26 C
Phnom Penh

អង្គការ​សិទ្ធិ​មនុស្ស​​​​អាដហុក​​​ទាម​ទារ​ឲ្យ​នគរ​បាល​បញ្ជូន​ករណី​ប៉ុន​ប៉ង​មនុស្ស​ឃាត​ទៅ​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​​​​ស្រុក​អាដ​ហុក​បាន​ស្នើ​ឲ្យ​នគរ​បាល​​ខេត្ត​មណ្ឌល​​​​​​​គិរី​បញ្ជូន​រឿង​ក្ដី​​ដែល​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​​នេះ​​​បាន​​​​ប្ដឹង​ក្រុម​ហ៊ុន​មួយ​​ ដែល​​​​ខ្លួន​​​​​អះអាង​ថា បានប៉ុន​ប៉ងសម្លាប់បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​ខ្លួននោះ​ទៅ​សាលា​ដំបូង​ខេត្ត​។

អង្គការ​អាដ​ហុក​បាន​ដាក់​ពាក្យ​បណ្ដឹង​កាលពីដើម​ខែ​មករា បន្ទាប់ពី​លោក​ សុខ ​រដ្ឋា ជា​អ្នក​ស៊ើប​អង្កេត​មួយ​រូប​ប៊ិះ​ត្រូវ​រថ​យន្ត​បុក​ស្លាប់ ​​​ហើយ​​​​​​​លោក​អះអាង​ថា រថយន្ត​​​​​​នោះ​​​បើក​​​​បរ​ដោយ​បុគ្គលិក​​​របស់​​​​ក្រុម​ហ៊ុន Villa Divelopment ​ជា​ក្រុម​ហ៊ុន​ដែល​អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​សែន​មនោរម្យ និយាយ​ថា បានរាន​ដី​នៅ​ក្នុង​តំបន់​នោះដោយ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ​។

លោក នី ចរិយា ប្រធាន​​​​ផ្នែក​​​​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ផ្នែកច្បាប់របស់​អង្គការ​អាដ​ហុក​ មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា នគរ​បាល​ដែល​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​​បាន​ព្យាយាម​ទាក់​ទង​ទៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​​​​​នេះ និង​ក្រុម​ហ៊ុន​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ប៉ុន្តែ​ថា អង្គ​ការ​​​អាដ​​​ហុក​​​​​​​ចង់​​​ដោះ​​​ស្រាយ​​​នៅ​​​​តុលាការ​។

លោក​បាន​មា​ន​ប្រសាសន៍​ថា “យើង​ទាម​ទារ​ឲ្យ​នគរ​បាល​បញ្ជូន​ករណី​នេះ​ទៅ​ព្រះ​រាជអាជ្ញា យើង​នឹង​មិន​ធ្វើ​ការ​ចរចា​ឡើយ​ ពីព្រោះ​​​​ការ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​គឺ​​​​​​ជាករណីព្រហ្មទណ្ឌ​​​”។ កាលពីសប្ដាហ៍មុន​​ នគរ​បាល​បាន​សាក​សួរ​​​​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ប៉ែន សុខុម។

លោក ញ៉ែម វណ្ណី ស្នង​ការ​នគរ​បាល​ខេត្ត​បាន​​​​មាន​ប្រសាសន៍កាលពីម្សិលមិញ​ថា នគរ​បាល​រកមិន​ឃើញ​ភ័ស្តុ​តាងពីប​ទ​មនុស្ស​ឃាត​ឡើយ ហើយអង្គការ​អាដ​ហុក និង​តំណាង​​​​សហគមន៍​​​​បាន​ចូលដី​នោះ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​​។ លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​អង្គ​​​ការ​អាដ​ហុក​មិន​ព្រម​ចរចា​ទេ​នោះ លោក​​​នឹង​បញ្ជូន​​រឿង​ក្ដី​នេះ​ទៅតុលាការ​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស