អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកបានលើកឡើងក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីម្សិលមិញ ថា មនុស្សយ៉ាងតិច១១នាក់បានស្លាប់អំឡុងជម្លោះក្នុងគ្រួសារ ឬដោយសារការធ្វើអត្តឃាតបន្ទាប់ពីទទួលរងអំពើហិង្សាក្នុងគ្រួសារក្នុងរយៈពេលពីរខែមកនេះ។
អង្គការអាដហុកឲ្យដឹងថា មានជនល្មើសតែពីរនាក់ប៉ុណ្ណោះត្រូវបានចោទប្រកាន់ក្នុងបទល្មើសទាំងនេះដោយបង្ហាញពីកង្វះការអនុវត្តច្បាប់។ អង្គការអាដហុកបានឲ្យដឹងទៀតថា “អង្គការអាដហុកបារម្ភយ៉ាងខ្លាំងអំពីអត្រាកើនឡើងនៃការសម្លាប់ ការធ្វើអត្តឃាតដោយសារអំពើហិង្សាក្នុងគ្រួសារ ជាពិសេសទាក់ទងនឹងករណីអំពើហិង្សាធ្ងន់ធ្ងរដែលបានកើតឡើងក្នុងរយៈពេលពីរខែមកនេះ”។
សេចក្តីថ្លែងការណ៍នេះឲ្យដឹងទៀតថា “ស្ថានភាពនេះបង្ហាញពីបរាជ័យរបស់រដ្ឋាភិបាលទាក់ទងនឹងការការពារសុខុមាលភាពសង្គម សិទ្ធិមនុស្ស សិទ្ធិស្ត្រី និងកុមារ”។ ក្នុងឆ្នាំ២០១៣ ជនល្មើសម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងករណីប្រើអំពើហិង្សាក្នុងគ្រួសារប្រហែលមួយភាគបួនករណី។អង្គការអាដហុកលើកឡើងថា “ នៅក្នុងករណីភាគច្រើនមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន”។
អង្គការសិទ្ធិមនុស្សនេះលើកឡើងអនុសាសន៍ប្រាំមួយចំណុចសម្រាប់ឲ្យរដ្ឋាភិបាលដោះស្រាយអំពើហិង្សាក្នុងគ្រួសារឲ្យបានប្រសើរឡើងរួមមានការធ្វើអន្តរាគមន៍ឲ្យបានឆាប់ពីអាជ្ញាធរ ការបង្កើតខ្សែទូរស័ព្ទពិសេស និងសេវាកម្មពិគ្រោះយោបល់ដល់ជនរងគ្រោះ និងការដាក់ទោសជនល្មើសជំនួសការព្យាយាមសម្របសម្រួលរវាងពួកគេនិងជនរងគ្រោះ។
អង្គការអាដហុក លើកឡើងថា “រាជរដ្ឋាភិបាលគួរដាក់ទោស និងដាក់វិន័យឲ្យបានតឹងរ៉ឹងដល់មន្ត្រីណាដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះសង្គមដោយបណ្តោយឲ្យមានអំពើហិង្សាក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរទៅៗដែលជារឿយៗបណ្តាលឲ្យមានការស្លាប់ ឬការធ្វើអត្តឃាតដោយសារមិនបានដោះស្រាយ ឬស៊ើបអង្កេតហេតុការណ៍ទាំងនេះ”។
នៅក្នុងករណីមួយក្នុងចំណោមករណីជាច្រើនដែលអង្គការអាដហុកបានរាយការណ៍នោះ ស្ត្រីអាយុ៣៤ឆ្នាំម្នាក់មកពីខេត្តព្រះវិហារបានជ្រមុជទឹកកូនចុងរបស់ខ្លួនក្នុងស្រះដើម្បីសងសឹកនឹងប្តីរបស់ខ្លួនដែលបានវាយដំគាត់រៀងរាល់ថ្ងៃ។ ក្នុងករណីមួយទៀត ស្ត្រីបុគ្គលិកកាស៊ីណូ ណាហ្គាវើលម្នាក់ត្រូវប្តីច្របាច់កសម្លាប់ បន្ទាប់ពីមានជម្លោះក្នុងគ្រួសារ ហើយបុរសជាប្តីបានចងកសម្លាប់ខ្លួន ដោយបន្សល់ទុកកូនស្រីម្នាក់ និងកូនប្រុសពីរនាក់ឲ្យក្លាយជាក្មេងកំព្រា។
នៅក្នុងខេត្តក្រចេះកាលពីខែមករា ស្ត្រីម្នាក់បានព្យាយាមធ្វើអត្តឃាតដោយដុតខ្លួនខណៈនាងអស់សង្ឃឹមដោយសារការប្រចណ្ឌ និងការរំលោភបំពាន ហើយក្នុងខេត្តកំពង់ស្ពឺឯណោះវិញស្ត្រីម្នាក់បានសម្លាប់ប្តីរបស់ខ្លួនដោយយកសាំងចាក់ដុតសម្លាប់ប្តីបន្ទាប់ពីមានជម្លោះរឿងលុយកាក់៕សារុន