26 C
Phnom Penh

អ្នក​ភូមិ​​ផ្អាក​ការ​តវ៉ា​​ប្រឆាំង​នឹង​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​សហជីព​ បន្ទាប់ពី​មាន​ការ​សម្រប​សម្រួល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​ម្នាក់​ និងក្រុម​អ្នក​ភូមិ​បាន​និយាយ​កាល ពីម្សិលមិញ​ថា អ្នក​ភូមិ​ប្រហែល​៨០​នាក់​ដែល​ជាប់ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយក្រុម​ហ៊ុន​អភិវឌ្ឍន៍​សហជីព​កាន់​កាប់​ដោយ​ជន​ជាតិ ចិន​នៅ​ក្នុងខេត្ត​​កោះកុង​បាន​ផ្អាក​ការ​តវ៉ា​​ដោយ​​​​​ការ​បិទ​ផ្លូវ​​ របស់​ខ្លួន កាល ពីរសៀល​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​មាន​​​ការ​ចរ​ចា​​ជា មួយអា ជ្ញាធរ​មូ​ល​ដ្ឋាន​។

ការ​តវ៉ា​ដែល​បាន​ចាប់​ផ្ដើម​កាលពី​ល្ងាច​ថ្ងៃ​ពុធ បាន​បិទ​ផ្លូវ​ឆ្ពោះទៅទីស្នាក់​ការ​កណ្ដាល​​​​​របស់​​​ក្រុម​ហ៊ុន​​​នេះ​​​​​ ដែល​កំពុង​សាង​សង់​រមណីយ​ដ្ឋាន​ទេសចរណ៍​​ និង​អាកាស​យាន​ដ្ឋាន​លើ​ផ្ទៃ​ដី​ទំហំ​​​​៤៥.០០០​ហិកតា នៅ​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​​។ ការ​តវ៉ា​​​​នោះ​​​បាន​បញ្ចប់​ក្រោយ​ពី​ក្រុម​មន្ត្រី​ខេត្ត​បាន​យល់​ព្រម​ចំពោះ​ចំណុច​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​សាង​សង់​លំនៅដ្ឋាន​បន្ទាប់ពី​លំនៅដ្ឋាន​របស់​អ្នក​ភូមិដែល​តាម​ការ​ចោទ​ប្រកាន់​​​ថា ត្រូ​​​វបុគ្គលិក​​និង​ទាហាន​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​​សហជីព​​ដុត​​បំផ្លាញ​កាលពី​ខែ​មករា​ និង​បន្ទាប់ពីមាន​ការ​សន្យា​ថា នឹង​មិន​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ទៀត​នោះ​។

លោក អ៊ិន គង់ចិត្ត អ្នក​ឃ្លាំ​មើល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​នេះ បាន​មាន​ប្រសាសន៍​ថា “អភិបាល​ស្រុក​គិរីសាគរ​បាន​ព្រម​ព្រៀង​ជា​មួយ​ក្រុម​អ្នក​ភូមិ​ថា លោក​នឹង​មិនអនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​រុះរើ​លំនៅដ្ឋាន​របស់​អ្នក​ភូមិ​ទៀត​ឡើយ”។ លោក អ៊ិន​ គង់ចិត្ត​ បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​​មក​ពីស្រុក​នេះ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សាង​សង់​ជម្រក​បណ្ដោះ​អាសន្ន​នៅ​ក្នុង​កន្លែង​ដែល​មានវិវាទ​នេះ​ ដើម្បី​បន្ត​នេ​​​សាទ​ត្រី​រហូត​ដល់មាន​ដំណើរ​ការ​សាង​សង់​។

លោកបាន​បន្ថែមទៀត​​ថា “អភិបាល​ស្រុក​បទុម​សាគរ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បញ្ជូន​មន្ត្រី​របស់​លោកទៅស៊ើប​អង្កេត​កន្លែង​ដែល​មាន​វិវាទ​ដើម្បី​រក​ឲ្យឃើញ​ថា តើ​ការ​ចោទ​ប្រកាន់​​អំ​ពី​​​ការ​​​ដុត​បំផ្លាញ​ និង​ការ​​​ឈូស​ឆាយដី​​​​នោះ​​​​​​​មាន​​​ពិត​​​ប្រាកដ​​​​មែន ឬ​​​​អត់។ តាម​ចោទ​​​ថា  ការ​បិទ​ផ្លូវ​កាល​​​ពី​​​សប្ដាហ៍​​​​មុន​​​ មាន​​​​តំណាង​ក្រុម​ហ៊ុន​គំរាម​យក​​ទាហាន​​​​​ឆត្រ​យោង​​​មក​បំបែក​ការ​បិទ​ផ្លូវ​​ប្រសិន​បើ​​ក្រុម​អ្នក​ភូមិមិន​ព្រម​ចាក​ចេញទេ​នោះ។

អ្នកស្រី ស៊ុន គឹម​សឿន អាយុ​៥៨​ឆ្នាំ​បាន​និយាយ​ថា អ្នកស្រី​មាន​បំណង​​ដាក់ពាក្យ​បណ្ដឹង​​ពីការ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​ទៅ​​សាលា​ឃុំកោះស្ដេច​នៅ​ក្នុង​ស្រុក​គិរីសាគរ​ តាម​សំណើរបស់​អាជ្ញាធរ​សម្រប​សម្រួល​។ អ្នក​​​ស្រី​បាននិយាយ​ថា “ពួកគេ​ [អាជ្ញា​ធរ​មូល​ដ្ឋាន​]​ ចង់​ដឹង​ថា តើ​អ្នកភូមិ​បាត់​បង់​ផ្ទះ​សំបែង​ប៉ុន្មាន​ដោយ​សារ​ការ​ដុត​បំផ្លាញ​ និង​ការ​ឈូស​ឆាយ​ដី” ដោយ​អ្នកស្រី​បន្ថែម​ថា អ្នក​​​ស្រី​មិនទាន់​ដឹង​ថា តើ​នឹង​មាន​ការ​ស៊ើប​អង្កេត​​​ត្រឹម​ត្រូវ​ ឬ​យ៉ាងណា​ឡើយ។ អ្នក​ស្រីបាន​ឲ្យ​ដឹង​ថា “ ខ្ញុំ​នឹង​នាំកូនៗ​របស់​ខ្ញុំទៅ​រស់​នៅ​​ និង​តវ៉ានៅ​ក្បែរ​ផ្ទះ​របស់​លោក​​​​អភិ​​បាល​​​ស្រុក​តែម្ដង​ ប្រសិន​បើ​ខ្ញុំ​មិនទទួល​បាន​ដីរបស់​ខ្ញុំ​មកវិញ​។ ខ្ញុំ​បាន​ប្រាប់​ក្រុម​មន្ត្រី​ទាំងនោះអ៊ីចឹង”។

លោក​ ខឹម ចាន់ឌី អភិបាល​ស្រុក​គិរីសាគរ​បាន​អះអាង​ថា លោក​បាន​យល់​ព្រម​តាម​​​ការ​​ទាម​ទារ​របស់​អ្នកភូមិ​នៅ​ក្នុង​ស្រុក​របស់​លោក​​​ឲ្យ​ផ្អាក​ការ​រុះរើ​លំ​នៅដ្ឋាន ហើយ​អនុញ្ញាត​ឲ្យ​ពួកគាត់​សាង​សង់​ជម្រក​បណ្ដោះ​អាសន្ន ប៉ុន្តែ​បញ្ហា​ផ្ដល់​សំណងមិនមែន​ជា​សមត្ថកិច្ច​របស់​ខ្ញុំទេ​។ លោក ចាន់​ឌី មាន​ប្រ​សា​សន៍​ថា “សំណើ​​របស់​ពួកគាត់​សុំ​ឲ្យកាត់​ដីមួយ​ផ្នែក​ចេញពី​ដី​របស់​ក្រុម​ហ៊ុននោះគឺ វា​ហួស​ពី​សមត្ថកិច្ច​របស់​ខ្ញុំ ហើយខ្ញុំ​ត្រូវ​រាយ​ការណ៍អំពីបញ្ហា​នេះ​ទៅថ្នាក់​លើ​៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស