ឧត្តមសេនីយ៍ត្រីមួយរូបក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលផ្ទះនិងចម្ការកៅស៊ូរបស់គាត់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវបាននគរបាលឆ្មក់ចូលកាលពីចុងសប្ដាហ៍កន្លងទៅនេះបានលើកឡើងកាលពីម្សិលមិញថា គាត់មិនទទួលខុសត្រូវចំពោះឈើប្រណីតខុសច្បាប់រាប់សិបដុំដែលរឹបអូសបានអំឡុងប្រតិបត្តិការចុះឆែកឆេរពីរដាច់ដោយឡែកពីគ្នានៅក្នុងគេហដ្ឋានរបស់គាត់។
កាលពីថ្ងៃសៅរ៍ កងរាជអាវុធហត្ថ និងនគរបាលខេត្តជាង២០នាក់បានឆ្មក់ចូលផ្ទះដែលស្ថិតនៅក្នុងឃុំស្រែខ្ទុំ ស្រុកកែវសីមានេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង ដែលជាប្រធានអង្គភាពកងយោធពលខេមរភូមិន្ទប្រចាំខេត្តមណ្ឌលគិរី កំពុងដឹកឈើខុសច្បាប់កាត់តាមចម្ការកៅស៊ូពីក្រោយផ្ទះរបស់គាត់។
លោក ញ៉ែម វណ្ណី ស្នងការខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ឈើប្រណីតចំនួនប្រាំពីរដុំត្រូវបានរកឃើញនៅផ្ទះរបស់គាត់កាលពីថ្ងៃសៅរ៍ និងពីរដុំទៀតនៅក្នុងរថយន្តរបស់គាត់ ចំណែកឯ៤៨ដុំទៀតត្រូវបានរឹបអូសអំឡុងការឆែកឆេរតាមក្រោយមួយទៀតកាលពីថ្ងៃអាទិត្យ ដែលមានការពាក់ព័ន្ធនឹងនគរបាល និងកងរាជអាវុធហត្ថជាង៥០នាក់។ ហើយរហូតមកទល់ពេលនេះមិនទាន់មានការចាប់ខ្លួននរណាម្នាក់នៅឡើយទេ។
កាលពីម្សិលមិញ ឧត្តមសេនីយ៍ត្រី ម៉េងស្រេង បានច្រានចោលការអះអាងរបស់កងរាជអាវុធហត្ថដែលថា ពួកគេបានរកឃើញឈើប្រណីតនៅក្នុងរថយន្តរបស់គាត់ ហើយគាត់និយាយទៀតថា ឈើប្រណីត៤៨ដុំដែលរឹបអូសបានកាលពីថ្ងៃអាទិត្យមិនមែនរកឃើញនៅលើចម្ការទំហំ១០ហិកតារបស់គាត់ទេ។គាត់និយាយថា “នគរបាលបានរកឃើញឈើនៅក្នុងចម្ការកៅស៊ូមួយ ប៉ុន្តែវាមិនមែនជាចម្ការកៅស៊ូរបស់ខ្ញុំទេ វាស្ថិតនៅក្រៅដីរបស់ខ្ញុំ ដូច្នេះវាជាការចោទប្រកាន់ខុសមកលើខ្ញុំ” ប៉ុន្តែគាត់ទទួលស្គាល់ថា ឈើប្រណីតរកឃើញនៅក្នុងផ្ទះគឺជារបស់គាត់មែន។
គាត់បាននិយាយថា “ខ្ញុំទទួលស្គាល់ថា នគរបាលបានរកឃើញឈើនៅក្នុងផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំរក្សាទុកឈើនោះដើម្បីធ្វើរបងនៅខាងមុខផ្ទះរបស់ខ្ញុំ”។ ឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង បានលើកឡើងថា គាត់មិនបារម្ភរឿងគេចាប់ខ្លួនគាត់ទេ ពីព្រោះគាត់គ្មានកំហុស ហើយគាត់បានសហការពេញទំហឹងនៅក្នុងការស៊ើបអង្កេតនេះ ប៉ុន្តែគាត់បានបដិសេធថា នគរបាលមិនបានបង្ហាញដីកាឆែកឆេរណាមួយដូចលោក ញ៉ែម វណ្ណី ស្នងការនគរបាលបានរាយការណ៍នោះទេ។
គាត់និយាយថា “ខ្ញុំចង់ដាក់ពាក្យបណ្ដឹងប្ដឹងអាជ្ញាធរ ពីព្រោះពួកគេបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានប្ដូរចិត្តវិញ ពីព្រោះខ្ញុំចង់បញ្ចប់បញ្ហានេះ” ។ គាត់និយាយទៀតថា គាត់នឹងចេញថ្លៃទូរស័ព្ទឲ្យអ្នកយកព័ត៌មានដែលទូរស័ព្ទចុះឡើងសម្រាប់ការសរសេរអត្ថបទគាំទ្រគាត់។
លោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា អាជ្ញាធរកំពុងចាត់ការរឿងនេះនៅឡើយ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើអាជ្ញាធររកឃើញថា គាត់មានទោសកំហុស ឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង អាចនឹងត្រូវប្រឈមចំពោះមុខច្បាប់៕ សុខុម