លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា ការអំពាវនាវឲ្យលោកចុះចេញពីតំណែង និងឲ្យមាន “មុខមនុស្ស” ថ្មីដឹកនាំប្រទេសគឺជាទង្វើលាក់ពុត ពីព្រោះមុខរបស់អ្នករិះគន់លោកក៏នៅតែមិនផ្លាស់ប្ដូរដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ទៀតថា ស្ថានភាពនយោបាយនៅក្នុងប្រទេសមានសភាពធម្មតានៅពេលនេះ។ លោកបានសួរទៅក្រុមនិស្សិតនៅក្នុងពិធីប្រគល់សញ្ញាបត្រមួយនៅកោះពេជ្រក្នុងរាជធានីភ្នំពេញថា “ពួកគេនិយាយពីមុខដដែលៗ។ ប្រសិនបើខ្ញុំមានមុខដដែលៗ តើវាយ៉ាងម៉េច?”។
សំដៅដល់អ្នករិះគន់បន្តុះបង្អាប់លោក ដែលលោកមិនបញ្ចេញឈ្មោះ ប៉ុន្តែទំនងជាសំដៅដល់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំនិយាយឲ្យឡូហ្ស៊ិកទៅចុះ មុខរបស់គាត់ក៏ដដែលៗដែរ ដូច្នេះមុខរបស់ខ្ញុំក៏នៅតែដដែលៗដែរ”។
អំឡុងបាតុកម្មរយៈពេល១៥ថ្ងៃ កាលពីខែធ្នូ និងខែមករា អ្នកគាំទ្រគណបក្សប្រឆាំងរាប់ម៉ឺននាក់បានហែក្បួនតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៥មក ចុះចេញពីតំណែង។ លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិក៏បានដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះអស់រយៈពេលជិតពីរទសវត្សរ៍មកហើយដែរ។
លោក ហ៊ុន សែន ក៏បានប្រាប់និស្សិតបញ្ចប់ការសិក្សាទាំងនេះដែរថា ស្ថានភាពនយោបាយបច្ចុប្បន្នដែលរួមមានបម្រាមមិនឲ្យប្រមូលផ្ដុំគ្នាជាសាធារណៈ និងការមានតែគណបក្សប្រជាជនកម្ពុជានៅក្នុងសភាអំឡុងពេលគណបក្សប្រឆាំងកំពុងធ្វើពហិការនោះថាធម្មតា។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា “វាធម្មតា។ ព្រះមហាក្សត្រយាងទៅសួរសុខទុក្ខប្រជារាស្ត្រ នាយករដ្ឋមន្ត្រីធ្វើការធម្មតា។ រដ្ឋមន្ត្រីធ្វើការធម្មតា ហើយសាលារៀនក៏បើកបង្រៀនធម្មតា អ្វីៗគឺធម្មតាទាំងអស់”។ លោក ហ៊ុន សែន ក៏មានប្រសាសន៍លេងសើចដែរក្នុងការការពារការសម្រេចរបស់លោកកាលពីខែធ្នូ ដើម្បីដំឡើងប្រាក់ខែគោលក្នុងឧស្សាហកម្មកាត់ដេរដល់១០០ដុល្លារ ថ្វីបើកម្មករដែលធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែដល់១៦០ដុល្លារក៏ដោយ។
លោកប្រាប់និស្សិតទាំងនេះថា មានស្ត្រីចំណាស់ម្នាក់លក់កាហ្វេ និងចំណីអាហារ។ គាត់គាំទ្របាតុកម្ម ហើយគាត់តែងតែយកអាហារទៅឲ្យបាតុករ។ ប៉ុន្តែនៅពេលគាត់ត្រឡប់ [ទៅហាងរបស់គាត់] វិញ បុគ្គលិករបស់គាត់បានទាមទារដំឡើងប្រាក់ខែដល់១៦០ដុល្លារ។ ពេលនោះគាត់និយាយថា ‘ ខ្ញុំនឹងឈប់ [បាតុកម្ម] ទៀតហើយ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីស្ដីពីការដំឡើងប្រាក់ខែគោលគឺខុសចំណុចទាំងស្រុង។ លោកបានមានប្រសាសន៍ថា “ពួកគាត់ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារ ពីព្រោះពួកគាត់មិនអាចរស់បានទេប្រសិនបើប្រាក់ខែតិចជាងនេះ។ ពួកគាត់ត្រូវតែទាមទារការដំឡើងប្រាក់ខែរបស់ពួកគាត់ដែលអាចរស់បាន”៕ សុខុម