31 C
Phnom Penh

លោក​​​ Pascal Royere អ្នកស្តារ​ប្រាសាទ​​​ដ៏​​​អស្ចារ្យ​​​នៅ​​​​​​អង្គរ​​​ បាន​​​ទទួល​​​មរណភាព​​​ដោយសារ​​​ជំងឺ​​​មហារីក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​រយៈពេល​ពីរ​ទសវត្សរ៍ លោក​ Pascal  Royere ​គឺជា​បុរស​ដែល​គេ​ឧស្សា​ហ៍​ឃើញ​មុខ​បំផុត​​​​​នៅ​​​ក្នុង​​ឧទ្យាន​​​​​បុរាណ​អង្គរ​។ លោក​ជា​បុរ​ស​​​ស្ងៀម​ស្ងាត់​​ពោរ​ពេញ​ដោយ​ក្តី​អំណត់​ដែល​តែង​តែ​​​សម្លឹង​មើល​ថ្ម​ប្រាសាទ​នីមួយ​ៗហាក់​បី​​ដូ​ច​ជា​​​ថ្ម​​​ទាំងនោះជា​ពេជ្រ​ដ៏មាន​តម្លៃ​​​​​មិ​ន​អាច​កាត់​ថ្លៃ​​​បាន​​​​ដូច្នោះ​​​ដែរ​​​។

មិត្ត​ភក្តិ​​​​និង​សហ​សេវិក​បាន​ពិពណ៌នាអំ​​​​ពី​លោក​​ Royere ​​​ដែល​បាន​ទទួល​អនិច្ច​កម្ម​​នៅ​ក្នុង​ប្រទេស​បារាំង​​​កាល​ពីថ្ងៃ​ពុធថា​​​ ជា​ជំនាញ​ការ​មួយ​រូប​ដែល​មិន​ព្រម​ឲ្យ​ព្យុះ​ភ្លៀងរារាំង​​​លោក​ពីការ​ស្តារ​ប្រាសាទខ្មែរ​ដែលរូប​​​​លោក​បាន​ប្តេជ្ញា​ធ្វើ​អស់​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​នៃជីវិត​​របស់​លោក​ឡើយ​។ ជា​វិស្វករដែល​ជំនាញ​ខាង​​​​ស្តារ​ប្រាសាទ​​ លោក Royere ​មាន​អាយុ​២៨​ឆ្នាំ​ ពេ​លលោក​ត្រូវ​បាន​បញ្ជូន​​មក​​​​កាន់​​​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​១៩៩៥​ដោយ​វិទ្យាស្ថាន​​  Ecole Francaise d’ Extreme Orient ហៅកាត់​ថា EFEO ដែល​ជា​​ស្ថាប័ន​របស់​រដ្ឋាភិបាល​បារាំង​​​​​ដែល​បាន​និង​កំពុង​ស្តារ​ប្រាសាទ​អង្គរ​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មក​ហើយ​។ ដូចជា​បុរាណ​វត្ថុវិទូ​បារាំង​​​​នា​​​​សម័យ​ដើម​និង​សម័យ​បច្ចុប្បន្ន​ដែរ ​កម្ពុជាគឺជា​ប្រទេស​ដែល​លោក​ស្រឡាញ់​បំផុត​។

លោក Dominique Soutif ប្រធាន​ការិ​យា​ល័យ EFEO នៅក្នុង​ក្រុង​សៀម​រាប​ បាន​មាន​ប្រសាសន៍ថា “គាត់​ស្រឡាញ់​ប្រទេស​នេះ​ខ្លាំងរក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន​ទេ​។គាត់​ស្រឡាញ់​ ប្រជាពល​រដ្ឋ​កម្ពុជា​ និង​​បាន​ចង​ចាំ​ពួក​គេ​ទុក​ក្នុង​ចិត្ត​រហូត​ដល់​ថ្ងៃ​គាត់​ទទួល​មរណ​ភាព​”។​ អំឡុងពេល​បំពេញការ​ងារ​របស់​​លោក​នៅ​កម្ពុជា​​ លោក Royere បាន​ទទួល​ភារកិច្ច​ស្តារ​ប្រាសាទ​ដ៏​សំខាន់​​​​ ប៉ុន្តែ​​​​​​ពោរពេញ​​​ដោយ​​​ការ​លំបាក​​។

ប្រាសាទ​ដំបូ​ងគេ​គឺ​ប្រាសាទ​បាពួន ដែល​ជា​ប្រាសាទ​ធំបំផុត​ទី​២​​​​បន្ទាប់​ពី​ប្រាសាទ​អង្គរ​វត្ត​​​​ ដែល​ត្រូវ​បាន​រុះរើ​សម្រាប់​ការស្តារ ​​​​ក្នុង​​​ទសវត្សរ៍​ឆ្នាំ១៩៦០​​​​និង​ដែល​ត្រូវ​​​​​បានគេ​​​​​​​ទុក​ចោល​អំឡុង​​សម័យ​សង្គ្រាម​រាប់​ទស​វត្សរ៍​។ នៅ​ពេល​​​លោក​ចាប់​ផ្តើម​គម្រោង​ស្តារ​ប្រាសាទ​បាពួន​ឡើង​វិញ​​​​នៅ​​​ក្នុង​ឆ្នាំ​១៩៩៥​ ​​​​​​​​​​ថ្ម​ប្រា​សា​ទ​​​រាប់​ពាន់​​​​​​ គឺ​​​ត្រូវ​​​​​​​​​​​​គេ​​​ឃើញ​​​នៅ​រាយ​​​ប៉ាយ​​​​​​​​​ពេញ​​​​ដី​ ដោយ​សញ្ញា​សម្គាល់​ទីតាំង​ដើម​នៃ​ថ្ម​នីមួយៗ​បាន​រលុប​បាត់​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​​​នៃសង្គ្រាម​ស៊ីវិល ​នៅ​​​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ ទីបំផុត​ លោក​ Royere បាន​​បញ្ចប់​ភារកិច្ច​​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​២០១១​។

លោក​ទើប​តែ​បានចាប់ផ្តើមស្តារ​​ប្រាសាទ​ ​មេ​បុណ្យ​ខាង​លិច​​​​ នៅចំ​កណ្តាល​បារាយ​ណ៍​​​ខាង​លិច​ដែល​មាន​ទំហំ​​​​១៦.៨០០.០០០​​​ម៉ែត្រ​ក្រឡា​​មិន​ទាន់​បាន​ប៉ុន្មាន​ផង​​​​​​ក៏​ត្រូវ​បាន​​​ពិនិត្យ​​ឃើញ​ជំងឺ​មហារីក​នៅក្នុងខែ​កញ្ញា​។ លោក ហង្ស​ ពៅ អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​​​​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​​គ្រប់​គ្រង​ឧទ្យាន​បុរាណ​​​អង្គរ​​ និង​ដែល​ជា​អ្នក​គ្រប់​គ្រង​គម្រោងស្តារ​ប្រាសាទ​​មេបុណ្យ​ខាង​លិច​​​​​ ជា​មួយ​លោក Royere បាន​មាន​ប្រសាសន៍ថា ​​​“គាត់​យល់​ច្បាស់​ណាស់ពី​វប្ប​ធម៌​ខ្មែរ​​ ហើយ​រូប​​​គាត់​គោរព​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​យើង​​ដោយ​សុទ្ធ​ចិត្ត។ពុំ​​​​ថា​មាន​ការ​អ្វី​ឡើយ​​​​ លោក Royere តែង​​តែ​ពិភាក្សា​គ្នា​ ហើយតែងតែ​​​​​​​​​​គោរ​ព​ទស្សនរបស់​អ្នក​​​​ដទៃ​ដោយ​​​សុទ្ធចិត្ត​​​”។

បុគ្គលិក​នៅ​ការិយាល័យ​អង្គការ​យូណេស្កូ​ (UNESCO)​​​ ក្នុង​​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​​​​​មួយ​ដែល​មាន​ខ្លឹមសារ​ថា “យើង​ពុំ​​មែន​បាត់​បង់​ត្រឹម​តែ​អ្នក​ស្តារ​ប្រា​សាទ​អង្គរ​ដ៏អស្ចារ្យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​ ក៏​បាន​​បាត់​បង់​នូវ​មិត្ត​ភក្តិ​ដ៏​ពិសេ​ស​​​​​​ម្នាក់​​​ផងដែរ”។

កាល​ពីថ្ងៃ​សុក្រ​ លោក​ កិរិយា ចៅស៊ុន អ្នក​នាំពាក្យ​អាជ្ញា​ធរ​អប្សរា​ក៏បាន​​ផ្ញើ​សាររំលែក​ទុក្ខ​​ដែល​មាន​ខ្លឹម​សារថា ​​​“អង្គរ​បាន​បាត់​បង់​ជំនាញការ​ម្នាក់​​ក្នុង​ចំណោម​ជំនាញការ​ដែល​មាន​សមត្ថភាព​និង​ការ​ប្តេជ្ញាចិត្ត​បំផុត​… ក្នុង​នាម​បុគ្គល​ ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ថា ​​​ខ្ញុំ​បាន​បាត់​បង់​មិត្ត​សម្លាញ់​​​​ដ៏​ល្អ​ម្នាក់​”។ ពិធី​បុណ្យ​សព​តាម​ប្រពៃណី​សាសនា​មួយ​នឹង​ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃអាទិត្យ​វេលា​ម៉ោង​៧​ព្រឹក​នៅវត្ត​ស្វាយ​រមៀត​​ដែលស្ថិត​នៅ​ខាង​ជើង​អាកាស​យានដ្ឋាន​សៀម​រាប​ នៅ​ឯទំនប់​​បារាយខាងលិច​​។

លោក​ ពៅ​ បាន​ឲ្យដឹង​ថា អាជ្ញាធរ​អប្សរា​គឺ​​​គ្រោង​រៀបចំ​ពិធីបុណ្យសព​ទី​២​នៅក្នុងខែ​នេះ​ទៀត​​។ លោក​បាន​មាន​ប្រសាសន៍ថា ​​​“យើង​មិន​អាច​ទុក​ឲ្យមិត្ត​ភក្តិ​និង​សហ​សេវិក​​របស់​យើង​លា​ចាក​លោក​​​​នេះ​​​ទៅ​ ដោ​យ​មិន​បាន​​ធ្វើ​​​ពិធី​​​កិត្តិ​យស​​​​​​ជូនគាត់​ម្តង​ទៀត​ទេ​”។ ក្នុង​ឆ្នាំ​២០១១ ​លោក Royere ​​បាន​​​​​ទទួល​​គ្រឿង​ឥស្សរិយយស​​ Legion d’honneur ​ដែល​ជា​គ្រឿង​ឥស្សរិយយស​កម្រិត​ខ្ពស់​បំផុត​របស់​បារាំង​សម្រាប់​ស្នាដៃ​​របស់​លោក​​​ក្នុង​ការ​ស្តារ​ប្រាសាទ​ជាមួយ​ EFEO នៅ​អង្គរ​៕សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស