ផែនការដែលធនាគារអភិឌ្ឍន៍អាស៊ីហៅ កាត់ថា ADB បានអនុម័តកាលពីពេលថ្មីៗនេះ ដើម្បីលុបលាងកំហុសរបស់ខ្លួនដែលបានកើតឡើងនៅក្នុងគម្រោងផ្លូវដែកដែលត្រូវចំណាយប្រាក់១៤៣លានដុល្លារនោះ ហាក់ដូចជាកាត់បន្ថយអនុសាសន៍របស់ក្រុមការងារពិនិត្យដំណើរការអនុវត្តគម្រោងរបស់ធនាគារនេះផ្ទាល់ ហើយអាចនឹងជំរុញឲ្យប្រជាជនជាច្រើនគ្រួសារដែលបានបាត់បង់ដីធ្លីដោយសារគម្រោងនេះ ប្រឈមនឹងការចំណាយតាមរយៈផែនការនេះទៀតផង។
ក្រុមការងារត្រួតពិនិត្យដំណើរការនៃការអនុវត្តគម្រោងឯករាជ្យរបស់ធនាគារ ADB បានបន្ថែមអនុសាសន៍នៅក្នុងរបាយការណ៍មួយដែលបានបង្ហាញពីលទ្ធផលនៃការពិនិត្យគម្រោងស្តារប្រព័ន្ធផ្លូវដែកទ្រុឌទ្រោមរបស់ប្រទេសកម្ពុជា។ របាយការណ៍ដដែលនោះបានបង្ហាញថា ធនាគារ ADB ទទួលការស្តីបន្ទោសថា បានបរាជ័យក្នុងការការពារផលប្រយោជន៍របស់ប្រជាជនរាប់រយពាន់គ្រួសារជាហេតុបណ្តាលឲ្យប្រជាជនទាំងនោះរស់នៅក្នុងស្ថានភាពកាន់តែយ៉ាប់យុឺន បន្ទាប់ពីពួកគាត់ត្រូវបានបង្ខំឲ្យបោះបង់ដីដោយផ្នែក ឬក៏ទាំងស្រុងរបស់ពួកគាត់។
ក្រុមប្រឹក្សារបស់ធនាគារ ADB បានអនុម័តរបាយកាណ៍នោះ កាលពីចុងខែមុន គ្រាន់តែបន្ទាប់ពីបានកាត់បន្ថយអនុសាសន៍ទាំងនេះនិងបានចេញសេចក្តីសម្រេចកាលពីថ្ងៃសុក្រ។ អនុសាសន៍មួយចំនួនត្រូវបានកាត់បន្ថយមុនពេលរបាយការណ៍នោះត្រូវបានបញ្ជូនទៅដល់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ADB នេះបើយោងតាមសេចក្តីព្រាងឯកសារដំបូងរបស់ធនាគារនេះ។
សេចក្តីព្រាងឯកសារនោះបានបង្ហាញពីសេចក្តីអំពាវនាវឲ្យធនាគារ ADB ផ្តល់ប្រាក់បន្ថែមសរុបបីលានទៅបួនលានដុល្លារ ដើម្បីសងគ្រួសារប្រជាជនដែលរងផលប៉ះពាល់ដោយសារគម្រោងផ្លូវដែក ពីព្រោះធនាគារនេះបានធ្វើឲ្យមានកំហុស និងដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្នុងប្រតិបត្តិការរបស់ខ្លួនផងដែរ។
សេចក្តីព្រាងឯកសារនោះមានខ្លឹមសារថា “ដោយសារកង្វះសំណងដែលបានកើតឡើង ត្រូវបានរកឃើញថា ភាគច្រើនបណ្តាលមកពីសកម្មភាពមិនអនុវត្តតាមគោលការណ៍របស់ខ្លួន ធនាគារ ADB គួរតែធានាឲ្យមានមូលនិធិសម្រាប់ប្រតិបត្តិការរបស់ខ្លួន”។
របាយការណ៍ដែលត្រូវបានបញ្ជូនទៅដល់ក្រុមប្រឹក្សាភិបាលដែលជាអ្នកអនុម័ត បានលុបចោលចំណុចនេះ។ ក៏ប៉ុន្តែ របាយការណ៍នោះនៅតែមានការណែនាំឲ្យមានមូលនិធិបីទៅបួនលានដុល្លារបន្ថែមទៀត សម្រាប់គ្រួសារទាំងនោះ ក៏ប៉ុន្តែ ក៏មានសេចក្តីលើកឡើងផងដែរថា មូលនិធិទាំងនេះគួរតែជាប្រាក់កម្ចីសម្រាប់រដ្ឋាភិបាល។
នៅក្នុងរបាយការណ៍ដដែលនោះ ក៏មានអនុសាសន៍ដែលត្រូវបានអនុម័ត ឲ្យអំពាវនាវឲ្យធនាគារ ADB ជួយផ្តល់គ្រួសារប្រជាជន ដែលត្រូវបានបង្ខំចិត្តទទួលយកប្រាក់កម្ចីថ្មីៗផងដែរ ដោយសារតែកំហុសរបស់ធនាគារនេះ។ ក៏ប៉ុន្តែ ដោយមិនលុបចោលប្រាក់កម្ចីទាំងនោះ ធនាគារនេះគ្រាន់តែផ្តល់ឲ្យពួកគាត់នូវប្រាក់កម្ចីបន្ថែមទៀត ក្នុងអត្រាការប្រាក់ទាបជាងមុន។ គ្រួសារប្រជាជនទាំងនោះ ក៏នឹងត្រូវប្រើប្រាស់ប្រាក់សំណងដែលពួកគាត់ទទួលបានទាំងនោះផងដែរ ដើម្បីទូទាត់ប្រាក់កម្ចីឯកជនរបស់ពួកគាត់។ គួរបញ្ជាក់ថា ប្រាក់សំណងបន្ថែមដែលពួកគាត់នឹងទទួលបាននោះ ជាប្រាក់សំណងចេញពីប្រាក់កម្ចីដែលរដ្ឋាភិបាលត្រូវបានរំពឹងថា នឹងទទួលយក។
លោក ដេវីដ ប្រេដ (David Pred) ដែលធ្វើការនៅអង្គការអភិវឌ្ឍន៍អន្តរជាតិសម្រាប់ទាំងអស់គ្នា (Inclusive Debwlopment International) ដែលបានសហការដាក់ពាក្យបណ្តឹងដែលជួយជំរុញឲ្យមានរបាយការណ៍នោះ បានចាត់ទុកប្រាក់កម្ចីថ្មីៗសម្រាប់លុបលាងកំហុសទាំងនេះជាប្រាក់កម្ចីមិនសមស្រប។
លោកបានមានប្រសាសន៍ថា “ មិនមានចំណុចទាក់ទងគ្នាយ៉ាងច្រើនរវាងការទទួលស្គាល់ជាផ្លូវការរបស់់ធនាគារ ADB ថា ប្រជាជនបានរងគ្រោះជាទម្ងន់ ដោយសារធនាគារនេះបរាជ័យក្នុងការអនុវត្តតាមគោលការណ៍របស់ខ្លួន បន្ទាប់ពីខ្លួនបានបដិសេធអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងក្រុមប្រឹក្សាភិបាលដែលបច្ចុប្បន្នទាមទារឲ្យរដ្ឋាភិបាលកម្ពុជាចំណាយប្រាក់ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយមានការគោរព និងអនុវត្តតាមគោលការណ៍”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ រឿងនេះកាន់តែមិនសមស្របទៅទៀត ពីព្រោះគ្រួសារប្រជាជនក្រីក្រដែលបច្ចុប្បន្នកំពុងជាប់បំណុល ដោយសារតែពួកគាត់មិនទទួលបានប្រាក់សំណងសមរម្យនោះមិនទទួលបានការកាត់ចោលនូវបំណុលនៅក្នុងគម្រោងនេះ ហើយបែរជាត្រូវបានផ្តល់ឲ្យនូវប្រាក់កម្ចីថ្មីដែលមានលក្ខខណ្ឌប្រសើរជាងមុនទៅវិញ។ បញ្ហានេះពិតជាបង្កហានិភ័យសម្រាប់ពួកគាត់បន្ថែមទៀត”។
នៅក្នុងចំណាត់ការមួយដែលផ្តល់មូលនិធិមួយផ្នែកម្តងៗ ដើម្បីជួយគ្រួសារប្រជាជនដែលបានផ្លាស់ទីលំនៅ និងបានបាត់បង់ឱកាសរកប្រាក់ចំណូល ដោយសារពួកគាត់ត្រូវបានបណ្តេញចេញ ពួកគាត់ត្រូវបានផ្តល់ឲ្យរួចទៅហើយនូវកម្មវិធីមួយសម្រាប់រកប្រាក់ចំណូលបន្ថែម។ ពួកគាត់អាចចុះឈ្មោះចូលរៀនវគ្គជួសជុលម៉ូតូ ឬក៏ចិញ្ចឹមមាន់យកលក់ជាដើម។
នៅក្នុងអនុសាសន៍ដែលត្រូវបានបញ្ជូនទៅដល់ក្រុមប្រឹក្សាភិបាលធនាគារ ADB ក៏មានសេចក្តីណែនាំឲ្យមានការបញ្ចូលមូលនិធិទៅក្នុងកម្មវិធីនោះ និងការធានាថា កម្មវិធីនេះដំណើរការទៅបានរយៈពេលប្រាំឆ្នាំបន្ថែមទៀត។ អនុសាសន៍អនុម័តដោយក្រុមប្រឹក្សាភិបាលធនាគារនេះបានលើកឡើងថា កម្មវិធីនេះគួរតែដំណើរការបន្តទៀត ប៉ុន្តែ មិនបានបញ្ជាក់ពីមូលនិធិបន្ថែម ឬក៏ការធានាថា កម្មវិធីនេះអាចដំណើរការរយៈពេលប្រាំឆ្នាំទេ។
មុនពេលអនុម័តអនុសាសន៍ទាំងនេះក្រុមប្រឹក្សាភិបាលធនាគារ ADB ក៏បានបន្ថែមខ្លឹមសារមួយថា ដំណោះស្រាយសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយសារគម្រោងផ្លូវដែក នឹងកើតមាន លុះត្រាតែមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។ ចំណុចនេះមានន័យថា រដ្ឋាភិបាលកម្ពុជាប្រហែលជាត្រូវបានស្នើឲ្យយល់ព្រមទទួលប្រាក់កម្ចីមួយកញ្ចប់ ដើម្បីលុបលាងកំហុសរបស់ធនាគារ ADB ។
កាលពីឆ្នាំ២០១១ ធនាគារពិភពលោក (World Bank) បានសារភាពថា កំហុសរបស់ខ្លួនក្នុងគម្រោងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា បានបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាជនច្រើនពាន់គ្រួសារ ដែលខ្លួនគ្រោងនឹងជួយ ក៏ប៉ុន្តែ ក្រោយមកធនាគារនេះបានលើកឡើងថា ខ្លួនអាចធ្វើកិច្ចការតិចតួចដើម្បីជួយប្រជាជនទាំងនោះ ដោយសារតែរដ្ឋភិបាលមិនសហការ។
ជំនួសឲ្យកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលបែរជាចាំមើលធនាគារពិភពលោកបង្កកការផ្តល់ប្រាក់កម្ចីថ្មីៗដល់ប្រទេសកម្ពុជា។ រដ្ឋាភិបាលមិនទាន់បានសម្រេចថា តើខ្លួនចង់ជួយធនាគារ ADB ក្នុងការលុបលាងកំហុសនោះទេ។ ផែនការសកម្មភាពលម្អិតជាងនេះមួយដែលបង្ហាញយ៉ាងច្បាស់ពីរបៀបដែលធនាគារ ADB និងរដ្ឋាភិបាល នឹងអនុវត្តតាមអនុសាសន៍ដែលធនាគារ ADB បានអនុម័តនោះមិនទាន់ត្រូវបានអនុវត្តរហូតដល់ដំណាច់ខែមីនាឆ្នាំនេះ។
ទោះបីជាយ៉ាងណា កាលពីសប្តាហ៍ន លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកកម្ពុជា បានច្រានចោលកម្ចីផ្សេងទៀតសម្រាប់ ផ្តល់សំណងថែមទៀតឲ្យគ្រួសារប្រជាជនទាំងនោះ។
លោក លី បូរិន បានមានប្រសាសន៍ថា “នរណា ទៅខ្ចីប្រាក់ដ៏ច្រើនទាំងនោះ ទៅទូទាត់សំណង ទៅ?”។ លោកស្រី កែរ៉េន ប៉ាល់ម័រ (Karen Palmer)អ្នកនាំពាក្យធនាគារ ADB បានលើកឡើងថាកម្ចីនេះគ្រាន់តែជាសំណូមពរមួយប៉ុណ្ណោះ។ លោកស្រីបានមានប្រសាសន៍ថា “[ក្រុមការងារត្រួតពិនិត្យ] ផ្តល់អនុសាសន៍ថា ADB តម្រូវឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីសកម្មភាពកែតម្រូវមួយដើម្បីផ្តល់សំណងដល់គ្រួសារប្រជាជនរងផលប៉ះពាល់ប៉ុណ្ណោះ។
ក្រុមការ ងារនេះសំណូមពរថា ប្រភពមូលនិធិសម្រាប់កម្មវិធីបែបនេះ គួរតែជាប្រាក់កម្ចីរបស់ ADB ឬប្រភពមូលនិធិផ្សេងទៀត ប៉ុន្តែមិនមែនតម្រូវឲ្យជាប្រាក់កម្ចីរបស់ធនាគារ ADB ទេ”។ ធនាគារ ADB មិនបានតបនឹងសំណួរអំពីថា ហេតុអ្វីបានជាអនុសាសន៍នៅក្នុងរបាយការណ៍នោះត្រូវបានកាត់បន្ថយទេ។
លោក ថាច យ៉េ ដែលបាត់បង់លំនៅដ្ឋានរបស់លោក ក្នុងរាជធានីភ្នំញដោយសារគម្រោងនេះហើយពេលនេះរស់នៅជាមួយគ្រួសាររបស់គាត់នៅទីកន្លែងមួយក្នុងទីតាំងលំនៅថ្មីរបស់គម្រោងនេះ បានលើកឡើងថា ប្រាក់កម្ចីបន្ថែមមិនជាសូវជាល្អអប៉ុន្មានទេសម្រាប់លោក។
លោកបានឲ្យដឹងថា សត្វទា និងមាន់ដែលលោកទិញដោយប្រើកម្ចី៤៥០ដុល្លារពីធនាគារ ADB ដែលជាផ្នែកមួយនៃកម្មវិធីបង្កើនប្រាក់ចំណូលឡើងវិញ បានងាប់អស់ហើយ ដោយសារអាកាសធាតុមិនអំណោយផល។ លោកបានខ្ចីប្រាក់១.៦០០ដុល្លារបន្ថែមពីធនាគារ ដើម្បីយកទៅសងធនាគារ ADB និងខិតខំធ្វើកសិដ្ឋានចិញ្ចឹមជ្រូកជំនួសវិញ។
លោកបាននិយាយថា “មាន់ និងទាងាប់អស់ ដូច្នេះខ្ញុំមិនដឹងជាធ្វើអ្វីទេ។ លំបាកណាស់នៅទីនេះ។ ខ្ញុំមិនអាចធ្វើការងារ ឬក៏ធ្វើ់អ្វី ដើម្បីរកប្រាក់បានទេ”។ លោក ឃួន ព្រំសារិទ្ធ ដែលបានរើទៅនៅទីតាំងលំនៅថ្មីដូចគ្នានោះ និងនៅជំពាក់ប្រាក់គេចំនួន២.៦០០ដុល្លារទៀត បន្ទាប់ពីបានខ្ចីប្រាក់គេចំនួន៦.០០០ដុល្លារ ដែលលោកយកទៅសាងសង់លំនៅដ្ឋានថ្មីមួយខ្នង បានលើកឡើងថា ធនាគារ ADB គួរតែទូទាត់បំណុលដែលខ្លួនបញ្ជាក់ មិនមែនគ្រាន់តែផ្តល់ឲ្យប្រជាជននូវអត្រាការប្រាក់ប្រសើរជាងមុននោះទេ។
គាត់បាននិយាយថា “អ្វីៗជាកំហុសរបស់ធនាគារ ADB ។ គេបានសន្យាជាមួយប្រជាពលរដ្ឋនៅទីនេះថា ប្រជាជននឹងមានជីវភាពល្អប្រសើរ ប៉ុន្តែជីវភាពប្រជាជនកាន់តែយ៉ាប់យ៉ឺនទៅៗ បន្ទាប់ពីរើមកនៅទីនេះ”៕សុធា
(រាយការណ៍បន្ថែមដោយ ផន បុប្ផា)