27 C
Phnom Penh

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បង្ហាញ​ជោគ​ជ័យ​នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​បញ្ចេញ​របាយការណ៍​ឆ្នាំ​២០១៣​របស់​ខ្លួន​កាលពី​ម្សិលមិញ​។ នៅ​ក្នុង​របាយ​ការណ៍​នោះ​មាន​ការ​បង្ហាញ​សមិទ្ធិផល​ប្រាំ​បួន​ចំណុច​ដែល​ក្រសួង​នេះ​សម្រេច​បាន​ស្រប​ទៅតាម​ផែនការ​​រយៈពេល​ប្រាំ​ឆ្នាំ​របស់​ខ្លួន​ សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៤​ដែល​បាន​បញ្ចប់​​កាលពី​ឆ្នាំ​មុន​។

ថ្លែង​ទៅកាន់​មន្ត្រី​ប្រហែល​១០០នាក់​នៅ​ទីស្តីការ​ក្រសួង​ក្នុង​ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ​ លោក អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជី វៈ​ បាន​លើក​ឡើង​អំពី​របាយការណ៍​ប្រចាំ​ឆ្នាំ​ ដែល​បង្ហាញ​​សេចក្តី​សង្ខេប​ថា ក្នុង​ឆ្នាំ​២០១៣​ “សន្តិភាព​ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ និង​សន្តិ សុខ​ ព្រម​ទាំង​ការ​គោរព​សិទ្ធិ​ សេរី​ភាព​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​នៅក្នុង​គ្រប់​ទិដ្ឋភាព​… ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស”។

ចំណុច​សំខាន់​មួយ​នៅ​ក្នុង​ចំណោម​ចំណុច​​សមិទ្ធិផល​ទាំង​ប្រាំបួន​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សម្រាប់​ឆ្នាំ​២០១៣ គឺ​ការ​បញ្ចប់​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​មួយ​​ដែល​មាន​គោល​បំណង​កំណត់​ប្រាក់​ឈ្នួល​សម​រម្យ​អប្បបរមា​ ​​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ដេរ​ស្បែក​ជើង​ ដែល​ក្រសួង​នេះ​​បាន​កំណត់​ថា មាន​ក្នុង​ចន្លោះ​ពី​១៥៧ដុល្លារ​ទៅ​១៧៧ដុល្លារ​ក្នុង​មួយ​ខែ​។

ក្នុង​ពេល​ដែល​រោង​ចក្រកាត់​ ដេរ​មាន​កូដ​កម្ម​កើត​ឡើង​កាលពី​ខែ​ធ្នូ និង​ខែ​មករា ហើយ​មាន​អ្នក​តវ៉ា​ប្រាំ​នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​​លក្ខខណ្ឌ​ការងារ​ និង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០ដុល្លារ​ក្នុង​មួយ​ខែ​ លោក អ៊ិត សំហេង បាន​ថ្លែង​​បញ្ជាក់​ពីការ​មិន​មាន​ទំនាក់​ទំនង​រវាង​ក្រសួង​របស់​លោក​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​បាញ់​សម្លាប់​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “សកម្មភាព​ប៉ះ​ទង្គិច​បែប​នោះមិន​ពាក់​ព័ន្ធនឹង​ការងារ​ទេ​… កុប​កម្ម​នៅ​ផ្លូវ​វេង​ស្រេង​​​ជា​រឿង​ផ្សេង​ ហើយ​​ពាក់​ព័ន្ធ​តែ​ទៅ​នឹង​ច្បាប់​ព្រហ្មទណ្ឌ​ ឬ​ក៏​ច្បាប់​ណា​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ”។

ក្នុង​ពេល​ជាមួយ​នេះ​ផង​ដែរ​ ក្នុង​ចំណោម​​សមិទ្ធិ​ផល​ទាំង​ប្រាំបួន​រប​ស់​ក្រសួង​ការងារ ​និង​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម្រាប់​ឆ្នាំ​២០១៣ គឺ​ “ការ​បង្កើត​ប្រព័ន្ធ​រឹង​មាំ​មួយ​ សម្រាប់​ដោះ​ស្រាយ​វិវាទការងារ​ទាំង​ឡាយ​” ព្រម​ទាំង​មាន​ការ​រៀប​ចំ​​ឯកសណ្ឋាន​ថ្មី​សម្រាប់​ក្រុម​ការងារ​អធិការ​កិច្ច​របស់​ក្រសួង​នេះ​ និង​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន​នៅ​ទូទាំង​វិស័យ​។

លោក មឿន តុលា ប្រធាន​កម្មវិធីការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​សិក្សា​ស្រាវ​ជ្រាវធ្វើ​ឡើង​ដោយ​​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទាក់​ទង​ទៅ​នឹង​ប្រាក់​ឈ្នួល​សមរម្យ​អប្បបរមា​ គឺ​ជា​សមិទ្ធិផល​គួរ​ឲ្យ​សរសើរ​។ ក៏​ប៉ុន្តែ បរាជ័យ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ដាក់​ចេញ​នូវ​ចំណាត់​ការ​ទៅ​លើ​សកម្មភាព​ដែល​បណ្តាល​ឲ្យ​មាន​កូដកម្ម​ និង​ការ​តវ៉ា​ដែល​ជំរុញ​ឲ្យ​កម្លាំ​ង​កង​រាជអាវុធ​ហត្ថ​បាញ់​សម្លាប់​អ្នក​តវ៉ា​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យ​៤០នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ផ្លូវ​វេង​ស្រេងកាលពី​ថ្ងៃ​ទី​៣ ខែ​មករា​។

លោក មឿន​ តុលា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​យល់​ស្រប​ថា ការ​បញ្ចប់​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​នោះ​គឺ​ជា​សមិទ្ធិផល​មួយ​ ក៏​ប៉ុន្តែ វា​ជា​រឿង​មិន​ល្អ​សោះ​ដែល​រដ្ឋាភិបាល​អនុវត្ត​គម្រោង​សិក្សា​ដោយ​ខ្លួន​ឯង​ ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ខុស​ពី​លទ្ធផល​នៃការ​សិក្សាស្រាវ​ជ្រាវ​របស់​ខ្លួន​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ រដ្ឋា​ភិ​បាល​បាន​ប្រាប់​ប្រជាជន​ថា ពួកគាត់​ត្រូវ​ការ​ប្រាក់​ជាង​១៥០​ដុល្លារ​ដើម្បី​រស់​ ហើយ​បន្ទាប់​មក​ក៏​បាន​ប្រាប់​ពួកគាត់វិញថា គេ​នឹង​ផ្តល់​ឲ្យ​ពួកគាត់​តែ​៩៥ដុល្លារ​ប៉ុណ្ណោះ​”។ លោក តុលា  បាន​លើក​ឡើង​បែបនេះ​ដោយ​ចង់​សំដៅ​ទៅ​លើ​ប្រាក់​ឈ្នួល​ដែល​ក្រសួង​ផ្តល់​ឲ្យ​កម្មករ​រោង​ចក្រកាត់​ដេរ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ប្រាក់​ឈ្នួល​ទាប​ អតិផរណា​ខ្ពស់​ ហើយ​ចំនួន​ប្រជាជន​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​កើន​ឡើង​ទ្វេ​ដង​។ ចំណុច​​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ស្តង់​ដារ​ការងារ​នៅ​ទីនេះ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ទេ​”៕សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស