កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលបានយល់ស្របតាមដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយសម្រាប់គ្រួសារនៅជនបទដែលបានបាត់បង់ដីធ្លីរបស់ខ្លួនដោយសារក្រុមហ៊ុនចម្ការអំពៅមានខ្នងបង្អែកក្រាស់ ដែលនាំចេញស្ករសទៅកាន់សហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ ហើយនឹងជួបគ្នាម្ដងទៀតនៅដើមខែក្រោយដើម្បីពិភាក្សាពីសេចក្ដីលម្អិត។
សេចក្ដីសម្រេចនេះធ្វើឡើងនៅក្នុងជំនួបមួយរវាងរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុនចម្ការអំពៅ ហើយនេះគឺជាលើកទី១ហើយដែលរដ្ឋាភិបាលយល់ព្រមដោះស្រាយបញ្ហានេះជាសាធារណៈ។ ប្រជាពលរដ្ឋរាប់រយគ្រួសារចាប់ពីខេត្តកំពង់ស្ពឺដល់ខេត្តកោះកុង បានចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅដែលទទួលបានអត្ថ
ប្រយោជន៍ពីគម្រោងពាណិជ្ជកម្មសេរីមួយរបស់សហភាពអឺរ៉ុបដែលមានឈ្មោះថា ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជានាំចេញស្ករសទៅកាន់អឺរ៉ុបដោយមិនចាំបាច់បង់ពន្ធថា បានបណ្ដេញពួកគាត់ចេញពីដីធ្លីរបស់ខ្លួន។ រហូតមកទល់ពេលនេះ ទាំងម្ចាស់ចម្ការអំពៅ ទាំងអាជ្ញាធរដែលផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចម្ការអំពៅទំាងនោះ មិនដែលទទួលស្គាល់ថា មានការចាប់យកដីធ្លីនោះទេ។
សេចក្ដីថ្លែងការណ៍មួយនៅក្នុងគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចមានខ្លឹមសារដូច្នេះថា “អ្នកចូលរួមបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅស្ដីពីបញ្ហាដែលរងផលប៉ះពាល់ដោយសារដីសម្បទានពាក់ព័ន្ធនឹងក្រុមហ៊ុនចម្ការអំពៅ និងរោងចក្រកែច្នៃអំពៅនៅក្នុងខេត្តខុសៗគ្នា ហើយបានប្ដេជ្ញាធ្វើការដោយយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាទាំងនេះធ្វើយ៉ាងណាឲ្យភាគីទាំងអស់ពេញចិត្ត។
សេចក្ដីថ្លែងការណ៍នេះបន្តថា “គណៈកម្មាធិការអង្គការអាដហុកបានយល់ព្រមជួបគ្នាម្ដងទៀតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ដើម្បីពិនិត្យដំណើរការ និងនីតិវិធីទាំងនេះ និងដើម្បីបង្កើតផែនការសកម្មភាពរឹងមាំសម្រាប់ដោះស្រាយបញ្ហាដីសម្បទានពាក់ព័ន្ធនឹងក្រុមហ៊ុនចម្ការអំពៅ និងរោងចក្រកែច្នៃអំពៅ”។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអ្នកដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីមន្ត្រីក្រសួងកសិកម្ម បរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលខេត្ត ឬអភិបាលរងខេត្តចំនួនប្រាំមួយរូប តំណាងក្រុមហ៊ុនស្ករស និងលោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា។
លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា លោក លី យ៉ុងផាត់ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលជាម្ចាស់ក្រុមហ៊ុនចម្ការអំពៅយ៉ាងហោចណាស់មួយក្នុងចំណោមក្រុមហ៊ុនចម្ការអំពៅទាំងនោះ និងដែលគេជឿថា មានភាគហ៊ុនក្នុងក្រុមហ៊ុនចម្ការអំពៅផ្សេងៗទៀតក៏បានចូលរួមកិច្ចប្រជុំនេះដែរ។
លោក កែន រដ្ឋា បានមានប្រសាសន៍ថា ពាក្យបណ្ដឹងដែលគ្រួសារនៅក្នុងខេត្តកោះកុង បានដាក់នៅក្នុងទីក្រុងឡុងដ៍ ប្ដឹងក្រុមហ៊ុន Tate & Lyle របស់អង់គ្លេស ជាក្រុមហ៊ុនមួយដែលទទួលបានប្រយោជន៍ភាគច្រើនពីស្ករសរួចពន្ធរបស់កម្ពុជា ហើយដោយសារខ្លាចកម្ពុជាបាត់បង់ឯកសិទ្ធិ EBA នៅទីបំផុតបានជំរុញលើកទឹកចិត្តឲ្យរដ្ឋាភិបាលជួយគ្រួសារដែលរងផលប៉ះពាល់ទាំងនេះ។លោកបានបន្ថែមថា “បញ្ហា EBA មានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាល ដូច្នេះគោលបំណងរបស់យើងគឺស្វែងរកដំណោះស្រាយ”។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយស្ដីពីកិច្ចប្រជុំនេះ លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងឃើញដំណោះស្រាយសម្រាប់គ្រួសាររងផលប៉ះពាល់ “ឆាប់ៗតាមដែលអាចធ្វើទៅបាន”។
លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង បានមានប្រសាសន៍ថា “យើងបានចូលរួមកិច្ចប្រជុំនេះ ហើយបានលើកឡើងជាថ្មីម្ដងទៀតពីក្ដីបារម្ភរបស់ពួកយើងថា រដ្ឋាភិបាលគួរតែស្វែងរកដំណោះស្រាយសមស្របដោយគ្មានការពន្យារពេល។ យើងយល់ថា គំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលនេះ គឺជាឱកាសមួយដើម្បីស្វែងរកដំណោះស្រាយដែលភាគីពាក់ព័ន្ធទាំងអស់អាចទទួលបានអត្ថប្រយោជន៍ដូចគ្នា។ យើងសង្ឃឹមថា នឹងឃើញដំណោះស្រាយជាក់ស្ដែងកើតចេញពីគំនិតផ្ដួចផ្ដើមនេះឆាប់ៗតាមដែលអាចធ្វើទៅបាន”។
ទោះបីជាស្ករសមានចំនួនតែមួយភាគតូចក្នុងចំណោមទំនិញមានតម្លៃជាទឹកប្រាក់២,៣២ពាន់លានដុល្លារ ដែលប្រទេសកម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុបកាលពីឆ្នាំ២០១២ក្ដី ក៏ឥរិយាបថអាក្រក់ និងខុសច្បាប់របស់ក្រុមហ៊ុនចម្ការអំពៅទាំងនេះ បានធ្វើឲ្យប៉ះពាល់មុខមាត់នៃគម្រោងពាណិជ្ជកម្មសេរីនេះ។
សភាពអឺរ៉ុបបានស្នើពីរលើករួចមកហើយឲ្យឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបស៊ើបអង្កេត និងបញ្ចប់អត្ថប្រយោជន៍ពាណិជ្ជកម្មដល់កម្ពុជា ប្រសិនបើការចោទប្រកាន់អំពីការរំលោភបំពានដោយក្រុមហ៊ុនចម្ការអំពៅត្រូវបានបញ្ជាក់ថា ជាការពិតមែននោះ។ គ្រួសារដែលរងគ្រោះដោយសារក្រុមហ៊ុនចម្ការអំពៅទាំងនេះចង់បានសំណងសម្រាប់ទ្រព្យសម្បត្តិដែលពួកគាត់បានបាត់បង់ ចង់បានដីធ្លីរបស់ពួកគាត់មកវិញឬចង់បានដីបន្ថែមទៀត ប្រសិនបើពួកគាត់ទទួលបានខ្លះរួចហើយ។
ទីភ្នាក់ងារព័ត៌មាន AKP របស់រដ្ឋបានធ្វើសេចក្ដីរាយការណ៍កាលពីម្សិលមិញថា សំណងកំពុងស្ថិតលើតុចរចា ហើយប្រហែលជាត្រូវការ “ភាគីទី៣” ដើម្បីវាយតម្លៃប្រព័ន្ធនេះដែលនៅទីបំផុតរដ្ឋាភិបាលយល់ស្របតាមដើម្បីសម្រេចថា តើគួរផ្ដល់សំណងប៉ុន្មានដល់គ្រួសារនីមួយៗ។ ទីភ្នាក់ងារព័ត៌មាន AKP ក៏បានធ្វើសេចក្ដីរាយការណ៍ផងដែរថា “មានភាពខុសគ្នារវាងតួលេខរបស់រដ្ឋាភិបាល និងសហភាពអឺរ៉ុបដែលបង្ហាញថា ប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលគួរតែរាប់បញ្ចូលនៅក្នុងគម្រោងផ្ដល់សំណងនេះ។
លោក ប៊ុន ឡឺត អភិបាលខេត្តកោះកុង ដែលបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃច័ន្ទនេះដែរបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាននឹងប្រមូលព័ត៌មានបន្ថែមទៀតស្ដីពីសហគមន៍ដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនចម្ការអំពៅនៅក្នុងតំបន់របស់លោកនៅពេលនេះ និងនៅក្នុងកិច្ចប្រជុំលើកក្រោយរបស់គណៈកម្មាធិការអង្គការអាដហុក។ លោកមានប្រសាសន៍ថា “ជាគោលការណ៍យើងនឹងស្នើឲ្យអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលតំបន់ទាំងនោះ ហើយសរសេររបាយការណ៍បញ្ជូនទៅក្រសួងពាណិជ្ជកម្ម”។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលដែលបាននិងកំពុងជួយគ្រួសារដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនចម្ការអំពៅមានប្រសាសន៍ថា ដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយក៏គួរតែធានាដែរថា ក្ដីក្ដាំតុលាការប្រឆាំងអ្នកភូមិដែលបានរងការប្ដឹងផ្ដល់ដោយសារមានជម្លោះជាមួយក្រុមហ៊ុនចម្ការអំពៅទាំងនេះត្រូវដកចេញវិញផងដែរ។ លោកបានមានប្រសាសន៍អំពីគណៈកម្មាធិការថ្មីនេះ និងផែនការខាងមុខរបស់គណៈកម្មាធិការនេះថា “នេះគឺពិតជាការវិវឌ្ឍដ៏ល្អ”៕ សុខុម