38 C
Phnom Penh

នគរ​បាល​ឡោមព័ទ្ធ​ផ្ទះ​ឧត្តម​សេនីយ៍​ត្រី​កងយោធពល​ខេមរភូមិន្ទ​មួយ​រូប​ក្នុង​ខេត្ត​មណ្ឌល​គិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​និងកង​រាជ​អាវុធ​ហត្ថ​ជាង​២០​នាក់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ឡោម​ព័ទ្ធ​ផ្ទះ​ឧត្តម​​​​សេនីយ៍​ត្រី​មួយ​រូប​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កាល​ពីថ្ងៃ​សៅរ៍ បន្ទាប់ពី​ទទួល​បាន​​​ព័ត៌មាន​ថា លោក​បាន​លាក់​ឈើ​ប្រណីត​ៗ​នៅ​​​​ក្នុងផ្ទះរបស់​លោក​។

លោក ញ៉ែម វណ្ណី ស្នង​ការ​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​នគរ​​​​បាល​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​ឧត្តម​សេនីយ៍ត្រី ​​ឈិត ម៉េងស្រេង ​​​មេបញ្ជាការ​​​​កង​យោធ​ពល​ខេរភូមិន្ទ​​ខេត្ត​នេះ បន្ទាប់ពី​អ្នក​ភូមិ​ក្នុង​មូ​ល​ដ្ឋាន​​​​រាយ​ការណ៍​ថា បាន​ឃើញ​រថ​យន្ត​​ដឹក​ឈើ​ប្រណីត​ៗ​ខុស​ច្បាប់​កាត់​តាម​ចម្ការ​កៅស៊ូ​នៅ​ក្រោយផ្ទះរបស់​ឧត្តម​សេនីយ៍​ត្រី​រូប​នេះ​។

លោក​ វណ្ណី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បានទាក់ទង​តាម​ទូរស័ព្ទ​ទៅ​សាលា​ដំបូង​ខេត្ត​ភ្លាម ហើយបានស្នើ​សុំដីកា​…​ឆែក​ឆេរ​ផ្ទះ​របស់​លោក ម៉េងស្រេង  បន្ទា​ប់ពី​អ្នក​ភូមិ​រាយ​ការ​ណ៍​ប្រាប់​កម្លាំង​​របស់​យើង​ថា ពួកគាត់​បាន​ឃើញ​​​​​​​រថ​យន្ត​ជាច្រើនគ្រឿង​ដឹក​ឈើ​ទៅ​ផ្ទះ​របស់​លោក។ យោ​ង​តាម​លោក វណ្ណី បាន​ឲ្យដឹង​ថា អម​ដំណើរ​ដោយ​លោក សូ សុវិជ្ជា ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​​ នគរ​បាល​បាន​រក​ឃើញ​ឈើ​ប្រណីត​​ប្រាំ​ពីរ​ដុំ​នៅ​ក្នុង​ផ្ទះ​របស់​លោក ម៉េង​ស្រេង ស្ថិត​ក្នុង​ឃុំ​ស្រែ​ខ្ទុំ​ ស្រុក​កែវ​សីមា និង​ឈើ​ប្រណីត​ពីរ​ដុំទៀត​​នៅ​ក្នុង​​រថយន្ត​របស់​លោក​។

លោក​ វណ្ណី បាន​ឲ្យដឹង​ទៀត​ថា ​នគ​រ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ជាង​៥០​នាក់​ទៀត​​​ត្រូវ​បាន​ដាក់​ពង្រាយ​កាលពី​ម្សិលមិញ ដើម្បី​ឆែក​ឆេរ​រក​ឈើ​ខុស​ច្បាប់បន្ថែម​ទៀត​នៅ​ក្នុង​ចម្ការ​កៅស៊ូ​របស់​លោក​ ម៉េង​​​ស្រេង​​​ ទំហំ​​៥ហិកតា ។

លោក ម៉ី អាន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ​នគ​របាល​បាន​រក​ឃើញ​​​ឈើ​ប្រណីត​៤៨​ដុំ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​នេះ​​​​​ ដោយ​លោក​បន្ថែម​ថា ឈើ​ដែល​រឹប​អូស​បាន​​​​ទាំង​នោះ​ត្រូវ​បាន​យកទៅ​រក្សា​ទុក​នៅ​ការិយា​​ល័យ​​​​រដ្ឋបាល​ព្រៃឈើ​ស្រុក​។ លោក ម៉ី អាន​ ​មាន​ប្រសាសន៍​ថា “យើង​​មិនទាន់​ដឹង​នៅឡើយ​ថា តើ​លោក​ ម៉េង​ស្រេង នឹង​ត្រូវ​ប្រឈមនឹង​ការ​ចាប់ខ្លួន​​ដោយ​សារ​ករណីនេះឬ​យ៉ាង​ណា​នៅឡើយ​ទេ ពីព្រោះ​វាជា​សមត្ថកិច្ច​របស់​តុលាការ​”​។

លោក សុវិជ្ជា ​អះអាង​ថា ឈើ​ប្រណីត​ដែល​ជា​ប្រភេទក្ដារ​បន្ទះ​​​​មាន​មុខ​កាត់​​១៣​សង់​ទីម៉ែត្រ និង​មាន​ប្រវែង​១,២​ម៉ែត្រនោះ ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ផ្ទះ​របស់​លោក ម៉េងស្រេង។ លោក សុវិជ្ជា ​មាន​ប្រសាសន៍​ថា “ម្ចាស់​ផ្ទះ [លោក ម៉េងស្រេង] បាន​ប្រាប់​ពួក​យើង​ថា ឈើ​នេះជា​របស់​ប្អូន​ប្រុស​លោកទេ​​ដែល​បានយកមក​ទុក​នៅ​ទីនោះ​រហូត​ដល់​គាត់​សាង​សង់​ផ្ទះថ្មី​”។លោកបាន​​បន្ថែម​ថា “យើង​មិន​ទាន់​មាន​ផែន​​​ការ​ចាប់​ខ្លួន​​លោក ម៉េង​ស្រេង​ នៅ​ឡើយ​ទេ ពី​ព្រោះអ្នក​ជំនាញ​​​​​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​”។

លោក​ សុខ រដ្ឋា ​អ្នកសម្រប​សម្រួល​អង្គ​ការ​​​​សិទ្ធិ​មនុស្ស​អាដ​ហុក​​ប្រចាំ​ខេត្ត​មណ្ឌល​​​​គិរី បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ប្រតិ​បត្តិការ​នគរ​បាល​ពិ​​ត​ជាមាន​បំណង​ទប់​ស្កាត់​​​ការ​កាប់​ឈើ​ខុស​​ច្បាប់​មែន​ ត្រូវ​តែ​​​​មាន​​​ការ​​​ចាប់​ខ្លួន​ក្នុង​ករណី​នេះ​។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា អាជ្ញា​ធរ​កំពុង​ឃុប​ឃិត​ជាមួយ​អ្នក​ជំនួញ​ ពីព្រោះ​ពួកគេ​បានរឹប​អូស​ឈើ​មែន​ ប៉ុន្តែ​​មិន​ទាន់​ចាប់​ខ្លួន​ម្ចាស់​ឈើ​នៅឡើយ​ទេ​”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស