28.4 C
Phnom Penh

ខ្សែ​ភាព​យន្ត​ទទួល​បាន​ពាន​រង្វាន់​អូស្កា​រ​កំពុង​ប្រឈម​មុខ​នឹង​អ្នក​ត្រួត​ពិនិត្យ​ខ្សែ​ភាព​យន្ត​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោ​យសារ​តែ​មាន​បង្កប់​នូវ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ឈុត​ឆាក​ក្តៅ​សាច់​និង​ការ​ប្រើ​ពាក្យ​អាសអាភាស​ច្រើន​នោះ​ ខ្សែ​ភាពយន្ត​ហូលី​វូដ​​​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា “The Wolf of Wall Streets ” កំពុង​តែ​ជួប​នឹង​បញ្ហា​រឹត​បន្តឹង​​​​ផ្នែក​​​វប្បធម៌ ​ហើយ​ឥឡូវ​នេះ​​អ្នក​ត្រួត​ពិនិត្យ​ខាង​ផ្នែក​ខ្សែ​ភាព​យន្ត​កំពុង​តែ​ពិចារ​ណា​​​ថា តើ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាក់​បញ្ចាំង​​នៅ​ក្នុង​រោង​កុន​នានា​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬក៏អត់​​។

​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កំពុង​តែ​ត្រួត​​​​ពិនិត្យ​ឡើង​វិញ នូវ​​ខ្សែ​ភាព​យន្ត​ហូលីវូដ​​​​នេះ​​​​ ដែល​អ្នក​ទស្សនា​រំពឹង​ថា​ នឹង​ត្រូវ​ចាក់​បញ្ចាំ​ង​​​​​​​​នៅ​ដើម​ខែ​មករា​នោះ។ ហើយ​សេចក្តី​​​សម្រេច​​​​​​​​​ចុងត្រោយ​ទាក់​ទិន​នឹង​ថា​ តើ​ខ្សែ​ភាព​​​យន្ត​នេះ​ត្រូវ​កាត់​ចំណុច​មិន​សម​គួរចេញ​​នោះ​ ឥឡូវ​​នេះ​កំពុង​តែ​ស្ថិតនៅ​ក្នុង​កណ្តាប់​ដៃ​របស់​​មន្ត្រី​ជាន់​ខ្ពស់​ បន្ទាប់​ពី​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​ពិនិត្យ​ខ្សែ​ភាព​យន្ត​នៅ​នាយក​ដ្ឋាន​ភាពយន្ត​មិន​បាន​ឯក​ភាព​លើ​កិច្ច​ព្រម​ព្រៀង​​ជា​ឯកច្ឆ័ន្ទមួយ​។

លោក​ ស៊ីន​ ច័ន្ទ​សាយ៉ាប្រធាន​គណៈ​កម្មា​ធិ​​ការ​​​ត្រួត​ពិនិត្យ​ខ្សែ​ភាពយន្ត​ដែល​សរសេរ​នៅ​ក្នុង​អ៊ីម៉េល​​មួយ​ថា​ “គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​ខ្សែ​ភាពយន្ត​ បាន​ត្រួត​ពិនិត្យ​ខ្សែ​ភាពយន្ត​នេះ​ហើយ​ ប៉ុន្តែ​គណៈកម្មាធិការ​មិន​អាច​អនុម័ត​​បាន​ឡើយ​ ហើយ​វា​ចាំ​បាច់​ត្រូវ​តែ​ឆ្លង​កាត់​ការ​​​សម្រេច​ចិត្ត​ពី​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​”។ លោក​បាន​បន្ថែម​ថា​ “ការ​ដែល​មិន​អាច​អនុម័ត​បាន​នេះ​ ព្រោះ​ថា​ខ្សែ​ភាព​យន្ត​នេះ​មាន​ឈុត​ឆាក​ក្តៅ​សាច់​ជា​ច្រើន​”។

ភាព​យន្ត​ដែល​ដឹក​នាំ​ដោយ​លោក​ ម៉ា​ទីន​ ស្ករសេស (Martin Scorsese) និង​ដែល​ចូល​រួម​សម្តែង​ដោយ​លោក​ លីអូណាដូ​ ឌីកា​ព្រីយ៉ូ​ (Leonardo DiCaprio) មាន​ឈុត​ឆាក​ក្តៅ​សាច់​ជា​​ច្រើន​ ដូច​ជា ត្រង់​ឈុត​ខ្លះ​តួ​សម្តែង​​គ្មាន​សម្លៀក​​បំពាក់​តែ​ម្តង​  និង​មាន​បង្កប់​ទៅ​ដោយ​ការ​ប្រើ​​​​ប្រាស់​គ្រឿង​ញៀន​ និង​ការ​ប្រើ​ពាក្យ​​​អាស​​​អាភាស​ជាង​៥០០​ពាក្យ​។ នៅ​ទី​ក្រុង​ឌូបៃ ខ្សែ​​​​​​​​​​​ភាពយន្ត​ដែល​មាន​រយៈ​ពេល​​បីម៉ោង​នេះ​ត្រូវ​បាន​កាត់​ចំណុច​មិន​សម​គួរ​ចោល​អស់​៤៥នាទី​។

អ្នក​ស្រី​​ សុគន្ធ​តុលា ចន្ត្រា ប្រធាន​គ្រប់​គ្រង​​ផ្នែក​ចែក​ចាយ​នៅ​ក្រុម​ហ៊ុន​សប្បាយ​ (Sabay MVP) ជា​ក្រុម​ហ៊ុន​ចែក​ចាយ​ខ្សែ​ភាព​យន្ត​បាន​​មាន​ប្រសាសន៍​ថា “​ យើង​មិន​ដែល​ជួប​ប្រទះ​​​ស្ថាន​ភាព​បែប​នេះ​ឡើយ​ទាក់​ទិន​នឹង​ខ្សែ​ភាព​​យន្ត​ផ្សេង​ៗ​ពី​មុន​មក​​។  ខ្សែ​ភាព​យន្ត​នេះ​​ជា​ខ្សែ​ភាពយន្ត​បង្កប់​ភាព​មិន​សម​គួរ​ជា​ច្រើន​ ហើយ​មិន​មែន​ជា​ខ្សែ​ភាព​យន្ត​​ដែលអ្នក​ទស្សនា​ជា​ច្រើន​ចង់​ទស្សនា​ប៉ុន្មាន​នោះ​ទេ​”។

អ្នក​ស្រី​បាន​បន្ថែម​ថា “ពាក្យ​មិន​សម​គួរ​តែ​ង​តែ​មាន​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ហូលី​វូដ​ជា​ច្រើន​ ប៉ុន្តែ​ចំពោះ​ខ្សែ​ភាព​យន្ត​ដែល​មាន​ចំណង​​ជើង​ថា “The Wolf of Wall Streets” នេះ​​វិញ​គឺ​ជា​ករណី​ពិសេស​មួយ ​ព្រោះ​វា​មាន​ពាក្យ​​​​បែប​នេះ​ច្រើន​ពេក​”។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា “​ប្រសិន​បើ​យើង​​ត្រូវ​គេ​ស្នើឲ្យ​ដកពាក្យ​អា​ស​​​អាភាស​​​ទាំង​អស់​ចេញ​នោះ​ អ៊ីចឹង​វា​ហាក់​បី​ដូច​ជា​ត្រូវ​បិទ​សំឡេង​​​នៅ​ក្នុង​ខ្សែ​ភាពយន្ត​តែម្តង​”។

អ្នក​ស្រី​មិន​​គិត​ថា បញ្ហានេះ​នឹង​កើត​ឡើង​នោះ​ទេ​ ប៉ុន្តែ​ក្រុម​ហ៊ុន​សប្បាយ ​មានផែន​ការ​កាត់​ឈុត​ឆាក​មិន​សម​គួរខ្លះ​​ចេញ​ហើយ​ ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​នេះ​មាន​ឱកាស​ចាក់​បញ្ចាំង​នៅ​ក្នុង​រោងកុន​នានា​។​​​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រោង​កុន​ លេជេន មានអ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យា​រ​ពេល​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នេះ​ ដែល​ដំបូង​ឡើយ​គេ​គ្រោងនឹង​​ចាក់​បញ្ចាំង​នៅ​ក្នុ​ង​រោង​កុន​ លេជេន​ នៅ​ខែ​មករា​នោះ​។

លោក​ តាំង​ វេងហ៊ាង​ អ្នក​គ្រប់​គ្រង​ទូ​ទៅ​​នៅ​រោងកុន​លេជេន​ បាន​លើក​ឡើង​ថា ប្រសិន​​​​បើ​អ្នក​ត្រួត​ពិនិត្យ​ខ្សែ​ភាពយន្ត​នៅ​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​អនុ​ញ្ញាត​នោះ​ រោង​កុន​របស់​លោក​នឹង​នៅ​តែ​មាន​ផែនការ​ចាក់​បញ្ចាំ​ងខ្សែ​ភាព​យន្ត​នេះ​។​​ លោក​បាន​មាន​ប្រសាសន៍​ ដោយ​សំដៅ​ទៅ​លើ​អតិថិជន​របស់​លោក​ថា​ “ពួក​គាត់​ចង់​​ឃើញ​របៀប​រស់​នៅ​ប្លែ​ក​ៗ​។ វា​ជា​រឿង​ល្អ​​ប្រសើរ​សម្រាប់​រោង​កុន​ ប្រសិន​មាន​ឱកាស​ចាក់បញ្ចាំង​ខ្សែ​ភាពយន្ត​ ‘The Wolf of Wall Streets ’ នេះ​”៕​ស៊ុយឈាង

Report by: Emily Wilkins

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស