30 C
Phnom Penh

សហជីព​គំរាម​ធ្វើកូដកម្មទូទាំង​ប្រទេស​ ប្រសិន​​បើ​មិន​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​២១នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ សហជីព​ចំនួន​១៦​បាន​គំរាម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ ប្រសិន​បើ​សកម្ម​ជន និង​អ្នក​តវ៉ា​ទាំង​២១នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ ​បន្ទាប់ពី​ការ​តវ៉ា​របស់​ឧស្សាហកម្ម​កាត់​ដេរ​កាលពី​ថ្ងៃទី​២ និង​ទី៣ ខែ​មករា ​មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​​ឃុំ​នៅថ្ងៃនេះ​ទេនោះ។

លោក រ៉ុង ឈុន ប្រធាន​​​សមាគម​​​គ្រូបង្រៀនកម្ពុជា​​​ឯក​​​រាជ្យ​​​ (ទី២​​​ពីឆ្វេង​​​) និង​​​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​​​សិទ្ធិ​​​ដីធ្លី ហែក្បួន​​​​​​​​​​​​ជាមួយ​​​សមាជិក​​​សហជីព​​​ និង​​​សកម្ម​​​ជន​​​មួយ​​​ចំនួន​​​ទៀត​​​តាម​​​តីរវិថី​​​ព្រះស៊ីសុវត្ថិ​​​ កាលពីម្សិលមិញ។ សីុវ  ចាន់​ណា​
លោក រ៉ុង ឈុន ប្រធាន​​​សមាគម​​​គ្រូបង្រៀនកម្ពុជា​​​ឯក​​​រាជ្យ​​​ (ទី២​​​ពីឆ្វេង​​​) និង​​​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​​​សិទ្ធិ​​​ដីធ្លី ហែក្បួន​​​​​​​​​​​​ជាមួយ​​​សមាជិក​​​សហជីព​​​ និង​​​សកម្ម​​​ជន​​​មួយ​​​ចំនួន​​​ទៀត​​​តាម​​​តីរវិថី​​​ព្រះស៊ីសុវត្ថិ​​​ កាលពីម្សិលមិញ។ ស៊ីវ  ចាន់​ណា​

សហជីព​ទាំង​នេះ​ក៏បាន​អំពាវ​នាវ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់ដល់​អ្នក​ជាប់​ឃុំ​​ទាំង​២១នាក់​ ដែល​១៦នាក់​ក្នុង​ចំណោម​នោះ​បាន​ចាប់ផ្តើម​ធ្វើកូដកម្ម​អត់​អាហារ​នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​អ្នក​ជាប់ ឃុំ​ពីរនាក់​ទៀត​ត្រូវ​​​បាន​ដោះលែង​ឲ្យ​នៅ ក្រៅ​ឃុំ​កាលពី​ថ្ងៃ​សៅរ៍​។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​​​កម្ពុជា​ឯក​រាជ្យ​​បាន​មាន​ប្រសា​សន៍​ថា “សហជីព​ក្នុង​មូលដ្ឋាន និង​សហ​ជីព​ថ្នាក់​ជាតិ​​បាន​ព្រម​ព្រៀង​គ្នា​ថា ប្រសិនបើ​មិន​មាន​ការ​ដោះលែង​អ្នក​ជាប់ឃុំ​២១​នាក់​ និង​មិន​មាន​ការ​ដំឡើង​​ប្រាក់​ខែគោល​ដល់​កម្មករ​រោង​ចក្រ​កាត់ដេរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​ទេ​នោះ យើង​នឹង​ធ្វើ​កូដកម្ម​នៅ​ទូទាំង​​​ប្រទេស​តែម្តង”។

លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​​ពួកគេ​មិនលើកលែង​[ការ​ចោទ​ប្រកាន់]​ដល់​អ្នក​​ជាប់ឃុំ​ទាំង​២៣​នាក់​​ និង​ដំឡើង​​ប្រាក់​ខែ​កម្ម​ក​រ​ឲ្យ​បាន​១៦០​ដុល្លារ​ទេ​នោះ​ យើង​​នឹង​កំណត់​របៀប​វារៈ ហើយជូន​​ដំណឹង​​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​​នឹង​ការ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស”។

បន្ទាប់ពី​កិច្ច​ប្រជុំ​ តំណាង​សហជីព​និង​អ្នក​អ្នក​គាំទ្រ​ជាង​១០០​នាក់​ដឹកនាំ​ដោយ​ព្រះ​សង្ឃ​​​ប្រហែល​២០​អង្គ​បាន​ហែក្បួន​តាមតីរវិថី​ព្រះ​​ស៊ីសុវត្ថិ​ក្នុង​រាជ​ធានីភ្នំពេញ នៅ​ពេល​រសៀល​​​ទៅ​កាន់​ព្រះ​អង្គ​​ដង​កើ នៅ​មុខ​ព្រះ​បរម​រាជ​វំាង​ ដែល​នៅ​ទី​នោះ​ពួកគេ​បាន​​បង្ហោះ​​ប៉េង​ប៉ោងជំនួស​អ្នក​ជាប់​​ឃុំ​ទាំង​២៣​នាក់​។

ការ​ហែក្បួន​គ្រោង​បន្ត​ទៅកាន់​ស្ថាន​ទូត​បរទេសនានា​​ក្នុង​រាជធានី​ដើម្បី​ដាក់​ញត្តិ​ ប៉ុន្តែ​បន្ទាប់ពី​ការ​បង្ហោះ​ប៉េង​ប៉ោង​នោះ​មក អ្នក​តវ៉ា​បាន​បំបែក​គ្នា​ទៅ​បរិ​ភោគ​​អាហារ​ថ្ងៃ​ត្រង់ ដើម្បី​​ចៀស​វាង​​ពី​កម្ដៅ​ថ្ងៃ​។​

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​​ធិបតេយ្យ​ក​ម្មករ​កាត់​ដេរ​កម្ពុជា បាន​មាន​​​ប្រសាសន៍​ថា “ដោយ​សារ​ថ្ងៃ​ក្ដៅ​ពេក​នៅ​រសៀល​នេះ​ យើង​ត្រូវ​បំបែក​គ្នាជា​ក្រុម​តូច​ៗ​ដើម្បីដាក់​ញត្តិ​ជូន​ ស្ថាន​ទូត​នានា”​។

លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហ​ជីព​កម្មករ​ចំណីអាហារ និង​សេវា​កម្ម​កម្ពុ​ជាបាន​មាន​ប្រសាសន៍​ថា ទីបំផុត​យើង​បាន​ដាក់​ញត្តិ​ជូន​ស្ថាន​ទូត​អាមេរិក អូស្ត្រាលី ស្ថានទូត​បារំាង និង​ក្រោយ​មក​ដាក់​ជូន​​ប្រតិភូ​សហ​ភាព​​អឺរ៉ុប​នៅ​ពេល​រសៀល​។

កាលពីព្រឹក​ម្សិលមិញ អ្នក​ភូមិ​សហ​គមន៍​​បឹង​កក់​ប្រហែល​១០០​នាក់​ និង​ព្រះ​សង្ឃ​២០​​អង្គ​ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ក្រសួង​យុត្តិ​ធម៌ និង​សាលា​ឧទ្ធរណ៍​​​​ទាម​​ទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​ផង​ដែរ។ ទោះ​ជា​សន្តិ​សុខ​បិទ​ច្រក​ចូល​ក្រសួង​នេះ​ក៏ដោយ ក៏សកម្ម​ជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពីដី និង​​អ្នកស្រី​ ទេព វន្នី តំណាង​សហគ​មន៍​បឹង​​​កក់និង​ស្ត្រីពីរ​នាក់​ទៀត​ត្រូវ​​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុងក្រសួង​​ដើម្បី​ដាក់​ញត្តិ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំទាំង​នោះ​មុន​ពេល​ក្រុម​​នេះ​បាន​ដើរ​​ទៅ​សាលា​ឧទ្ធរណ៍​​នៅ​ក្បែរ​នោះ​ដើម្បី​ដាក់​ញត្តិ​​ផង​ដែរ​។

អ្នកស្រី​ ទេព វន្នី បាន​​និយាយ​ថា “​ប្រសិន​​បើ​ក្រសួង​យុត្តិ​ធម៌​ គឺ​ជា​ក្រសួង​ពិត​ប្រាកដ​ ហើយ​​មិន​មែន​ជា​ក្រសួង​ក្លែង​ក្លាយ​​នោះ…​ខ្ញុំ​ជឿ​ថា អ្នកជាប់​ឃុំ​ទាំង​នោះ​នឹង​ទទួល​បាន​យុត្តិ​​ធម៌នៅ​ថ្ងៃ​ស្អែក​”។​ នៅ​ក្រៅ​ប្រទេស​ឯណោះ​វិញ សហ​ជីព​ក្នុង​ប្រទេស​ចំនួន​២២​ក៏​គ្រោង​ដាក់ញត្តិ​ទៅ​ស្ថាន​ទូត​កម្ពុជា​កាលពីម្សិល​មិញ​​អំពាវ​នាវ​ឲ្យ​ដោះ​លែង​អ្នកជាប់​ឃុំ​ទាំង​នោះ​​ផង​ដែរ​។

លោក Leonie Guguen មន្ត្រី​ទំនាក់​ទំនង​​នៅ​ IndustriALL Global Union ជា​សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដែល​រៀប​​ចំ​ព្រឹត្តិការណ៍​នោះ​បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា ញត្តិទាំង​​នោះ​ត្រូវ​បាន​ដាក់ជូន​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និងប្រទេស​ឥណ្ឌូ​ណេស៊ីរួច​ហើយ ដោយ​សមាជិក​សហ​ជីព​ជាង​​៣០០​នាក់​​ “ កំពុង​ចាត់​វិធាន​ការ​នៅ​ក្នុង​ទី​ក្រុង​​​ហ្សាការតា”។

លោក My-Kying Ryu ប្រធាន​សហ​ព័ន្ធ​សហជីព​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​កូរ៉េ​បាន​​​​មាន​ប្រសាសន៍​តាមទូ​រស័ព្ទ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា សមាជិក​​សហជីព​​និង​សកម្ម​ជន​ប្រហែល​​៣០​នាក់​បាន​ដាក់ញត្តិជូន​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ទីក្រុង​សេអ៊ូល។ មន្ត្រី​កុង​ស៊ុល​ទទួល​បន្ទុក​កិច្ច​ការ​​កម្មករ​​នៅ​ស្ថានទូត​​នោះ​ដែល​បាន​ទទួល​យក​ញត្តិ​​ “មិន​ចង់​ស្ដាប់ទេ…​លោក​ស្រី​​បាន​និយាយ​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​គ្រប់​គ្រង​កម្មករ​រោ​ងចក្រ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​តវ៉ា​បាន​រំលោភ​ច្បាប់”។

នៅក្នុងលិខិត​ចំហ​មួយ​ផ្ញើជូន​លោក​នាយក​​​​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិល​មិញ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អង្គ​ការ​មួយ​ក្រុម​ទៀត​បានអំពាវ​នាវ​ឲ្យ​ដោះ​​លែង​អ្នកជាប់​ឃុំ​​ដែល​នៅ​សេស​សល់​​នៅ​ក្នុង​សវនាការ​សុំ​ឲ្យ​ដោះ​លែង​នៅ​ក្រៅឃុំ​នៅ​ថ្ងៃ​នេះ​។

លោក គា សុវណ្ណា ប្រធាន​មណ្ឌល​អប់​​រំ​កែ​​ប្រែ​ទី៣ ក្នុង​ខេត្ត​កំពង់​ចាម កន្លែង​ដែល​​គេ​ឃុំខ្លួន​អ្នកជាប់ឃុំ​ដែល​នៅ​សេស​សល់​​២១​នាក់​នោះបាន​អះអាង​ថា អ្នក​ជាប់​​ឃុំ​១៦​នាក់​បាន​បដិសេធ​មិន​បរិភោគ​អាហារ​​​សម្រាប់​ថ្ងៃ​ទី​២ កាលពីម្សិល​មិញ​។ លោក គា សុវណ្ណា ​បាន​មាន​ប្រសាសន៍​ថា “អ្នក​ជាប់​ឃុំ​១៦​នាក់​កំពុង​ធ្វើ​កូ​ដ​កម្ម​អត់​អាហារ​នៅ​ឡើយ”៕ សារុន

(រាយ​ការណ៍​បន្ថែម​ដោយ Lauren Crothers និង ហ៊ុល រស្មី)​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស