ា​ចំពោះការ​ឃុំខ្លួនមនុស្ស​ទាំង​២១​នាក់ និង​តវ៉ា​ចំពោះការ​ដែល​​រដ្ឋាភិបាល​មិន​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ខ្លួន​​​​សុំ​ដំឡើង​ប្រាក់​ខែ​គោល​​​​របស់​​​កម្មករ​​​។

លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​​ចលនា​​​​កម្មករ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ប្រហែល​បីរយ​នាក់ រួម​ទាំង​សហជី​ព​ប្រាំបី នឹង​ដាក់​ញត្តិ​ដែល​មាន​ប្រាំ​ពីរ​ចំណុច​ រួម​ទាំង​ការ​ដោះ​លែង​អ្នកទោស​ទាំង​២៣នាក់​ផង​”។ “យើង​មិន​បារម្ភ​អំពី​ការ​បង្ក្រាប​ទេ។ យើង​នឹង​ជួប​ជុំ​គ្នា​ហែ​ក្បួន​ដោយ​អហិង្សា​ យើង​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ​នៃ​​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា​​”។

នៅ​ក្រៅ​ប្រទេស​កម្ពុជា​ឯណោះវិញ សហ​​ជីព​នៅ​ក្នុង​ប្រទេស​ចំនួន​២២​ក៏នឹង​​ដាក់​ញត្តិ​ជូន​ស្ថានទូត​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក​ដែរ​​​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នកទោស​ទាំង​នេះ និង​ឲ្យគោរព​សិទ្ធិ​កម្មករ​។ លោក ជា និយាយ​ថា គាត់​សង្ឃឹម​ថា អ្វី​ដែល​​​បាន​កើត​ឡើង​ចំពោះគាត់​កាលពី​ខែ​មករា នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​ទេ។​ គាត់​បាននិយាយ​ថា “វា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​។ ពួកគេ​បានវាយ​ដំមនុស្ស​ និង​មិន​គោរព​​ច្បាប់​ឡើយ​”៕គឹម​ហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស