27 C
Phnom Penh

នគរ​បាល​បង្ហាញ​ភ័ស្តុតាង​បន្ថែម​ទាក់​ទិន​ការ​លួច​ព្រះ​សារីរិក​ធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​នគរបាល​បាន​ធ្វើ​សន្និ​សីទ​​​កាសែត​មួយ​ដើម្បី​ពន្យល់​ពី​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​លើ​កសិករ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​​លួច​ព្រះ​សារីរិក​ធាតុ​ពី​ភ្នំឧដុង្គក៏ដូច​ជា​ពុទ្ធប្បដិមាដ៏​មាន​តម្លៃ​មួយ​ចំនួន​ផង​ដែរ​។​

ជន​សង្ស័យ​ កែវ​ រស្មី​ ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​កាល​ពី​សប្តាហ៍​មុន​ពី​បទ​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​កាល​ពី​ខែ​ធ្នូ​ រី​ឯ​អាជីវករ​លក់​មាស​ឈ្មោះ​  សេក​ សារ៉ាត់​ អាយុ​៣៧​ឆ្នាំ​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោ​ទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ដើម្បី​ទទួល​បាន​ផល​ចោរកម្មផង​ដែរ។

លោក ម៉ក់​ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​​​​​​យុត្តិធម៌​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ជន​សង្ស័​យ​ កែវ​ រស្មី​​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លួច​ព្រះ​សារី​រិក​ធាតុ​និង​ពុទ្ធប្បដិមា​ដ៏មាន​តម្លៃ​ ក៏ដូច​ជា​ធ្លាប់​ប្រព្រឹត្ត​​​​បទ​ល្មើស​តូច​តាច​និង​ធ្លាប់​ធ្វើ​ជា​ចោរ​លួច​គោ​ក្របី​អ្ន​ក​ភូមិ​ផង​ដែរ​។

ឧត្តម​សេនីយ៍ឯក​ ម៉ក់​ ជី​តូ​ មាន​ប្រសាសន៍​ថា​ “ឈ្មោះ កែវ​ រស្មី​ នេះ​ធ្លាប់​បាន​លួច​វត្ថុ​មាន​​តម្លៃ​​​​មួយ​ចំនួន​ ហេតុ​ដូច្នេះ​ហើយ​ទើប​ព្យា​យាម​​លួច​​យក​វត្ថុ​មាន​តម្លៃ​ដែលនៅ​សេស​សល់​ផ្សេង​ទៀត​ បន្ទាប់​មក​ជន​សង្ស័យ​រូប​នេះ​បាន​ឡើង​ទៅ​លើ​ភ្នំ និង​មើល​ផ្លូវ​និង​​តំបន់ជុំ​វិញ​នោះ​ដើម្បី​រៀប​ផែន​ការ​”។

បើ​យោង​តាម​ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ បាន​ឲ្យ​ដឹងថា​ បន្ទាប់​ពី​ឈ្មោះ​ កែវ​ រស្មី​ បាន​លួច​​ពុទ្ធ​ប្ប​ដិមា​មួយ​ព្រះ​អង្គ​ពី​វត្ត​មួយ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​មក​ ជន​នេះ​​បាន​ដឹង​ថា នៅ​មាន​ព្រះ​សារីរិក​ធាតុ​​ដ៏មាន​តម្លៃ​ ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ហើយ​ជន​នេះ​ក៏​មាន​ចំណាប់​អារម្ម​ណ៍​យ៉ាង​ខ្លាំង​ចំពោះ​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​នៅ​សេស​សល់​។

ឧត្ត​ម​សេនីយ៍​ឯក​ ម៉ក់​ ជី​តូ​ បានមាន​ប្រសា​សន៍​​​​ដោយ​សំដៅ​ទៅ​លើ​​ការ​ដង្ហែ​មួយ​ដែល​មាន​ប្រជា​ពលរដ្ឋ​ជាង​ពីរលាន​នាក់​បាន​​ចូល​រួម​កាល​ពី​ឆ្នាំ​២០០២​ ដែល​អំឡុង​ពេល​នោះ​ព្រះ​មហា​ក្សត្រ​សម្តេច​ឪបានដង្ហែ​ព្រះ​សារី​រិក​ធាតុ​ពី​រាជ​ធានី​ភ្នំពេញ​ ដើម្បី​យក​ទៅ​តម្កល់​នៅ​ព្រះ​សក្យមុនីចេតិយ​​ដែល​មាន​តម្លៃ​៤.៥​លាន​ដុល្លារ​នៅ​លើ​ភ្នំឧដុង្គ​ថា “ជន​នេះ​បាន​និយាយថា​ ខ្លួន​បាន​ឃើញ​ព្រះ​មហា​ក្សត្រ​ [សម្តេច​ឪ នរោត្តម ​សីហនុ​] បាន​នាំ​យក​ព្រះ​សារី​រិក​ធាតុ​ទៅ​តម្កល់​នៅ​ក្នុង​ព្រះ​សក្យ​មុនី​​ចេតិយ​នៅ​លើ​កំពូល​ភ្នំ​ឧដុង្គ​។

ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ​ បាន​លើក​ឡើង​ថា​ កាល​ពីរសៀល​និង​ពេល​ល្ងាចថ្ងៃ​ទី​៩​ខែ​ធ្នូ​ ជន​សង្ស័យ​ឈ្មោះ​ កែវ ​រស្មី​ បាន​បើក​ម៉ូតូ​ពី​ផ្ទះ​របស់​ខ្លួននៅ​ក្នុង​ខេត្ត​តាកែវ​​ទៅកាន់​ភ្នំ​ឧដុង្គ​ដោយ​មាន​ចម្ងាយ​​ផ្លូវ​ប្រហែល​ជាង​១០០​គីឡូ​ម៉ែត្រ​។ ឈ្មោះ​កែវ​ រស្មី​ នេះ​បាន​លាក់​ម៉ូតូ​របស់​ខ្លួន​នៅក្នុង​គុមោ្ពតព្រៃ​ ហើយ​បាន​ដើរ​យ៉ាង​ស្ងាត់​ៗ​ ដោយ​មិន​ឲ្យសន្តិ​សុខ​​ដែល​មាន​ការ​ធ្វេស​ប្រហែស​ដឹង​ខ្លួន​ឡើយ​ បន្ទាប់​មក​បាន​ប្រើ​ញញួរ​ និង​ទួរ​ណឺវិសបើក​ទ្វារ​ព្រះ​សក្យមុនីចេតិយ​កន្លែង​តម្កល់​កោដ្ឋ​ដាក់​ព្រះ​សារីរិក​ធាតុ​ ហើយ​ក្រោយ​​មក​បាន​ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​នោះ​ដាក់​ចូល​ក្នុង​បាវ​រួច​ចាក​ចេញ​ទៅ​ផ្ទះ​ឈើ​របស់​ខ្លួន​វិញ​នៅ​ក្នុង​ឃុំ​ខ្វាវ​។​
ឧត្តម​សេនីយ៍ឯក​ ម៉ក់​ ជីតូ​ បាន​មាន​ប្រសា​សន៍​ដោយសំដៅ​ទៅ​លើ​ពុទ្ធ​ប្បដិមា​ដែល​ឈ្មោះ​ កែវ​ រស្មី​ បាន​លួច​កាលពី​ឆ្នាំ​មុន​ថា​ “កាល​​​​​​​ពី​ម្សិល​មិញ ​[ថ្ងៃ​អាទិត្យ​] យើង​ក៏​បាន​រក​ឃើញ​​ព្រះ​កាយ​ពុទ្ធ​ប្បដិមា​មួយ​ព្រះ​អង្គ​ផ្សេង​ទៀត​ក្បែរ​ស្រះ​មួយ​ក្រោយ​ផ្ទះ​ជន​នេះ​ផង​ដែរ​”។​

អ្នក​ស្រី​ សារ៉ាត់​ ដែល​ជា​អាជីវករ​លក់​មាស​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទិញ​ពុទ្ធ​ប្ប​ដិមា​មួយ​ព្រះ​អង្គ​ក្នុង​ចំណោម​ពុទ្ធ​ប្បដិមា​ទាំងអស់​ដែល​ឈ្មោះ​ កែវ​ រស្មី​ នេះ​បាន​លួច​  ទោះ​បី​ជា​នគរបាល​បាន​លើក​ឡើង​ថា ជន​នេះ​បាន​លក់​វត្ថុ​មាន​តម្លៃ​ដែល​ខ្លួន​លួច​បាន​ទៅ​ឲ្យ​អាជីវក​រ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក៏ដោយ​។

ឧត្តម​សេនីយ៍ឯក​ ម៉ក់​ ជី​តូ​ បាន​មាន​ប្រសា​សន៍​ថា “គាត់ទិញ​បាន​ច្រើន​ជាង​គេ​ បើ​ធៀប​នឹង​អ្នក​ទិញ​ផ្សេង​ៗ​ ហើយ​គាត់​បាន​ខ្សឹប​​ប្រាប់ [កែវ​ រស្មី​] ថា កុំ​ឲ្យ​លក់​វត្ថុ​មាន​តម្លៃ​ទាំង​​នេះ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​”។

យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ភាព​​ដើម​នៃ​ព្រះ​សារីរិក​ធាតុ​និង​កោដ្ឋ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​បាយ​របស់​ឈ្មោះ​ កែវ​ រស្មី​ ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ គង់​ សំអុល​ រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ និង​ព្រះ​ពោធិ​វាំង​ អំ លឹម​ហេង​ ព្រះ​សង្ឃ​នាយក​​​រង​ទី​២​។

ឧត្ត​ម​សេនីយ៍​ឯក​ ម៉ក់​ ជី​តូ​ បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​ថា “​ព្រះ​ពោធិវាំង​ អំ លឹម​ហេង​ និង​លោក​ គង់​ សំអុល​ បានបញ្ជាក់​រួច​ហើយ​ថា ព្រះ​សារីរិក​ធាតុ​ពិ​ត​ជា​ព្រះ​សារីរិក​ដែលត្រូវ​បាន​លួច​​នោះ​មួយរយ​ភាគរយ”។ លោក​បាន​បន្ត​ថា មិន​ចាំបាច់​ត្រូវ​ការ​អ្នក​ជំនាញ​មក​បញ្ជាក់​បន្ថែម​ពី​លើឡើយ​។ កាល​ពី​ម្សិល​មិញ​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ បាន​មាន​បន្ទូល​ថា សម្តេច​ម៉ែ ​នរោត្តម​​ មុនីនាថ ​បាន​ថ្វាយ​បង្គំ​បួង​សួង​ចំពោះ​ព្រះ​សារីរិក​ធាតុ​នេះ​ដែល​ឥឡូវ​ត្រូវ​បាន​តម្កល់​នៅ​ព្រះ​បរម​រាជ​វាំង​។

ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ​ បាន​មាន​បន្ទូល​ថា “សម្តេច​ម៉ែ​បាន​យាង​ទៅ​ថ្វាយ​បង្គំ​ចំពោះ​មុខ​ព្រះ​សារីរិក​ធាតុ​នេះ​​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ថាបាន​ទេ​ តើ​សម្តេច​ម៉ែ​ជឿជាក់​ថា ព្រះ​សារី​​រិក​ធាតុ​ពិត​ ឬក៏មិន​ពិត​នោះ​”។ លោក សឺន ស៊ូ​ប៊ែរ៌្តិអតីត​ទី​ប្រឹក្សា​របស់​សម្តេច​ឪ​ នរោត្តម​ សីហនុ​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ធ្វើការ​ពិសោធ​តាម​បែប​វិទ្យាសាស្ត្រ​ដើម្បី​ជម្រះ​មន្ទិល​សង្ស័​យ​របស់​សាធារណ​ជន​ថា ​ព្រះ​សារីរិក​ធាតុ​ដែល​​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​បាយ​របស់​ឈ្មោះ កែវ​ រស្មី​ នេះ​ពិត​ជារបស់​ពិត​ប្រាកដ​។ លោក​បាន​មាន​ប្រសាសន៍ថា “ការ​បញ្ជាក់​ដាច់​ខាត​ត្រូវ​តែ​ធ្វើ​ឡើង​ ដើម្បី​បញ្ជាក់​ថា ព្រះ​​សារីរិក​ធាតុ​ពិត​ឬ​មិន​ពិ​ត​នោះ​”។ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ពិសោធ​ដោយ​ប្រើ​កាបូ​ន​៕​ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស