28 C
Phnom Penh

លោក ម៉ម សូណង់ដូ​ ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ និង​វិទ្យុ​ផ្សាយ​បន្ត​សាជាថ្មី​​​ទៀត​ទៅ​ក្រសួង​ព័ត៌មាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ម សូណង់​ដូ ម្ចាស់​ស្ថានីយ៍​វិទ្យុ​ឯករាជ្យ​បាន​ដាក់​សំណើ​ថ្មី​របស់​លោកទៅ​ក្រសួង​ព័ត៌មាន​កាលពីម្សិលមិញ ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​បើក​ដំណើរការ​ស្ថានីយ​ទូរទស្សន៍​ និង​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​ ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ដ៏​ពេញ​និយម​របស់​លោក នៅ​តាម​បណ្តា​ខេត្ត​។

លោក សូណង់​ដូ ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ និង​ជា​អ្នក​រិះ​គន់​រដ្ឋាភិបាល​អស់​រយៈពេល​ជា​យូរ​​មក​ហើយ​នោះ​ ​​​បាន​ដាក់​សំណើ​ប្រហាក់​ប្រហែល​គ្នា​នេះ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ប៉ុន្តែ សំណើ​នីមួយ​ៗ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ឈរ​លើ​មូល​ហេតុ​ថា មិន​​មាន​ហ្វ្រេកង់គ្រប់​គ្រាន់​ទេ។

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​សំណើ​មុន​របស់​លោក​កាលពី​ខែ​មុន​​ លោក សូណង់ដូ​ កាលពី​ថ្ងៃ​ទី​២៧ ខែមករា បាន​ដឹក​នាំ​អ្នក​គាំទ្រ​ជាច្រើន​រយ​នាក់​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​ និង​បាន​ដើរ​ហែក្បួន​ទៅ​​ក្រសួង​ព័ត៌មាន​ ក៏​ប៉ុន្តែ សកម្មភាព​នេះ​ត្រូវ​បានកម្លាំង​កង​រាជ​អាវុធ​​ហត្ថ​​បំបែក​ដោយ​ហិង្សា​។ គួរ​រំឭក​ថា កម្លាំង​កង​រាជអាវុធ​ហត្ថ​ទាំង​នោះ​បាន​វាយ​ក្រុម​អ្នក​តវ៉ា​ និង​ធ្វើ​បាប​អ្នក​សារព័ត៌មាន​។

ប្រសិន​បើ​សំណើ​ថ្មី​នេះ​ត្រូវ​បាន​បដិសេធ​ទៀត​នោះ លោក សូណង់​ដូ បានលើក​ឡើង​ថា អ្នក​គាំទ្រ​របស់​លោកនឹង​ធ្វើ​បាតុកម្ម​ដោយ​ខ្លួន​ឯង​។ លោក​បានថ្លែង​កាលពី​ម្សិល​មិញ​ថា​ “ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ចោទ​ប្រកាន់​ខ្ញុំ​បាន​ញុះ​ញង់​អ្នក​គាំទ្រ​ទេ ក៏​ប៉ុន្តែ ខ្ញុំ​បានធ្វើ​ការ​​កត់​សម្គាល់​ថា ប្រជាជន​ជាច្រើន​ចង់​ធ្វើ​បាតុកម្ម​​ប្រសិន​បើ​សំណើរបស់​ខ្ញុំ​ត្រូវ​បាន​បដិសេធ​”។

លោក បុត បូវុធ អគ្គនាយក​អគ្គនាយក​​​ដ្ឋាន​ព័ត៌មាន​ និងផ្សព្វផ្សាយ​នៃក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា លោក​មិន​ទាន់​បានឃើញ​​​សំណើ​​​​​​ថ្មី​​របស់​លោក ម៉ម សូណង់ដូ នៅ​​​ឡើយ​​​ទេ និង​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​លទ្ធភាព​ទទួល​ជោគ​ជ័យ​ទេ៕សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស