31 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទាម​ទារ​ឲ្យ​មានការ​បើក​ប្រាក់​ខែ​ទាន់​ពេលវេលា​ជូន​មន្ត្រី​រាជការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចេញ​សារាចរណែនាំ​មួយ​ឲ្យក្រសួង​មុខងារ​សាធារ​ណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ សហ​ការ​ជាមួយ​ស្ថាប័ន​រដ្ឋ​នានា​ ដើម្បី​ធានា​ការ​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​យ៉ាង​យូរ​ក្នុង​សប្តាហ៍​ទី​៤នៃខែ​នីមួយៗ។

សារាចរ​ណែនាំ​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន និង​ចុះ​ថ្ងៃ​ទី​២៩ ខែមករា នេះគឺ​ជា​សារាចរថ្មី​​បំផុតក្នុង​កម្មវិធី​កំណែ​ទម្រង់​សេវាកម្ម​មន្ត្រី​រាជការ​ បើ​គិត​ចាប់​តាំង​ពី​ពេល​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស កាលពី​​ខែ​កក្កដា បូករួម​ទាំង​ផែន​ការ​បង្កើត​ក្រសួង​មុខ​ងារ​សាធារណៈដើម្បី​ធ្វើ​កំណែ​ទម្រង់​ និង​ផែនការ​មួយ​ និង​​ផែនការ​​បើក​ប្រាក់​ខែ​តាម​គណនី​ធនាគារ​ ក្នុង​កិច្ច​ប្រឹង​​ប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ប្រាក់​ស​គុណ​ និង​អប្រសិទ្ធភាព​។

សារាចរ​ណែនាំ​​នេះ​មាន​ខ្លឹម​សារ​ថា “ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​ ត្រូវ​តែ​រៀប​ចំ​ធ្វើ​អធិការ​កិច្ច​ និង​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្តល់​ប្រាក់​ខែ​ដល់​បណ្តា​ក្រសួង​ ស្ថាប័ន រាជធានី និង​ខេត្ត​ មិន​ឲ្យ​​លើស​ពី​សប្តាហ៍​ទី៤រៀង​រាល់​ខែ​ឡើយ​”។ សារាចរណែនាំនេះ​បាន​បង្ហាញ​ទៀត​ថា អភិបាល​ខេត្ត​អាច​ចាត់​តាំង​អភិ​បាល​​​រងរបស់​ខ្លួន​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​បើក​ប្រាក់​ខែរៀងរាល់​ខែ​។

សារាចរ​នេះ​ក៏​ស្នើ​ឲ្យ​រដ្ឋអំណាច​មូលដ្ឋាន​ដាក់​ជូន​ទម្រង់​បែប​បទ​សម្រាប់​បើក​ប្រាក់​ខែឲ្យ​​មន្ត្រី​រាជការនៅ​ត្រឹម​សប្តាហ៍​ដំបូង​រៀង​រាល់​ខែ ដើម្បី​ឲ្យ​ក្រសួង​មុខងារ​សាធារណៈ​ពិនិត្យ​។ គួរ​បញ្ជាក់​ថា ​ក្រសួង​នេះ​​ត្រូវ​តែ​បញ្ជូន​ទម្រង់​បែប​បទ​ដែល​ត្រូវ​បាន​ពិនិត្យ​ និង​សម្រេច​ចុង​ក្រោយ​ទៅ​ក្រសួងសេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ​ នៅ​ត្រឹម​សប្តាហ៍​ទី​២រៀង​រាល់​ខែ​។

សារាចរ​ណែនាំដដែល​នេះ​មាន​ខ្លឹម​សារ​បន្ត​ថា “ក្រសួង​ ស្ថាប័ន រាជធានី និង​ខេត្ត​ ព្រម​ទាំង​អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់់​ត្រូវ​អនុវត្ត​សារាចរ​នេះ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​នេះ​”។ លោក នូ សាខន អភិបាល​រង​ខេត្ត​កណ្តាល​បាន​លើកឡើង​ថា យន្ត​ការ​សម្រប​​សម្រួល ​​ថ្មី​នេះរួម​ជា​មួយ​នឹង​ការ​បើក​ប្រាក់​ខែ​តាម​ធនាគារ​ នឹង​ធានា​ថា “មន្ត្រី​រាជ​ការ​ នឹង​ទទួល​បាន​ប្រាក់​ខែ​របស់​ខ្លួន​លឿន​ជាង​ឆ្នាំ​មុន​ៗ”។

លោក ច័ន្ទ សាវ៉េត អនុប្រធាន​សង្កេត​ការ​ណ៍​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក ​អាដហុក​បាន​លើក​ឡើង​ថា ប្រសិន​បើ​មាន​ប្រសិទ្ធ​ភាព គម្រោង​ថ្មី​នេះ នឹងធ្វើ​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​ដ៏ល្អមួយ​សម្រាប់​មន្ត្រី​​រដ្ឋាភិបាល​ដែល​បាន​ត្អូញ​ត្អែរ​ជាយូរ​មក​ហើយ​អំពី​ការ​បើក​ប្រាក់​ខែ​យឺតយ៉ាវ និង​មិនទៀង​ទាត់​។ ទោះ​បី​ជាយ៉ាង​ណា​ លោក កែវ ពឿន​ប្រធាន​​សមាគម​មន្ត្រី​រាជ​ការ​ស៊ីវិល​ឯករាជ្យ​កម្ពុជា​ បាន​មា​ន​ប្រសាសន៍​ថា កម្មវិធី​កំណែ​ទម្រង់​ផ្នែក​រដ្ឋបាលទាំងនេះ​មិនឆ្លើយតប​​ទៅ​​នឹង​​បញ្ហា​សំខាន់​​ គឺបញ្ហា​ប្រាក់​ខែ​ទាប​នោះ​​ឡើយ​។

លោក កែវ ពឿន បាន​មាន​ប្រសាសន៍ថា “ រដ្ឋាភិ​បាល​​គ្រាន់​តែ​ធ្វើការ​កែ​ទម្រង់​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ក៏​ប៉ុន្តែ វា​គ្មាន​ប្រយោជន៍​ទេ​ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល ពីព្រោះ​ការ​កែ​ទម្រង់​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​ពួកគេ​បាន​ប្រសើរ​ឡើយ​”។ លោក​បាន​បន្ថែម​ថា “មន្ត្រី​រាជការ​ស៊ីវិល​ចង់​ឃើញ​ រដ្ឋាភិបាល​មាន​ផែនការ​សកម្ម​ភាព​មួយ​ ដែល​អាច​ឲ្យ​ពួកគាត់ រស់​នៅ​ដោយ​ថ្លៃថ្នូរ​ក្នុង​សង្គម​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស