34 C
Phnom Penh

សាលាឧទ្ធរណ៍​​​​​​មិន​ដោះ​លែង​អ្នក​​តវ៉ាទាំង​២១​នាក់​ដែលកំពុង​ជាប់​ពន្ធ​នាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលា​ឧទ្ធរណ៍​បដិសេធ​​មិន​​ដោះលែង​កម្មករ​ និង​សកម្មជន​២១​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​កាល​ពីខែ​មុន​ បន្ទាប់ពីមាន​ការ​បង្ក្រាប​ដោយ​​ហិង្សា​របស់​រដ្ឋាភិបាល​ទៅ​លើ​​ការ​​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់ខែគោល​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​នោះ​ឲ្យ​នៅក្រៅ​ឃុំឡើយ​។

កាល​ពីម្សិលមិញ អ្នក​តវ៉ា​ជួប​ជុំគ្នា​នៅមុខ​សាលា​ឧទ្ធរណ៍​ ពេល​ដែល​សាលាឧទ្ធរណ៍​បើក​សវនាការ​ជំនុំ​ជម្រះ​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​​កម្មករ​ និង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ បន្ទាប់ពី​មានការ​បង្ក្រាប​ទៅលើ​កម្ម​​​ករ​ធ្វើ​កូដកម្ម​។ ស៊ីវ ចាន់ណា
កាល​ពីម្សិលមិញ អ្នក​តវ៉ា​ជួប​ជុំគ្នា​នៅមុខ​សាលា​ឧទ្ធរណ៍​ ពេល​ដែល​សាលាឧទ្ធរណ៍​បើក​សវនាការ​ជំនុំ​ជម្រះ​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​​កម្មករ​ និង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ បន្ទាប់ពី​មានការ​បង្ក្រាប​ទៅលើ​កម្ម​​​ករ​ធ្វើ​កូដកម្ម​។ ស៊ីវ ចាន់ណា

តំណាង​មក​ពី​សហជីព​កម្មករ​​កាត់​ដេរ​ចំនួន​ប្រាំបួន​មាន​គម្រោង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ដើម្បី​​រៀប​ចំ​​ធ្វើ​កូដកម្ម​​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បដិសេធ​មិន​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​ឲ្យ​នៅ​​ក្រៅ​​ឃុំ រីឯមេធាវី​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១នាក់​បាន​និយាយថា ពួក​គេ​​នឹង​​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​​នៅ​សប្តាហ៍នេះ​។​ គ្មា​ន​នរណាម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​២១​នាក់​​បាន​មក​​ចូលរួម​សវនាការ​សុំនៅ​ក្រៅ​ឃុំ​នេះទេ​។

លោក ញួង ថុល ​ចៅក្រមប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​​មាន​ប្រសាសន៍ថា “យើងបាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ”​។

កាល​ពីខែ​មុន ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​​​​បាន​សម្រេចមិន​ដោះលែង​​ឲ្យ​នៅក្រៅ​ឃុំ​​មនុស្ស​ទាំង​២១នាក់​​ដែល​មិន​ទាន់បាន​បើ​ក​សវនាការ​​ជំនុំ​ជម្រះ​នេះទេ ​ដោ​យ​លើក​ឡើង​​ថា ពួកគេ​អាច​បង្ក​ភាព​ចលាចល​​ក្នុង​​សង្គម​ និង​ត្រូវការ​សាកសួរ​ពួក​គេ​បន្ថែម​ទៀត។

កាល​ពីថ្ងៃសុក្រ​ ចៅក្រម​សាលា​​ដំបូង​រាជ​​​ធានី​ភ្នំពេញ​​ម្នាក់​បាន​ដោះលែង​​អ្នក​ជាប់​ឃុំ​ពីរនាក់​ក្នុងចំណោម​អ្នក​ជាប់ឃុំ​ទាំង​នោះ​រួម​ទាំង​ឈ្មោះ យ៉ុន ជា អាយុ​១៧​ឆ្នាំ​ដែ​ល​ជា​អនីតិ​ជនតែ​ម្នាក់​គត់​នៅក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​២៣នាក់​នេះ​។

អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​បានស្នើ​សុំឲ្យ​រដ្ឋាភិបាល​គោរ​ព​សិទ្ធិ​មនុស្ស​ទាំង​២៣នាក់​ ដែល​មិន​បានទទួល​កា​រ​គាំពារ​សុខភាពគ្រប់​គ្រាន់​ និង​មិន​បាន​ជួប​មេធាវី​ និង​សមាជិកគ្រួសារ​របស់​ខ្លួន​។

អ្នក​តវ៉ា​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០០​នាក់ ដែល​មាន​ព្រះសង្ឃ​ និង​សមាជិក​គ្រួសារ​​របស់​​អ្នក​ជាប់​ឃុំ​ទាំង​២១នាក់​​​ផង បាន​ជួប​ជុំ​គ្នា​​នៅខាង​ក្រៅ​តុលាការ​កាល​ពី​ព្រឹក​ម្សិល​មិញ​ នៅ​មុន​ពេល​ចៅ​ក្រម​ចេញ​សេចក្តី​សម្រេច​​នៅ​ក្នុង​​សវនាការ​បិទ​ទ្វារ​​មិន​ឲ្យ​សាធារណ​ជន​​ចូល​ បន្ទាប់​ពី​ម៉ោង​១១ព្រឹក​។ ពេល​ឈរ​នៅខាង​ក្រៅ​តុលាការ​​ អ្នក​​ស្រី ប្រាក់​ សុវណា្ណរី ភរិយា​របស់​លោក​ វ៉ន ពៅ​ ជាអ្នក​ជាប់​ឃុំ និងជាសកម្មជន​ការពារ​សិទ្ធិ​​កម្មករ​​​​ បាន​សម្រក់ទឹក​ភ្នែក​។

អ្នកស្រី សុវណ្ណារី​ បាន​និយាយ​បន្ទាប់​ពី​​ត្រូវ​បាន​ស្ត្រី​មួយ​ក្រុម​មក​ពី​​អតីត​សហគមន៍​បឹងកក់​អម​ដំណើរ​ចេញពីតុលាការ​ថា “ រដ្ឋា​ភិបាល​ឃោរឃៅ​ណាស់​ធ្វើ​ឲ្យ​ប្រជាជន​របស់​​​​ ខ្លួន​ឈឺចាប់​។ យើង​នឹង​បន្ត​ស្វែងរក​​យុត្តិធម៌​ ពីព្រោះយើង​មិន​ពេញចិត្ត​នឹង​សេច​ក្តី​សម្រេច​នេះ​ទេ​”។ អ្នកស្រី​បាន​បន្ថែម​ថា ប្តីរបស់​អ្នកស្រីមិន​បាន​ធ្វើ​អ្វីខុស​ទេ​។

លោក វ៉ន ពៅ បានចូល​រួម​ធ្វើ​បាតុកម្ម​ទាម​ទារ​ប្រាក់​ខែគោល​១៦០​ដុល្លារ​នៅខាង​ក្រៅ​រោង​ចក្រ​យ៉ាកជីន  ក្នុង​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​កាលពីថ្ងៃទី​២ ខែមករា​ ដែល​នៅ​ពេល​នោះ​ទាហាន​មក​ពី​អង្គភាព​​ឆត្រ​យោង​លេខ​៩១១​ប្រដាប់​ដោយ​បំពង់​ទីប​និង​ដំបង​ឆក់​បាន​បង្ក្រាប​យ៉ាង​ឃោរ​ឃៅទៅ​​​​​លើ​ការ​តវ៉ា​អហិង្សា​​នោះ​។ លោក វ៉ន ពៅ និង​មនុស្ស​១០នាក់​ទៀត​ត្រូវ​បាន​ទាហាន​ទាំង​នោះ​វាយដំ​យ៉ាង​ធ្ងន់​ធ្ងរ​ឃាត់​ខ្លួន និង​នាំយក​ទៅឃុំ​ខ្លួន​នៅមណ្ឌល​អប់​រំ​​កែ​ប្រែ​ទី​៣​ក្នុងខេត្ត​កំពង់​ចាម​។

អ្នក​តវ៉ា​១៣​នាក់​ទៀត​​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣​ ខែមករា នៅខាង​ក្រៅ​សួន​​ឧស្សា​ហកម្ម​កាណាឌីយ៉ា បន្ទាប់​ពីកង​រាជអាវុធ​ហត្ថ​បាញ់​កាំភ្លើង​ទៅលើកម្មករ​ដែល​គប់​ដុំថ្ម​នៅ​តាម​ផ្លូវវេង​ស្រេង​ ធ្វើ​ឲ្យស្លាប់កម្មករ​ប្រាំនាក់​ និង​រង​របួស​យ៉ាង​ហោច​ណាស់​៤០នាក់​។ នៅពេល​មនុស្ស​ដែល​រង់ចាំនៅ​ខាង​ក្រៅ​​តុលាការ​​បាន​ឮពីការ​បដិសេធ​របស់​សាលាឧទ្ធរណ៍​ អ្នក​តវ៉ា​ជាច្រើន​​នាក់​បាន​​រុល​ចូល​ទៅ​ពីមុខ​ខ្លោង​ទ្វារ​សាលា​ឧទ្ធរណ៍ ហើយ​សាច់ញាតិ​របស់ជន​ជាប់ចោទបាន​យំ​ខ្សឹក​ខ្សួល​។

អ្នកស្រី ធឿន ធី ភរិយា​របស់​កម្មករ​ជាប់​ឃុំ​ឈ្មោះ ហឿន ដា ​បាននិយាយ​ថា “យើង​ពិត​ជា​ចង់​ឲ្យ​ពួក​គេ​ត្រឡប់​មក​វិញ​”។ អ្នកស្រី​បាន​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ដាក់​ទោស​ជន​ល្មើស​​ដែល​បាន​បាញ់​សម្លាប់​ប្រជាជន​ ប៉ុន្តែ បែ​រជាដាក់​ទោស​ និង​ឃុំខ្លួន​មនុស្ស​ស្លូត​ត្រង់​ទៅ​វិញ​?”។

លោក នី ចរិយា អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​មាន​​ប្រសាសន៍ថា  ​​ការសម្រេច​របស់​សាលា​​ឧទ្ធរណ៍​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ​។ លោកបាន​មាន​ប្រសាសន៍ថា “ តុលាការ​នេះ​បន្ត​ឃុំខ្លួន​ពួកគេ​ធ្វើ​​​ជា​យុទ្ធសាស្ត្រ​ដើម្បី​ប្រើ​​មនុស្ស​ទាំង​២១នាក់​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ភាព​ទាល់​ច្រក​ខាង​នយោបាយ​ ពី​ព្រោះ​កម្មករ​ និង​​សហជីព​​ត្រូវ​បាន​ភ្ជាប់​ទៅ​​នឹង​​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង​”។

​អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​ និង​​អន្តរ​ជាតិ​ ជាច្រើន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោល ​ទោស​កា​រសម្រេច​របស់​លា​លា​ឧទ្ធរណ៍​នេះ​​​ដែរ​ រួមមាន​ សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរ​ជាតិ​ អង្គការ​អាដហុក អង្គការ​លីកាដូ មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​​ អង្គការ​យុទ្ធ​នា​ការ​សម្លៀក ​បំពាក់ស្អាតស្អំនៅក្នុង​​ប្រទេស​ហូ​ឡង់។

ប្រហែល​១ម៉ោង​ក្រោយ​ពី​ចៅ​ក្រម​ប្រកាស​​សេចក្តីសម្រេច​នេះ​ អ្នក​តវ៉ា​ជា​ច្រើន​នាក់​បាន​ហែ​ក្បួន​តាម​​តីរវិថី​ព្រះ​ស៊ើ​សុវត្ថិ​ទៅ​កាន់​ព្រះ​អង្គដងកើ​នៅមុខ​​ព្រះ​បរម​រាជ​វាំង​ ដែលនៅ​ទីនោះ​ពួកគាត់​បាន​ចូល​រួម​​សូត្រ​ធម៌ដែល​ដឹកនាំដោយ​ព្រះសង្ឃ​​មក​ពី​បណ្តាញ​​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​។

មិន​យូរ​ប៉ុន្មាន​នគរបាល​បង្ក្រាប​បាតុកម្ម​ប្រហែល​១០០នាក់​បាន​ចូល​ទៅ​សួន​ច្បារ​មួយ​នៅ​ក្បែ​រនោះ ដោយ​ឈរ​រង​់ចាំនៅ​ទី​នោះ​រហូត​ដល់​ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ និមន្ត​ឆ្លង​ផ្លូវ​ទៅ​​កាន់​ព្រះ​បរម​រាជវាំង​។

​ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ បានមាន​​សង្ឃដីកា​តាម​ឧបករណ៍​បំពងសំឡេង​ទៅ​កាន់​នគរបាល​បង្ក្រាប​បាតុកម្ម​ដែល​បាន​ឈរ​តម្រង់​ជួរ​បិទ​ផ្លូវ​ព្រះ​អង្គ​​​ ​ហើយ​ព្រះ​អង្គ​គំរាម​ដុត​​ព្រះកាយ​ព្រះអង្គ​នៅមុខ​ព្រះ​បរម​រាជវាំង​ ប្រសិ​នបើ​មិន​ដោះលែង​អ្នក​ជាប់​ទោស​ទាំង​២១នាក់​នោះទេ​។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ រួម​ជាមួយ​ព្រះស​ង្ឃជាច្រើន​អង្គ ​និង​​អ្នក​តវា៉​ជា​ច្រើន​​នាក់​ទៀត​មក​ពី​សហគមន៍​បឹង​កក់​​បាន​​បន្ត​ប្រឈម​មុខ​ជាមួយ​នគរបាល​រហូត​ដល់​មាន​ការដាក់​នគរបាល​បង្ក្រាប​បាតុកម្ម​ប្រហែល​២០០នាក់​ទៀត​​ ហើយ​បាន​ចាប់​ផ្តើម​​រុញ​អ្នក​តវ៉ា​ឲ្យឆ្លង​ផ្លូវ​​នោះ​ទៅ​​ព្រះ​អង្គ​ដង​កើ​វិញ​។

សន្តិសុខ​សាលារាជធានី​មួយក្រុម​មាន​គ្នា​ប្រហែល​ជាង​២០នាក់​​ដែល​ពាក់មួក​ការ​ពារ​សុវត្ថិភាព​ពណ៌ខ្មៅ​ត្រូវ​បាន​ដាក់​នៅពេល​ក្រោយមក​ឲ្យ​បណ្តេញ​អ្នក​តវ៉ា​ដែល​នៅ​សេស​សល់​ចេញ រួមទាំង​ព្រះសង្ឃ​ផងដែរ។

នៅម៉ោង​១​រសៀល​ មិន​មាន​​អ្នក​តវ៉ា​នៅ​ជិត​ព្រះ​អង្គដង​កើ​​​ទៀត​ទេ​ ហើយ​នគរបាល​បង្ក្រាប​បាតុកម្ម​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ចេញ​អស់​ នៅពេល​ដែល​សន្តិសុខ​ទាំង​នោះ​ប្រមូល​​ផ្តុំ​គ្នា​ក្នុង​អគារ​នោះ​ដើម្បី​បាយ​ថ្ងៃ​ត្រង់​។

លោក អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជាធិបតេយ្យកម្មករ​កាត់​ដេរកម្ពុជា​បាន​​មាន​ប្រសាសន៍ថា សហជីពដែល​មិន​ជាប់​ពាក់​ព័ន្ធជាមួយ​រដ្ឋាភិបាល​ចំនួន​ប្រាំបួន​​នឹង​ជួប​ជុំគ្នា​នៅ​រសៀល​នេះ​ដើម្បី​​​រៀប​ចំ​សម្រាប់​ ការ​ធ្វើ​កូដ​កម្ម​ម្តង​ទៀត​​តវ៉ា​នឹង​ការ​ឃុំ​ខ្លួន​​កម្មករ​ និង​សកម្មជន​​ទាំង​២១នាក់​​។ លោក​ អាត់​ ធន់​ បាន​មាន​ប្រសាសន៍ថា “នៅពេល​យើង​សម្រេច​រួម​គ្នា​ហើយ​ យើង​នឹង​ផ្តល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​អំពីទីកន្លែង​ និង​ពេល​វេលា​ដែល​យើង​នឹង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​៕​គឹម​ហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស