31 C
Phnom Penh

គ្រូបង្រៀន​​​ចង់​បាន​សេចក្តី​ថ្លៃ​ថ្នូរ​​​ ប្រសិន​បើ​​​​ទទួល​បាន​​​​ប្រាក់​ខែ​គ្រប់​គ្រាន់​​ពី​រាជរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកគ្រូ​ ហង្ស ម៉ៅ ស្ថិ​ត​ក្នុង​ចំណោម​គ្រូបង្រៀន​​ជាង​១១.០០០នាក់​​នៅ​ក្នុង​ទីក្រុ​ង​​ភ្នំពេញ​ដែល​ត្រូវ​បាន​​ប្រាប់​​កាលពី​​​​ពី​រ​សប្តាហ៍​មុន​ថា ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ ក្នុង​ថ្នាក់​រៀន​នឹង​មិន​អត់​ឱន​ឲ្យទៀត​ទេ​។

សារនេះ​ចេញ​មក​ពី​មន្ត្រី​ក្រុង​ជាន់​ខ្ពស់​​រួម​ទាំង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ និង​លោក ជា ជាតិ ប្រធាន​មន្ទីរ​​​​អប់​រំ​រាជ​ធានីដែល​បាន​ថ្លែង​បែ​បនេះ​នៅ​ឯ​សន្និបាត​​​ប្រចាំឆ្នាំ​ស្តី​​ពីការ​អប់​រំ​។

លោកគ្រូ ហង្ស ម៉ៅ​ អាយុ​៤៤ឆ្នាំ​ជាគ្រូ​បង្រៀន​នៅ​សាលា​បឋ​ម​សិក្សា​​មួយ​នៅ​ក្នុង​ខណ្ឌ​ចំការ​មន ​​បាន​​​មាន​ប្រសាសន៍​ថា ការ​និយាយ​តែ​មាត់​នឹង​មិន​អាច​​លុប​បំបាត់​អំពើ​ពុក​រលួយ​ពី​សាលា​រៀន​នៅ​ក្នុង​ទីក្រុង​ដែល​គ្រូ​បង្រៀន​មាន​ប្រាក់​ខែ​ប្រហែល​១០០ ដុល្លារ​នោះ​បាន​ទេ​។ លោកនិយាយ​​​ថា “ប្រាក់​ខែ​គ្រូ​បង្រៀន​តិច​ណាស់​។ ដូច្នេះ​ខ្ញុំ​ត្រូ​វ​តែ​យក​លុយ​ ពី​សិស្ស​ដើម្បី​ផ្គត់​ផ្គង់​ប្រាក់​ចំណូល​របស់​ខ្ញុំ​”។ លោក​គ្រូ​បាន​បន្ថែម​ថា “សូម្បី​ព្រះ​សង្ឃ​​ក៏​មិន​អាច​ធ្វើ​សម្មា​ធិ​ដោយ​គ្មាន​ចង្ហាន់​បាន​ដែរ​។​ថ្នាក់​ដឹកនាំ​នៅក្នុង​វិស័យ​អប់​រំ​ដឹង​រឿ​ង​នេះ​ច្បាស់​ណាស់”។

លោក​ ម៉ៅ បាន​​មានប្រសាសន៍​ទៀត​ថា “ពួក​គេ​​មិន​អាច​​ធ្វើ​ឲ្យគ្រូ​បង្រៀន​កាន់​តែលំបាក​បាន​ទេ​ បើមិន​ដូច្នោះ​ទេ​នឹង​គ្មាន​គ្រូ​បង្រៀន​នៅក្នុងថ្នាក់​រៀនទៀត​ឡើយ​។​ពួក​គេ​នឹង​ចេញ​ទៅ​រត់​ម៉ូតូ​ឌុប​​អស់​”។

ប្រាក់​ខែ​តិច​តួច​​របស់​គ្រូ​បង្រៀន​ដែល​ជិត​ស្នើ​នឹង​ប្រាក់​ខែកម្មករ​រោង​ចក្រ​កាត់ដេរ​នោះ​ ត្រូវ​បាន​បង្ហញ​ឲ្យ​ឃើញ​នៅ​ពេល​ថ្មី​ៗ​នេះដោយ​ការ​ធ្វើ​កូដកម្ម​របស់​គ្រូបង្រៀន​កាល​ពីខែ​មករា​ដែល​រៀបចំ​ឡើង​ដោយ​​សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ​។

អាជ្ញាធរ​គំរាម​ដក​អាជ្ញាប័ណ្ណ​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ប្រសិន​បើ​កូដកម្ម​នៅ​តែ​បន្ត​ធ្វើ​ទៀត​នោះ​ ប៉ុន្តែ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​២០​ដុល្លារ​ក្នុង​មួយ​ខែ​ចាប់​តាំង​ពីពេល​នោះមក​​។

លោកគ្រូ ចាន់​ សុធី​ នាយក​សាលា​បឋម​សិក្សានរក្ស​ នៅក្នុង​សង្កាត់​កោះដាច់​ ខណ្ឌ​ប្ញស្សីកែវ​បាន​មាន​ប្រសាសន៍ថា គ្រូបង្រៀន​ត្រូវបាន​រិះគន់​ដោយមិន​ត្រឹម​ត្រូវ​ចំពោះ​ការ​ទារលុយ​ក្រៅផ្លូវ​ការ​ពីសិស្ស ដើម្បី​ផ្គត់​ផ្គង់​ប្រាក់ខែ​របស់ខ្លួន​។ លោកគ្រូ សុធី បានមាន​ប្រសាសន៍ថា “ប្រសិន​បើ​មាន​ប្រាក់​ខែ​គ្រប់​គ្រាន់​ ពួក​​គាត់​​នឹង​ធ្វើ​ការ​ដោយ​​សេចក្តី​ថ្លៃ​ថ្នូរ​ និង​កិត្តិយស​។ រដ្ឋាភិបាល​បានគិត​អំពី​រឿង​នេះ​ និង​បាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​យើង​បន្ថែម​ទៀត​ ប៉ុន្តែ វា​នៅមិន​ទាន់​គ្រប់​គ្រាន់​ទេ​”។

អ្នកគ្រូ​ រស់ ទិត្យម៉ាល័យ ​អាយុ​៥៧​ឆ្នាំ​បាន​ចាប់​ផ្តើម​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បឹង​ត្របែក​ខាង​ត្បូង​នៅ​ក្នុង​ខណ្ឌ​ចំការ​មន​ក្រុង​ភ្នំពេញ បន្ទាប់​ពីការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៨១។ អ្នក​គ្រូ​បាន​មាន​​ប្រសាសន៍​ថា ប្រាក់​ខែ​អ្នក​គ្រូ​នៅពេល​នោះ​មាន​ចំនួន​៨៥រៀល​ក្នុង​មួយខែ​ល្មម​ផ្គត់​ផ្គង់​គ្រួសារ​​ដែលមាន​សមាជិក​ប្រាំនាក់​បាន​។

ឥឡូវ​នេះ​អ្នក​គ្រូ​ប្រមូល​លុយ​ពី​សិស្ស​ចន្លោះ​ពី​៥០០ទៅ​១.០០០រៀល​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បន្ថែម​លើ​ប្រាក់​​៣២០.០០០​រៀល​។ អ្នក​គ្រូ​ ទិត្យ​ម៉ាល័យ បាន​មាន​ប្រសាសន៍​ថា សហការី​របស់​អ្នកគ្រូ​ម្នាក់​បាន​ចេញ​ពី​សាលា​ទៅ​រត់​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​ដើម្បី​រក​លុយ​បន្ថែម​បន្ទាប់ពី​គ្រួសារ​របស់គាត់​មិន​អាច​សន្សំ​លុយ​ទិញ​រ៉ឺម៉ក​ថ្មីបាន​។

នៅពេល​ដែល​អតិផរណា​បាន​បន្ត​កើន​ឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ខែ​គ្រូបង្រៀន​នោះ រដ្ឋាភិបាល​ប៉ុនប៉ង​មិន​បាន​សម្រេច​ជា​ច្រើន​​លើក​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះដើម្បីទប់ស្កាត់​ការ​ទារលុយ​ពី​សិស្ស​នៅក្នុង​ថ្នាក់​រៀន​។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពីឆ្នាំ​២០០៨​ជំរុញ​ឲ្យ​អនុវត្ត​មាត្រា​៣១​នៃច្បាប់​ស្តីពីការ​អប់​រំ​ដែល​រដ្ឋសភា​បាន​អនុម័តកាល​ពីឆ្នាំ​២០០៧​ ដែល​ចែង​ថា “ប្រជាពល​រដ្ឋគ្រប់​រូប​មាន​សិទ្ធិ​ទទួល​ការ​អប់​រំ​ប្រកប​ដោយ​គុណភាព​​ដោយ​​ឥតគិតថ្លៃ​យ៉ាង​ហោច​ណាស់​ប្រាំបួន​ឆ្នាំ​នៅ​តាម​សាលា​រដ្ឋ​”។

កាល​ពីខែ​ធ្នូ​ឆ្នាំ​២០០៩​ គ្រូបង្រៀន​​បួន​​នាក់​នៅ​វិទ្យាល័យ​បាក់​ទូក​ក្នុង​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ព្យួ​រការងារ​បណ្តោះ​អាសន្នចំពោះ​ការ​ចោទ​ថា បាន​ទារ​លុយ​ពីសិស្ស​របស់​ខ្លួន​​លើស​វិន័យ​ដែល​សាលា​បាន​កំណត់​។

នាយក​សាលា​នោះ​បាន​ចោទ​គ្រូបង្រៀន​​ទាំង​បួន​នាក់​ថា បាន​យកលុយ​ពីសិស្ស​​ម្នាក់​១.០០០ រៀល​ក្នុង​មួយថ្ងៃ​ បន្ទាប់​ពីលោក​បាន​ប្រាប់​គ្រូបង្រៀន​​ជាច្រើន​ដង​មិន​ឲ្យ​យក​លុយ​លើសពី​៥០០រៀល​ក្នុង​សិស្ស​ម្នាក់​។ហើ​យ​ថ្វី​បើ​​មានការ​ខំប្រឹង​ប្រែង​នៅពេល​ថ្មី​ៗ​នេះ​ពី​អាជ្ញាធរក្រុង​ដើម្បី​លុប​បំបាត់​ការ​ទារ​លុយ​ពី​សិស្ស​ក៏ដោយ​ ក៏គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា ការ​អនុវត្ត​បែប​នេះមាន​ការ​ប្រែ​ប្រួល​ដែរ​ក្នុង​រយៈពេល​មួយសប្តាហ៍​មក​នេះ​។

​ពេល​រង់​ចាំទទួល​កូន​អាយុ​១៣​ឆ្នាំ​របស់​គាត់​នៅ​សាលា​អនុវិទ្យាល័យ​ចតុមុខ​ លោក មាង​ ទុង អាយុ​៥១​ឆ្នាំ​ជាមន្ត្រី​​នគរបាលជាតិ​បាន​មាន​ប្រសាសន៍ថា គ្រួសារ​របស់​លោក​បង់​លុយ​ប្រហែល​២០ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ឲ្យ​គ្រូបង្រៀន​សម្រាប់​​រៀន​គួ​ក្រៅម៉ោង​ជា​ការ​​អនុវត្ត​ជាទូទៅ​របស់​គ្រូបង្រៀន​​ដើម្បី​រក​ប្រាក់​ចំណូល​​បន្ថែម​។

លោក ទុង បានមាន​ប្រសាសន៍ថា “ខ្ញុំ​ធុញ​ទ្រាន់​នឹង​ការ​បង់​លុយ​​បែបនេះ​។ ប៉ុន្តែ យើង​អាណិត​គ្រូបង្រៀន​​ពីព្រោះ​ប្រាក់​ខែ​ពួកគាត់​តិចណាស់​។ យើង​មិន​អាច​បន្ទោស​ពួក​គាត់​បាន​ទេ​”។

លោក រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូ​​បង្រៀន​កម្ពុជា​ឯករាជ្យ​បានមាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​ចង់​ផ្លាស់​ប្តូរ​វប្បធម៌​អំពើ​ពុក​រលួយ​នៅក្នុង​ថ្នាក់​រៀន​មែន​នោះ​ គ្រូបង្រៀន​​ត្រូវមាន​ប្រាក់​ខែ​យ៉ាង​តិច​១​លានរៀល​។លោក​បាន​មាន​ប្រសាសន៍​ថា ​“ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ​មិន​យក​មក​ប្រើ​​ប្រាស់​ដើម្បីបើក​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​​ និង​មន្ត្រី​តូច​តាច​ទេ​។ផ្ទុយ​ទៅវិញ​ធនធាន​ធម្មជាតិ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​សម្រាប់​តែ​អ្នក​​​មាន​អំណាច​មួយក្តាប់​តូច​”។

អ្នកគ្រូ ទិត្យ​ម៉ាល័យ បានមាន​ប្រសាសន៍​អំពី​ការ​ដែល​រដ្ឋាភិបាល​មិន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​បាន​ទៅដល់​គ្រូ​បង្រៀន​ថា “សេដ្ឋ​កិច្ច​កំពុង​អភិវឌ្ឍទៅមុខ​ ប៉ុន្តែ យើង​មិន​​រីក​ចម្រើន​ទៅមុខ​ទេ​”។

លោក នា សុផាន ប្រធាន​នាយក​ដ្ឋាន​​បុគ្គលិក​​នៃក្រសួ​ងអប់​រំ​បាន​មាន​ប្រសាសន៍​ថា កាល​ពីឆ្នាំមុន​ប្រាក់​ខែ​​របស់​គ្រូ​បង្រៀន​ចំនួន​១១២.៧០៤​នាក់​នៅ​ទូ​ទាំ​ង​ប្រទេស​មាន​​ចំនួន​ស្មើនឹង​​​៧០​ភាគរយ​នៃ​ថវិកាអប់រំ​។ លោក សុផាន បានមាន​ប្រសាសន៍ថា នៅ​ខែ​មករា​ ឆ្នាំ​២០១៤​គ្រូ​បង្រៀន​ភាគ​ច្រើន​​ទទួល​បាន​ប្រាក់​ខែ​​​យ៉ាង​ហោច​ណាស់​៤៨០.០០០រៀល​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​សម្រេច​កាល​ពីខែ​មុន​​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​។ ថវិកា​សម្រាប់​ឆ្នាំ​២០១៤ដែល​​ត្រូវ​បាន​លៃទុក​សម្រាប់​ក្រសួង​អប់​រំ​​គឺ​លើល​ឆ្នាំ​២០១៣​ចំនួន​២០ភាគ​រយ​​។

លោក​ សុផាន បានមាន​ប្រសាសន៍ថា “ខ្ញុំ​​សង្ឃឹមថា ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​និង​ផ្អែក​តាម​ស្ថានភាពជាក់ស្តែង​ រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​ដើម្បីលើក​ទឹក​ចិត្ត​ឲ្យ​​ពួក​គាត់​បង្រៀន​”។ លោក​បាន​ទទួល​ស្គាល់​ថា ប្រាក់ខែ​គ្រូបង្រៀន​តិច​ធ្វើ​ឲ្យមាន​ការ​ពិបាក​លុប​បំបាត់​ការ​ទារលុយ​ពីសិស្ស​​។​ លោ​​ក​បានមាន​ប្រសាសន៍ថា “អ្វី​ៗ​ទាំង​អស់​អាស្រ័យលើការ​ប្តេជ្ញា។ គ្រូបង្រៀន​​ភាគ​​ច្រើន​បំពេញ​តួនាទី​បាន​ល្អ​ណាស់​រីឯគ្រូ​បង្រៀន​មួយចំនួន​តូច​នៅ​តែ​ទារ​លុយ​ពី​សិស្ស​​​ដដែល​”។

ទោះ​ជា​យ៉ាង​ណា លោក ហង្ស​ ម៉ៅ គ្រូ​បង្រៀន​នៅ​ទីក្រុង​ភ្នំពេញ​បានមាន​ប្រសាសន៍ ថា គ្រូបង្រៀន​មិន​​មែន​យកលុយ​ពី​សិស្ស​ដោយ​សារ​ខ្វះ​ការ​ប្តេជ្ញា​ទេ ប៉ុន្តែ យក​ដើម្បី​ចិញ្ចឹម​គ្រួ​សារ​របស់​ខ្លួន​។ លោក ហង្ស ម៉ៅ ​បានសួរ​ថា ប្រសិនបើ​រដ្ឋា​​ភិបាល​ចាត់​វិធានការ​មិន​ឲ្យ​ទារ​​សំណូក​នៅ​ក្នុង​សាលារៀន “តើ​នរណា​នឹង​នៅ​បង្រៀន​​សិស្ស​? នាយក​សាលា? មិនមែន​ទេ​ គឺគ្មាន​នរណា​នៅបង្រៀន​ឡើយ​”៕​គឹម​ហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស