មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងលែងចុះហត្ថលេខាមានសុពលភាព នៅលើសន្លឹកសញ្ញាបត្រកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាទៀតហើយ ហើយគ្រិះស្ថានអប់រំនានានឹងត្រូវបានត្រួតពិនិត្យ និងទទួលស្គាល់យ៉ាងត្រឹមត្រូវ ដើម្បីឲ្យវិស័យអប់រំមានគុណភាព។
មន្ត្រីមួយរូបនៅក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សាកលវិទ្យាល័យដែលមានវគ្គសិក្សា និងសញ្ញាបត្រមិនសមស្របតាមស្តង់ដារអប់រំ នឹងត្រូវបានបង្ខំឲ្យបិទទ្វាលែងដំណើរការទាំងស្រុង ឬក៏ត្រូវបានបញ្ជាឲ្យចាត់វិធានការដោះស្រាយយ៉ាងហ្មត់ចត់ ដើម្បីបង្កើនកម្រិតនៃការបង្រៀននៅសាកលវិទ្យាល័យទាំងនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងសុន្ទរកថា ថ្លែងទៅកាន់និស្សិតជាង៤.០០០នាក់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង អំឡុងពិធីមួយប្រារព្ធនៅសាលសន្និសីទកោះពេជ្រក្នុងរាជធានីភ្នំពេញថា “ចាប់ពីពេលនេះតទៅ រដ្ឋមន្ត្រីក្រសួងអប់រំនឹងមិនចុះហត្ថលេខាលើសញ្ញាបត្រកម្រិតសាកលវិទ្យាល័យដូចមុនទៀតទេ”។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា “សាកលវិទ្យាល័យទាំងអស់ត្រូវតែចុះហត្ថលេខា [លើសញ្ញាបត្ររបស់ខ្លួនផ្ទាល់]ហើយត្រូវទទួលខុសត្រូវចំពោះគុណភាពអប់រំដោយខ្លួនឯង”។ លោកបានពន្យល់ថា ចាប់ពីពេលនេះតទៅ សាកលវិទ្យាធិការនឹងចុះហត្ថលេខាលើសញ្ញាបត្រដោយខ្លួនឯង។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា “ ប្រសិនបើ [និស្សិត] ដាក់ពាក្យធ្វើការ ប៉ុន្តែ មិនត្រូវបានទទួលយក គេលែងអាចបន្ទោសបញ្ហានេះមកលើរដ្ឋមន្ត្រីក្រសួងអប់រំទៀតហើយ”។ ក៏ប៉ុន្តែ លោកមិនបានធ្វើអត្ថាធិប្បាយលម្អិតជាងនេះទេ។
លោក រស់ សាលីន ប្រធានខុទ្ទកាល័យទើបតែងតាំងថ្មីរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រគល់ការទទួលខុសត្រូវចំពោះការចុះហត្ថលេខាលើសញ្ញាបត្រ នឹងជំរុញឲ្យសាកលវិទ្យាល័យទាំង១០៤នៅក្នុងប្រទេសកម្ពុជាខិតខំបង្កើនកម្រិតស្តង់ដាររបស់ខ្លួន ពីព្រោះក្រសួង អប់រំ យុវជន និងកីឡា ចាប់ផ្តើមវាយតម្លៃគុណភាពនៃការអប់រំ នៅតាមគ្រិះស្ថាននានាហើយ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះយើងត្រូវតែវាយតម្លៃកម្មវិធីសិក្សា និងអភិបាលកិច្ចនៅក្នុងសាកលវិទ្យាល័យនីមួយៗ ដើម្បីធានាថា សាកលវិទ្យាល័យទាំងនោះពិតជាឆ្លើយតបទៅនឹងស្តង់ដារដែលអនុញ្ញាតឲ្យពួកគេចុះហត្ថលេខាលើសញ្ញាបត្របាន”។
លោកបានបន្តថា “បើសិនជាពួកគេមិនអនុវត្តតាមទេពួកគេអាចនឹងត្រូវបិទទ្វា។ នេះគឺជាចំណុចចាប់ផ្តើមនៃការរៀបចំឡើងវិញនៃប្រព័ន្ធអប់រំ ហើយយើងនឹងជំរុញឲ្យគ្រិះស្ថាននានាធានាថា និស្សិតរបស់ពួកគេបានត្រៀមខ្លួនសម្រាប់ទីផ្សារការងារអន្តរជាតិ”។ លោក បានឲ្យដឹងទៀតថា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកំពុងត្រូវបានបង្កើតឡើង ក៏ប៉ុន្តែ លោកមិនបានប្រាប់ពីកាលបរិច្ឆេទចាប់ផ្តើមទេ។
ស្របពេលដែលមានការដឹងឮអំពីអំពើពុករលួយទូទៅនៅក្នុងវិស័យអប់រំ បញ្ហាខ្វះការត្រួតពិនិត្យឲ្យបានត្រឹមត្រូវលើដំណើរការនៃការទទួលស្គាល់គុណភាពអប់រំ បានបណ្តាលឲ្យមានសំឡេងរិះគន់ថា សាកលវិទ្យាល័យមួយចំនួនគ្រាន់តែជាកន្លែងធ្វើសញ្ញាបត្រ សម្រាប់ចេញឲ្យអ្នកដែលចង់បង់ថ្លៃសិក្សា។
លោក អ៊ុំ សំភា អាយុ២៤ឆ្នាំ ដែលទើបតែរៀនចប់ពីសាកលវិទ្យាល័យធនធានមនុស្សក្នុងរាជធានីភ្នំពេញ បានលើកឡើងថា និស្សិតនឹងនៅតែចង់ឲ្យមានហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅលើសញ្ញាបត្ររបស់ពួកគេ។ លោកបាននិយាយថា “ក្រុមហ៊ុនមួយចំនួនប្រហែលជាមិនទទួលយកនិស្សិតដែលមានសញ្ញាបត្រមិនមានហត្ថលេខារបស់ក្រសួងអប់រំទេ”។ លោកបានបន្តថា បើមិនមានហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងអប់រំទេនោះ អនាគតនិយោជកប្រហែលជាមិន ទុកចិត្តគុណភាពសញ្ញាបត្រសាកលវិទ្យាល័យដែលមានតែហត្ថលេខារបស់សាកលវិទ្យាធិការនៅឯសាកលវិទ្យាល័យដែលផ្តល់សញ្ញាបត្រនោះទេ។ លោក សំភា បានបន្តទៀតថា “ក្រុមហ៊ុនទាំងនោះនឹងបារម្ភថា និស្សិតបានស៊ុមគ្រលុំជាមួយសាកលវិទ្យាល័យ ដើម្បីទទួលបានពិន្ទុខ្ពស់”៕ សុធា